បន្ទាយមានជ័យ៖ ផ្អើលអស់ក្រុងប៉ោយប៉ែត ករណីបាញ់គ្នាប្រមាណ២០គ្រាប់ នៅហាងផឹកស៊ីកុងតឺន័រ ABCផ្សាររាត្រីទឹកពុះ ក្រុងប៉ោយប៉ែត ធ្វើឲ្យមានអ្នករបួសជាច្រើននាក់ និងប៉េអឹម៣នាក់រងរបួសធ្ងន់ស្រាលផងដែរ។ ហេតុការណ៍នេះបានកើតឡើង នៅវេលាម៉ោង២៣.៤០នាទី ថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២១ ក្នុងភូមិក្បាលស្ពាន សង្កាត់.ក្រុងប៉ោយប៉ែត។
ប្រភពកន្លែងកើតហេតុ បានប្រាប់ថា ករណីនេះកើតឡើងដោយរវាងជនជាតិខ្មែរ និងជនជាតិថៃបង្កជំលោះគ្នា កើតជាអំពើហិង្សា វាយប្រតាយប្រតប់គ្នា និងខាងភាគីខ្មែរទាញកាំភ្លើងបាញ់ផ្អើលធ្វើឲ្យមានអ្នករបួសធ្ងន់ស្រាលជាច្រើននាក់។ ប្រភពបានបន្តថា ដើមដំបូងដោយសារភាគីខ្មែរជាអ្នកកាងម្ចាស់ហាងស្រី ជាជនជាតិថៃ ទំនងផឹកស៊ីស្រវឹងឌឺដងផ្លែផ្កាដាក់គ្នាជាមួយភាគីថៃទើបកើតរឿងតែម្តង បន្ទាប់ពីកើតហេតុ ឃើញមានកម្លាំងកងរាជអាវុធហត្ថចុះទៅបង្ក្រាបនិងចាប់ឃាត់មនុស្សបានជាង១០នាក់ផងដែរ។
ដោយឡែកការបកស្រាយរបស់លោកឧត្តមសេនីយ៍ បោន ប៊ិន មេបញ្ជាការអាវុធហត្ថខេត្តបន្ទាយមានជ័យបានបញ្ជាក់ថា ករណីផ្ទុះអាវុធនៅប៉ោយប៉ែតនេះ គឺជាការចុះបង្ក្រាបរបស់សមត្ថកិច្ច ចំពោះជនជាតិថៃមួយក្រុមនិងក្រុមកាងជនជាតិថៃដែលបង្កការអុកឡុក ធ្វើឲ្យមានបញ្ហាប៉ះពាល់សណ្តាប់ធ្នាប់សាធារណៈ ។ក្រុមបង្ករទាំងនោះបានប្រើដប គប់មកលើកម្លាំងអាវុធហត្ថ ព្រមទាំងបានប្រើអាវុធបាញ់មកលើសមត្ថកិច្ច បណ្តាលឲ្យកម្លាំងអាវុធហត្ថរងរបួស៣នាក់ក្នុងនោះកម្លាំងអាវុធហត្ថម្នាក់ត្រូវគ្រាប់កាំភ្លើងដែលជនបង្កបាញ់ធ្លាយថ្ពាល់ និងថ្គាមពីម្ខាងទៅម្ខាងរបួសធ្ងន់ ទើបកម្លាំងសមត្ថកិច្ចសម្រេចចិត្តបាញ់ឡើងលើជាច្រើនគ្រាប់ដើម្បីទប់ទល់ស្ថានការណ៍ ជាលទ្ធផលសមត្ថកិច្ចចាប់ខ្លួនក្រុមបង្ករទាំងនេះបាន១៥នាក់ និងកំពុងបន្តស្វែងរកចាប់ខ្លួនបក្សពួកក្រុមបង្ករបញ្ហាបន្តបន្ទាប់ទៀត ។
គួរបញ្ជាក់ថា ហាងផឹកស៊ីកុងតឺន័រ ABC ផ្សាររាត្រីទឹកពុះ ក្រុងប៉ោយប៉ែតនេះ មានមនុស្សច្រើនផឹកស៊ីរាំហ៊ោកញ្ច្រៀវ មានទាំងភ្ញៀវជាតិ និងអន្តរជាតិ ហ៊ានបើកហាង ល្មើសវិធានការសុខាភិបាល ក៏ដូចជាវិធានការរបស់រាជរដ្ឋាភិបាលកម្ពុជាផងដែរ។ ទំនងដែរថា ហាងផឹកស៊ីមួយនេះ តើអាចនិងមានអ្នកកាង ឬពាក់ព័ន្ធផលប្រយោជន៍ដែលទេ? ទើបបានជារដ្ឋបាលខេត្តបន្ទាយមានជ័យ និងរដ្ឋបាលក្រុងប៉ោយប៉ែត រួមសមត្ថកិច្ច មន្ត្រីជំនាញពាក់ព័ន្ធ មិនហ៊ានធ្វើការបង្ក្រាបនោះឡើយ ដែលហាងមួយនេះ បានបើកដំណើររាប់ខែមកហើយ៕ (សៅ នៅ)

