កំពង់ធំ៖ មន្ទីរពាណិជ្ជកម្មខេត្តកំពង់ធំ ផ្តល់អណ្តូងប្រើប្រាស់ថាមពលពន្លឺព្រះអាទិត្យសម្រាប់បូមទឹកដល់កសិករ ដើម្បីបង្កើនការដាំដុះបន្លែផ្សេងៗក្នុងរដូវប្រាំង។
លោក ហៀវ វណ្ណា ប្រធានមន្ទីរពាណិជ្ជកម្មខេត្តកំពង់ធំ ប្រាប់ ឲ្យដឹងថា មន្ទីរពាណិជ្ជកម្មខេត្តកំពង់ធំ ក្រោមកិច្ចសហការពីគម្រោងជំរុញទីផ្សារសម្រាប់កសិកម្មខ្នាតតូច (អេមស៍) និងស្វែងរកទីផ្សារបន្ថែម ក្នុងឆ្នាំ២០២១ បានផ្តល់អណ្តូងបូមទឹកដោយប្រើប្រាស់ថាមពលពន្លឺព្រះអាទិត្យចំនួន ៤កន្លែង ដើម្បីជួយដល់កសិករក្នុងសកម្មភាពបង្កើនការដាំដុះបន្លែផ្សេងៗក្នុងរដូវប្រាំង។
លោកបន្តថា អណ្តូងទាំងអស់នេះ ត្រូវបានសាងសង់រួចរាល់ និងកំពុងប្រើប្រាស់ដោយកសិករក្នុងការតភ្ជាប់ជាបណ្តោញ ទៅកាន់ប្រព័ន្ធទ្រីបស្រោចស្រពការដាំដុះដំណាំរួមផ្សំជាច្រើនគ្រួសារ។
អណ្តូងមួយកន្លែងមានកសិករយ៉ាងហោចណាស់ចំនួនជា ១០គ្រួសារ ប្រកបមុខរបរដាំបន្លែប្រើប្រាស់លើការស្រោចស្រព និងមួយផ្នែកទៀតអាចប្រើប្រាស់ទឹកសម្រាប់គ្រួសារប្រចាំថ្ងៃ។
លោកបន្ថែមថា ក្រៅពីការផ្តល់អណ្តូងបូមទឹកដោយប្រើប្រាស់ថាមពលពន្លឺព្រះអាទិត្យគម្រោងជំរុញទីផ្សារសម្រាប់កសិកម្មខ្នាតតូច (អេមស៍) ផ្តល់រោងសម្រាប់ប្រមូលផ្តុំបន្លែរបស់កសិករក្នុងគម្រោង និងផ្តល់ថាវិកាសម្រាប់ចិញ្ចឹមមាន់ផងដែរ។ ទន្ទឹមនេះ គម្រោងបានបង្កើតកម្មវិធីចុះទស្សនកិច្ចសិក្សាផ្លាស់ប្តូរបទពិសោធន៍ដាំដុះបន្លែ និងស្វែងរកទីផ្សារ ដល់តំណាំងកសិករដើម្បីផ្តល់ឱកាសដល់កសិករបានសិក្សាស្វែងយល់បន្លែមពីវិធីដាំដុះ ពីការជ្រើសរើសពូជ ការកែលម្អរដី និងបង្កើតទីផ្សារបន្លែម ដែលមានការចូលរួមពីអាជ្ញាធរភូមិ-ឃុំ និងតំណាងក្រុមផលិត។
ធ្វើឲ្យកសិករទទួលបានចំណេះដឹងថ្មីៗ ពីការដាំដុះបន្លែតាមបច្ចេកទេស យល់ដឹងពីការរៀបចំដី, ការជ្រើសរើសពូជបន្លែ, អាយុកាលបន្លែក្នុងការប្រើប្រាស់ថ្នាំ,ការរៀបចំដី, ការៀបចំតប្រព័ន្ធទ្រីប ការរៀបចំជីកំប៉ុសធម្មជាតិ យល់ដឹងបន្ថែមពីការថែរទាំដំណាំនៅពេលមានជំងឺ យល់ដឹងបន្ថែមពីដំណើរការផលិតកម្មបន្លែ(ស្ពៃ,សណ្តែកគួរ, ត្រសក់ទ្រើង, ដំឡូងជ្វា, ប៉េង់ប៉ោះឈឺរី) ជាពិសេសនោះកសិករយល់ដឹងបន្ថែមពីដំណោះស្រាយបញ្ហាទីផ្សារ ការរៀបចំផែនការផលិតសម្រាប់ផ្គត់ផ្គងដល់ផ្សារទំនើប និងការអនុវត្តន៍ទីផ្សារកិច្ចសន្យាទិញ-លក់ជាមួយអ្នកប្រមូលទិញទៀតផង។

