ខេត្តស្វាយរៀង៖នៅថ្ងៃចន្ទ ៣រោច ខែកត្តិក ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ ២០២១ លោក ថន ថាវុទ្ធា អភិបាល នៃគណៈអភិបាលស្រុកចន្រ្ទាបាន អញ្ជើញជាអធិបតីក្នុងពិធីប្រកាសចូលកាន់មុខតំណែង លោកស្រី សោម អិត សមាជិកក្រុមប្រឹក្សាឃុំសំរោង ស្រុកចន្ទ្រា ជំនួសលោក ខឹម សៀ ដែលបានទទួលមរណៈភាពកន្លងទៅថ្មីៗនេះ។
មានប្រសាសន៍ក្នុងឱកាសនោះ លោក ថន ថាវុទ្ធា អភិបាល នៃគណ:អភិបាលស្រុកបានពាំនាំសួរសុខទុក្ខ ដល់លោកមេឃុំ ក្រុមប្រឹក្សាឃុំ ស្មៀនឃុំ យុវជនសសយកឃុំ លោកនាយប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំ លោកមេភូមិអនុភូមិ និងជំនួយការភូមិដោយសេចក្ដីនឹករលឹកពីសំណាក់ឯកឧត្តមនាយឧត្តមសេនីយ៍ មុឹង សំផន ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះជួយមូលដ្ឋានស្រុកចន្ទ្រា ជាពិសេសឯកឧត្តម ម៉ែន វិបុល អភិបាលនៃគណៈអភិបាលខេត្តស្វាយរៀង ជូនដល់លោកមេ ក្រុមប្រឹក្សាឃុំបងប្អូនប្រជាពលរដ្ឋដោយក្តីនឹករលឹកដែលជានិច្ចកាល ឯកឧត្តមប្រធានក្រុមការងារ និងឯកឧត្តមអភិបាលខេត្ត តែងតែយកចិត្តទុកដាក់គិតគូរចំពោះសុខទុក្ខប្រជាពលរដ្ឋគ្រប់រូប មិនប្រកាន់វណ្ណៈ ពណ៌សម្បុរ ជំនឿ សាសនា ឬនិន្នាការនយោបាយណាមួយឡើយ ។
លោកអភិបាលស្រុកសូមផ្តាំផ្ញើបន្ថែមដល់លោក មេឃុំ ក្រុមប្រឹក្សាឃុំជាពិសេស លោកស្រី សោម អិតដែលចូលកាន់មុខតំណែងថ្មីនៅថ្ងៃនេះដូចជាលោកមេភូមិ អនុប្រធានភូមិ និងជំនួយការភូមិ យុវជនសយកឃុំត្រូវជួយផ្សព្វផ្សាយបងប្អូនប្រជាពលរដ្ឋទាំងអស់ ដែលមិនទាន់បានចាក់វ៉ាក់សាំងសូមអញ្ជើញទៅចាក់សាំងឲ្យបានគ្រប់ៗគ្នានៅទីតាំងក្នុងស្រុកចន្ទ្រាគឺនៅមណ្ឌលសុខភាព មេសរថ្ងក និងសូមមានការប្រុងប្រយ័ត្នខ្ពស់បំផុតក្នុងការថែរក្សាសុខភាព ។
ហើយកត្តាដែលសំខាន់នោះ គឺការរស់នៅត្រូវប្រកាន់យកនៅការរស់នៅស្អាត ពិសារទឹកដាំពុះ ហូបស្អាត សម្អាតបរិស្ថានជុំវិញផ្ទះ ណែនាំកូនចៅឲ្យគោរពច្បាប់ចរាចណ៍ គេងក្នុងមុងដើម្បីការពារជំងឺគ្រុនឈាម ហើយត្រូវដាំដំណាំ ចិញ្ចឹមសត្វ ដើម្បីផ្គត់ផ្គង់ជីវភាពប្រចាំថ្ងៃ ជាពិសេស សូមក្រើនរម្លឹកដល់ប្រជាពលរដ្ឋនៅតាមមូលដ្ឋានកុំឲ្យធ្វេសប្រហេសពីជំងឺកូវីដ-១៩ នេះឱ្យសោះ ត្រូវអនុវត្តន៍តាមការណែនាំរបស់ សម្ដេចអគ្គមហាសេនាបតីតេជោហ៊ុនសែននាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងក្រសួងសុខាភិបាល ៣កុំ ៣ការពារ ព្រោះមួយរយៈពេលដ៏ខ្លីនេះ មានករណីឆ្លងថ្មីទៀតដោយជំងឺដ៏កាចសាហាវមួយនេះនៅក្នុងប្រទេសយើង។

