កំពង់ចាម : ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម នៅ ថ្ងៃទី ១៧ ខែវិច្ឆិកា ឆ្នាំ ២០២១នេះ បាន ដឹកនាំកិច្ចប្រជុំគណៈបញ្ជាការឯកភាពខេត្ត ដើម្បីពិនិត្យការរៀបចំ ផែនការការពារ សន្តិសុខ សណ្តាប់ធ្នាប់ជូនថ្នាក់ដឹកនាំ ក្នុងពិធីសម្ពោធស្ពានមិត្តភាព កម្ពុជា-ចិន ស្ទឹងត្រង់-ក្រូចឆ្មារ និងបើកការដ្ឋានគម្រោងសាងសង់ ផ្លូវជាតិលេខ ៧១C ដែលនឹងប្រារព្ធឡើងនាពេលឆាប់ៗខាងមុខនេះ នៅលើទឹកដីស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម ។
ក្នុង កិច្ចប្រជុំ នេះដែរ ឯកឧត្តម អភិបាលខេត្ត បាន ថ្លែងថា ជា កិត្តិយស ណាស់ សម្រាប់ ខេត្តកំពង់ចាម ដែល សម្ដេចអគ្គមហាសេនាបតី តេ ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ ព្រះរាជាណាចក្រ កម្ពុជា បាន អញ្ជើញ ជា អធិបតី ក្នុង ពិធី សម្ពោធ ឲ្យ ប្រើប្រាស់ ជា ផ្លូវការ នូវ ស្ពាន មិត្តភាព កម្ពុជា – ចិន ស្ទឹងត្រង់ ក្រូចឆ្មា និង សម្ពោធ បើក ការដ្ឋាន ស្ថាបនា ផ្លូវ ៧១C ចេញពី ឃុំ ស្វាយទាប ស្រុក ចំការលើ ឆ្ពោះទៅដល់ ទី រួម ខេត្ត ត្បូងឃ្មុំ តែម្ដង ។
ឯកឧត្តម អភិបាលខេត្ត បាន មានប្រសាសន៍ បន្តថា ដូច្នេះ ដើម្បី ឆ្លើយតប ទៅនឹង ការផ្ដល់ កិត្តិយស របស់ សម្ដេច តេ ជោ មន្ត្រី ពាក់ព័ន្ធ ទាំងអស់ ត្រូវខិតខំ ប្រឹង ប្រែង ធ្វើ ការងារ ប្រកបដោយ ភាពទទួលខុសត្រូវ ខ្ពស់ ក្នុងការ រៀបចំ រក្សា សន្តិសុខ សណ្ដាប់ធ្នាប់ ជូន ថ្នាក់ដឹកនាំ គ្រប់លំដាប់ ថ្នាក់ ទាំងអស់ ដែល បាន អញ្ជើញ ចូលរួម ក្នុង ពិធី សម្ពោធ ស្ពាន មិត្តភាព ស្ទឹងត្រង់ ក្រូចឆ្មា នាពេល ឆាប់ៗ ខាងមុខនេះ ៕

