កណ្ដាល ៖ បុរសម្នាក់ត្រូវបានខ្មាន់កាំភ្លើងបាញ់ប្រហារដោយកាំភ្លើងខ្លី បណ្ដាលឱ្យស្លាប់ភ្លាមៗកើតឡើងនៅលើកណាត់ផ្លូវK383 ខណៈដែលជនរងគ្រោះកំពុងជិះម៉ូតូ ដែល ករណីឃាតកម្មនេះបានកើតឡើងនៅថ្ងៃទី២០ ខែវិច្ឆិកាឆ្នាំ២០២១ ស្ថិតក្នុងភូមិថ្មី ឃុំសន្លុង ស្រុកខ្សាច់កណ្ដាល ខេត្តកណ្ដាល។
ប៉ូលិសនិយាយថា ជនរងគ្រោះឈ្មោះ ឆែម ឆា ភេទប្រុសអាយុ៦៤ឆ្នាំ ជនជាតិខ្មែរ មុខរបរ កសិករ មានទីលំនៅភូមិ ឃុំកើតហេតុ (ស្លាប់នៅនឹងកន្លែងកើតហេតុ) មានរបួសស្នាម ក្បាលចំហៀងខាងឆ្វេង០១កន្លែង។ វត្ថុតាងចាប់យក សំបកគ្រាប់កាំភ្លើងខ្លីម៉ាកK59 ចំនួន០៤គ្រាប់។ ចំណែកជនសង្ស័យមិនស្គាល់អត្តសញ្ញាណគេចខ្លួនបាត់ ។
ប្រភព ពីកន្លែងកើតហេតុបានឱ្យដឹងថា នៅថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២១ វេលាម៉ោង៣ និង៣០នាទីរសៀល ជនរងគ្រោះបានជិះម៉ូតូមួយគ្រឿម៉ាកវ៉េវពណ៌ស គ្មានស្លាកលេខ ជិះទៅបើកភ្លើងនៅផ្ទះ ស្ថិតក្នុងភូមិថ្មី ឃុំសន្លុង ស្រុកខ្សាច់កណ្ដាល ,ពេលបើកភ្លើងរួចជន រងគ្រោះបានជិះម៉ូតូត្រឡប់មកផ្ទះនៅ ភូមិដុល ឃុំសន្លុង ស្រុកខ្សាច់កណ្តាលវិញ។
លុះពេលជិះមកដល់ចំណុចកើតហេតុក៏ត្រូវជនសង្ស័យមិនស្គាល់អត្តសញ្ញាណបាញ់បណ្ដាលឱ្យដួលស្លាប់នៅនឹងកន្លែង, ដោយនៅកន្លែងកើតហេតុបន្សល់នូវសំបកគ្រាប់K59 ចំនួន០៤គ្រាប់។
ចំពោះករណីឃាតកម្មខាងលើនេះ ប៉ូលិសខេត្ត ស្រុកបាននិងកំពុងចុះស្រាវជ្រាវជុំវិញកន្លែងកើតហេតុ ដើម្បីស្វែងរកចាប់ខ្លួនមកផ្តន្ទាទោសតាមច្បាប់៕ដោយ ភាវុន

