កណ្តាល ៖ ឃាតករ៣នាក់បងប្អូនបង្កើត បានព្រួតគ្នាវាយនិងកាប់សម្លាប់បុរសម្នាក់អូសបោះចោលក្នុងទឹកព្រែក រួចយកកំប្លោកគ្របពីលើដោយចោទថា«ជាគ្រូធ្មប់»ត្រូវបានសមត្ថកិច្ចចម្រុះបើកការស្រាវជ្រាវឈានដល់ចាប់ខ្លួនបានឃាតករ២នាក់ នៅសល់ម្នាក់ ដែលអំពើឃាតកម្មខាងលើនេះកើតឡើងកាលពីថ្ងៃបុណ្យអុំទូកទី២ គឺថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ ២០២១ វេលាម៉ោង ១០យប់ នៅចំណុចលើផ្លូវព្រែកកំពង់រទេះ ភូមិកំពង់រទេះ ឃុំកោះចិន ស្រុកពញាឮ ខេត្តកណ្តាល ។
សមត្ថកិច្ចនិយាយថា ជនរងគ្រោះឈ្មោះ ចិន្តា សុវណ្ណារិទ្ធិ ភេទប្រុស អាយុ៤១ឆ្នាំ ជនជាតិខ្មែរ មុខរបរកម្មករសំណង់ មានទីលំនៅភូមិកំពង់រទេះ ឃុំកោះចិន ស្រុកពញាឮ ខេត្តកណ្តាល ត្រូវឃាតករ៣នាក់បងប្អូនវាយនិងកាប់សម្លាប់យ៉ាងព្រៃផ្សៃ ដោយចោទថា«ជាគ្រូធ្មប់»។
ចំណែកជនសង្ស័យ៣នាក់បងប្អូនប៉ូលិសឃាត់ខ្លួនបាន២នាក់ គេចខ្លួនម្នាក់រួមមាន ១-ឈ្មោះ ផន សីហាក់ ហៅផៃ ភេទប្រុស អាយុ៣៤ឆ្នាំ ជនជាតិខ្មែរ មុខរបរកសិករ មានទីលំនៅភូមិ កំពង់រទេះ ឃុំ កោះចិន ស្រុកពញាឮ ខេត្តកណ្តាល ត្រូវជាបងបង្កើត,២-ឈ្មោះ ផន សីហា ភេទប្រុស អាយុ៣៣ឆ្នាំ ជនជាតិខ្មែរ មុខរបរកម្មករសំណង់ មានទីលំនៅភូមិ អណ្តូងពោធិ៍ ឃុំក្រឡា ស្រុកកំពង់សៀម ខេត្តកំពងចាម ត្រូវជាប្អូនបង្កើត,ជនសង្ស័យមានសារធាតុញៀនក្នុងទឹកនោម(+)និង៣-ឈ្មោះ ផន សីឡូត ភេទប្រុស អាយុ៣០ឆ្នាំ ជនជាតិខ្មែរ មុខរបរលក់ដូរ មានទីលំនៅស្នាក់នៅផ្ទះបន្ទប់ជួល សង្កាត់កន្ទោក ខណ្ឌកំបូល រាជធានី ភ្នំពេញ ត្រូវជាប្អូនបង្កើត(គេចខ្លួន)។
វត្ថុតាងចាប់យករួមមាន កាំបិតកញ្ចែត ដងធ្វើពីឫស្សីផ្លែដែកប្រវែង៥៥ស.ម. ចំនួនមួយ, ញញួរធ្វើពីឈើផ្លែដែកប្រវែង ៣៤ស.ម. ចំនួនមួយ(បាក់ជាពីរកំណាត់),នាឡិកា ម៉ាក OTS ក្បាលនិងខ្សែពីដែកដាច់គន្លឹះចំនួនមួយ, ស្បែកជើងស៊កធ្វើពីជ័រពណ៌ខ្មៅ១ចំហៀងខាងស្ដាំ, បារី ម៉ាក Crown ចំនួន ០១ កញ្ចប់និងដែកកេះ ចំនួនមួយ។
សមត្ថកិច្ចបន្តថា កាលពីថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២១ វេលាម៉ោង៦ព្រឹក ឈ្មោះ ចន ចាន់ណយ ភេទស្រី អាយុ២២ឆ្នាំ ត្រូវជាកូនចុងរបស់ជនរងគ្រោះបានទៅរាយការណ៍ប្រាប់មេភូមិកំពង់រទេះ ថា «នាងបានបាត់ឪពុកចុងរបស់ខ្លួនឈ្មោះចិន្តា សុវណ្ណារិទ្ធិ ពីផ្ទះកាលពីវេលាម៉ោង៣ទៀបភ្លឺ និងឃើញមានស្នាមឈាម នៅលើដីផ្លូវចុះកំពង់ទឹកក្បែរស្ពានកំពង់រទេះ»។
បន្ទាប់មកលោកមេភូមិកំពង់រទេះបានទៅមើលនៅលើផ្លូវចុះកំពង់ទឹកព្រែកកំពុងរទេះ បានឃើញមានស្នាមឈាមច្រើន ,ភ្លាមនោះក៏រាយការណ៍ប្រាប់ប៉ូលិសប៉ុស្តិ៍កោះចិន ហើយកម្លាំងប៉ុស្តិ៍សហការជាមួយកម្លាំងប៉ូលិសផ្នែកជំនាញបានចុះមកកន្លែងកើតហេតុនិងបានឃើញមានជើងមនុស្សពុំស្គាល់អត្តសញ្ញាណស្លាប់នៅក្នុងទឹកព្រែកកប់និងកំផ្លោក ក៏រាយការណ៍ប្រាប់លោកអធិការ ។
សមត្ថកិច្ចបន្តថា ក្រោយមកកម្លាំងប៉ូលិសជំនាញការិយាល័យបច្ចេកទេសនិងវិទ្យាសាស្ត្រ បានសហការជាមួយកម្លាំងប៉ូលិសការិយាល័យព្រហ្មទណ្ឌកម្រិតធ្ងន់, កម្លាំងប៉ូលិសជំនាញព្រហ្មទណ្ឌស្រុកពញាឮ ,កម្លាំងប៉ូលិសផ្នែកពិនិត្យវិភាគកន្លែងកើតហេតុ និងមានការចូលរួមពី ក្រុមប្រឹក្សាឃុំ មេភូមិ គ្រូពេទ្យ ធ្វើការពិនិត្យសាកសពយ៉ាងហ្មត់ចត់។
ក្រោយពេលពិនិត្យឃើញថា សាកសពស្លៀកខោយឺតជើងខ្លីចង្កេះកៅស៊ូ ពណ៌ប្រផេះ ពាក់អាវយឺតដៃខ្លីកមូល ពណ៌ខៀវ មានរូបសញ្ញា CBE ,ស្នាមរបួសបំពង់កដាច់ពីខាងមុខដល់ឆ្អឹងកងក,ស្នាមខ្ទេចឆ្អឹងប្រវែង ១,៨cm. x ៧cm. ,ស្នាមរបួសលើចង្ការរាងបញ្ឆិតជម្រៅដល់ឆ្អឹងប្រវែង ៦cm, ស្នាមរបួសលើចង្ការរាងកោងជំរៅដល់ឆ្អឹង ប្រវែង ៣cm., ស្នាមរបួស លើក្រញ៉ចង្អុលដៃជម្រៅដល់ឆ្អឹងប្រវែង ៣cm. ស្នាមរបួសលើឆ្អឹងដងកាំបិតពីខាងមុខ ប្រវែង ១៥cm x ១cm. ស្នាមរបួសលើស្មាខាងឆ្វេងផ្នែកខាងក្រោយជម្រៅដល់ឆ្អឹងប្រវែង ១២cm x ២cm. ស្នាមរបួស រយះចំហៀងខាងឆ្វេងពាក់កណ្តាលត្រចៀកជម្រៅដល់ឆ្អឹង ពីឆ្អឹងថ្ពាល់គល់កន្ទុយភ្នែករហូតគុម្ពត្រចៀកផ្នែកខាងក្រោយ ប្រវែង ១៣cm x ១cm. ស្នាមរបួស ផ្នែកចំហៀងលើក្បាលពីក្រោយខាងឆ្វេង ប្រវែង ២cm x ១cm. មានបារីម៉ាកcrown ចំនួន០១កញ្ចប់ និងដែកកេះ ចំនួន០១ នៅក្នុងហ៊ៅប៉ៅខោខាងស្តាំ និហមានដបស្រាថ្នាំ ចំនួន០១ដប ក្បែរកន្លែងកើតហេតុ។
សមត្ថកិច្ចចម្រុះបានសន្ឋិដ្ឋានថា «សាកសពស្លាប់ដោយ អំពើឃាតកម្ម និងបានប្រគល់សាកសពជូនប្រពន្ធជនរងគ្រោះធ្វើបុណ្យតាមប្រពៃណី» ។ នៅពេលនោះកម្លាំងប៉ូលិសប៉ុស្តិ៍និងប៉ូលិសផ្នែកជំនាញស្រុកសហការជាមួយកម្លាំងប៉ូលិសការិយាល័យព្រហ្មទណ្ឌកម្រិតធ្ងន់ខេត្តកណ្តាលបានប្រមែប្រមូលព័ត៌មាននៅជុំវិញកន្លែងកើតហេតុនិងធ្វើកំណត់ហេតុបំភ្លឺពីគ្រួសារជនរងគ្រោះ។
សមត្ថកិច្ចបន្តថា អនុវត្តតាមបញ្ជាពីលោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត ស្នងការប៉ូលិស ខេត្តកណ្តាល ដឹកនាំសម្របសម្រួលពីលោក ឯក ស៊ុនរស្មី ព្រះរាជអាជ្ញារង អមសាលាដំបូងខេត្តកណ្តាល ដោយមានការដឹកនាំផ្ទាល់ ពីលោក ស្នងការរង ផែនការងារព្រហ្មទណ្ឌកម្រិតធ្ងន់ លោកនាយការិយាល័យ និងមន្ត្រីជំនាញរបស់ស្នងការដ្ឋានខេត្តកណ្តាល នៅថ្ងៃទី ២១ ខែ វិច្ឆិកា ឆ្នាំ ២០២១ កម្លាំងប៉ូលិសបានឈានទៅដល់កំណត់ ឃាត់ខ្លួនមុខសញ្ញាសង្ស័យឈ្មោះ ផន សីហាក់ ហៅផៃ ភេទប្រុស មកសាកសួរ ។
ដំបូងជនសង្ស័យឈ្មោះផន សីហាក់ ហៅផៃ បានសារភាពប្រាប់សមត្ថកិច្ចថា «ខ្លួនរូបខ្លួននិងប្អូនប្រុសបង្កើតចំនួនពីរនាក់ខាងលើបាននាំគ្នាទិញស្រាបៀរចំនួនកន្លះកេស យកមកផឹកនៅក្នុងផ្ទះខ្លួន(ឈ្មោះផន សីហាក់) ។ពេលដែលកំពុងផឹកស្រាបៀរអស់ម្នាក់ចំនួនពីរទៅបីកំប៉ុង ជួនពេលនោះជនសង្ស័យឈ្មោះ ផន សីហាបាននិយាយប្រាប់រូបខ្លួននិងជនសង្ស័យឈ្មោះផន សីឡូតថា«អម្បាញ់មិញអញ បានឃើញអាគ្រូធ្មប់(ជនរងគ្រោះឈ្មោះ ចិន្តា សុវណ្ណារិទ្ធិ) ដើរកាត់មុខផ្ទះទៅត្បូង»។
បុរស ផន សីហាក់ បន្តថា បានមួយសន្ទុះជនសង្ស័យឈ្មោះផន សីហា ចេញទៅនោមខាងក្រៅផ្ទះ រួចក៏ត្រឡប់ចូលមកវិញបាននិយាយប្រាប់ថា «អាធ្មប់វា កំពុងអង្គុយនៅលើផ្លូវមាត់ព្រែក!» ភ្លាមនោះជនសង្ស័យឈ្មោះ ផន សីហា បានយកញញួរដងធ្វើពីឈើផ្លែដែក ចំណែកខ្លួនបានយកកាំបិតកញ្ចែតដងធ្វើពីឫស្សីប្រវែង ៥៥ស.ម. សំរាប់ហាន់ដើមចេក មកកាន់នឹងដៃ, ឯជនសង្ស័យឈ្មោះ ផន សីឡូត ពុំមានកាន់អ្វីនឹងដៃទេមានពាក់នាឡិកា ។
បន្ទាប់មកពួកខ្លួនបានដើរសំដៅទៅកន្លែងដែរជនរងគ្រោះកំពុងអង្គុយបែរមុខទៅទិសខាងលិច និងមានដបស្រាថ្នាំចំនួនកន្លះលីត្រនៅក្បែរខ្លួន ពេលទៅដល់ជនរងគ្រោះឈ្មោះ ចិន្តា សុវណ្ណារិទ្ធិ បានសួរមកពួកខ្លួនទាំងបីនាក់ថា«ពួកឯងនាំគ្នាទៅណា?»ខណៈពេលនោះជនសង្ស័យឈ្មោះ ផន សីហា បានយកញញួរដែលកាន់នឹងដៃស្រាប់នោះ វាយទៅលើជនរងគ្រោះចំនួន០១ញញួរ ចំក្បាលបណ្តាលឱ្យជនរងគ្រោះឈ្មោះ ចិន្តា សុវណ្ណារិទ្ធិ ដួលសន្លប់ និងបាក់ដងញញួរជាពីរកំណាត់នៅកន្លែងកើតហេតុ ។
ឆ្លៀតពេលនោះ រូបខ្លួនបានយកកាំបិតកញ្ចែតដែលកាន់នឹងដៃស្រាប់នោះ កាប់ទៅលើជនរងគ្រោះបន្ថែមទៀត ចំត្រចៀកខាងឆ្វេង រួចហើយជនសង្ស័យឈ្មោះ ផន សីហា ក៏ឆក់កាំបិតពីដៃរបស់ខ្លួនទៅកាប់លើជនរងគ្រោះឈ្មោះ ចិន្តា សុវណ្ណារិទ្ធិ ចំខាងមុខ ។ភ្លាមនោះជនសង្ស័យឈ្មោះ ផន សីឡូត បានដណ្តើមកាំបិតពីដៃរបស់ជនសង្ស័យឈ្មោះផន សីហា មកកាន់វិញម្តង ។
ភ្លាមនោះជនសង្ស័យឈ្មោះ ផន សីឡូត និងជនសង្ស័យឈ្មោះ ផន សីហា បាននាំគ្នា កាន់ជើងរបស់ជនរងគ្រោះម្នាក់ម្ខាងទាញអូសជនរងគ្រោះទម្លាក់ពីលើផ្លូវ ចុះមកក្បែរមាត់ព្រែករួចហើយជនសង្ស័យឈ្មោះ ផន សីឡូត បានយកកាំបិតកាប់ទៅលើជនរងគ្រោះចំកខាងមុខបន្ថែមទៀត។ ក្នុងពេលនោះផងដែរ ជនសង្ស័យឈ្មោះ ផន សីហា បានចុះវែកកំផ្លោកក្នុងទឹកព្រែក រួចក៏នាំគ្នាអូសជនរងគ្រោះទម្លាក់ក្នុងទឹកនិងបានយកកំផ្លោកប្រក់ពីលើ។
ក្រោយពីធ្វើសកម្មភាពរួច ខ្លួនបានយកកាំបិតកញ្ចែតពីដៃរបស់ជនសង្ស័យឈ្មោះ ផន សីឡូត គប់ចោលទៅក្នុងទឹកព្រែក ព្រមទាំងបានយកដបស្រារបស់ជនរងគ្រោះគប់ចោលក្នុងព្រែកនិងគប់ទូរសព្ទដៃរបស់ជនរងគ្រោះចោលក្នុងទឺកស្រះ ។បន្ទាប់មកខ្លួនបានទៅដេកជាមួយប្រពន្ធនៅផ្ទះរបស់ខ្លួន ,ចំណែកជនសង្ស័យឈ្មោះ ផន សីហា បានទៅដេកនៅផ្ទះបងស្រីបង្កើតរបស់ខ្លួនឈ្មោះ ផន ស្រស់ ,ឯជនសង្ស័យឈ្មោះ ផន សីឡូត បានជិះម៉ូតូជាមួយប្រពន្ធត្រឡប់ទៅផ្ទះរបស់ខ្លួននៅភ្នំពេញវិញ ។
ក្រោយពីធ្វើការសាកសួរជនសង្ស័យឈ្មោះ ផន សីហាក់ រួចមក កម្លាំងប៉ូលិសខេត្តកណ្តាល និងកម្លាំងប៉ូលិសផ្នែកជំនាញស្រុក បានសហការជាមួយកម្លាំងប៉ូលិសប៉ុស្តិ៍រដ្ឋបាលក្រឡា ស្រុកកំពង់សៀម ខេត្តកំពង់ចាម ក៏បាននាំខ្លួនជនសង្ស័យខាងលើនេះតែម្តង។
ជនសង្ស័យឈ្មោះ ផន សីហា ភេទប្រុស បានសារភាពថា «រូបខ្លួនពិតជាបានធ្វើសកម្មភាពដូចចម្លើយរបស់បងប្រុសខ្លួនឈ្មោះ ផន សីហាក់ បានរៀបរាប់ខាងលើពិតមែន» ។
សមត្ថកិច្ចបន្តថា នៅថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០២១ វេលាម៉ោង២រសៀល ក្រោយពីធ្វើការសាកសួរជនសង្ស័យខាងលើរួច កម្លាំងប៉ូលិសជំនាញបានសហការជាមួយកម្លាំងប៉ូលិសប៉ុស្តិ៍រដ្ឋបាលកោះចិន នាំខ្លួនជនសង្ស័យឈ្មោះ ផន សីហាក់ ទៅចង្អុលបង្ហាញដើម្បីស្វែងរកវត្ថុតាងនៅកន្លែងកើតហេតុ និងបានរកឃើញកាំបិតកញ្ចែតដងធ្វើពីឫស្សីផ្លែដែក ប្រវែង៥៥ ស.ម. ចំនួន០១ នៅក្នុងទឹកព្រែកក្បែរកន្លែងកើតហេតុចម្ងាយ១៥ម៉ែត្រ និងបានចាប់យកវត្ថុតាងខាងលើ រួចធ្វើការឃាត់ខ្លួនជនសង្ស័យ ដើម្បីចាត់ការតាមនីតិវិធីតែម្តង៕ដោយ ភាវុន

