សមត្ថកិច្ច ចាប់ឃាត់ខ្លួនបាន ជនសង្ស័យ ម្នាក់ ហេីយ បន្ទាប់ពីរំលោភសម្លាប់ យុវតី ម្នាក់ នៅស្រុកចំការលើ

កំពង់ចាម :  បេីតាមព័ត៌មានជាបឋម ករណី(រំលោភសម្លាប់) ដែលប្រព្រឹត្តនៅចំណុចចំការពោត ស្ថិតក្នុងភូមិ១១ ឃុំចំការអណ្តូង ស្រុកចំការលើ ខេត្តកំពង់ចាម  សមត្ថកិច្ច បាន ធ្វើ ការ ស្រាវជ្រាវ រហូត ឈាន ដល់ ចាប់ ឃាត់ខ្លួន បាន ជនសង្ស័យ  ម្នាក់  កាលពីវេលាម៉ោង២នឹង១៥នាទី ថ្ងៃទី២២  ខែវិច្ឆិកា ឆ្នាំ២០២១  នៅចំណុចក្នុងព្រៃចំការក្រោយវត្ត មណ្ឌលវិប្បសនា ភូមិប៉ាង ឃុំជីនាង ស្រុកតាំងគោក ខេត្តកំពង់ធំ ។

គួរ រំលឹក ថា  កាលពី ថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២១ វេលាម៉ោង១៨ : ៤០នាទី សមត្ថកិច្ចប៉ុស្តិ៍នគរបាលចំការអណ្តូង បានទទួលព័ត៌មានពីឈ្មោះ អាន សុខលីន ភេទស្រី អាយុ១៨ឆ្នាំ បានមករាយការណ៍ប្រាប់សមត្ថកិច្ចថា បានបាត់មិត្តភក្តិម្នាក់(ជនរងគ្រោះ) ឈ្មោះ ឌីម ម៉េងជូរ ភេទស្រី អាយុ១៨ឆ្នាំ ដែលចេញពីរៀនគួរជាមួយគ្នា ហើយត្រូវបានប្រទះឃើញដេកស្លាប់ នៅកន្លែងកើតហេតុ នៅចំណុចចំការពោតខាងកើត ចម្ងាយប្រហែល១៥០០ម៉ែត្រពី ភូមិ១១ ឃុំចំការអណ្តូង ស្រុកចំការលើ ខេត្តកំពង់ចាម ។

បន្ទាប់មកសមត្ថកិច្ច បានចុះទៅដល់កន្លែងកើតហេតុ បង្កើតគណៈកម្មការពិនិត្យសាកសពគឺ ពិតជាករណីរំលោភសម្លាប់ពិតមែន ដោយនៅលើខ្លួនប្រាណជនរងគ្រោះមានស្នាមច្របាច់ក  និងវាយលើផ្ទៃមុខរបស់ជនរងគ្រោះ នៅត្រង់ប្រដាប់ភេទមានធ្លាក់ឈាម ហើយរកឃើញស្បែកជើងបុរសចំនួន០១គូ និង សម្ភារៈ មួយចំនួន ផងដែរ  ។

ផ្អែកតាមការស្រាវជ្រាវសមត្ថកិច្ចជំនាញ កំណត់បានថា ជនសង្ស័យមានឈ្មោះ ម៉ាប់ កំសត់  ហៅអាលាន ភេទប្រុស អាយុ១៦ឆ្នាំ រស់នៅភូមិ-ឃុំ ជាមួយគ្នា បានធ្វើសកម្មភាពខណៈពេលដែលជនរងគ្រោះកំពុងធ្វើដំណើរ ពីសាលារៀនត្រឡប់មកផ្ទះវិញ ដល់ចំណុចកើតហេតុនៅព្រៃចំការពោត ។

បេីតាមចម្លើយបឋម ជនសង្ស័យបានសារភាពថាខ្លួនពិតជាបានធ្វើសកម្មភាព រំលោភ និងសម្លាប់ ហើយយកទូរស័ព្ទជនរងគ្រោះទៅលក់នៅភ្នំពេញ បានតម្លៃម្ភៃម៉ឺនរៀល យកទៅទិញខោអាវហើយជិះឡានត្រឡប់មកស្រុកវិញ ។

បច្ចុប្បន្ន  សមត្ថកិច្ចជំនាញ កំពុងកសាងសំណុំរឿងតាមនីតិវិធីច្បាប់  ដេីម្បីបញ្ជូនទៅតុលាការ ៕

Leave a Reply

Your email address will not be published. Required fields are marked *