កណ្តាល ៖ បុរសម្នាក់ត្រូវប៉ូលិសស្រុកស្អាងឃាត់ខ្លួន ពាក់ព័ន្ធករណីជួញដូរដោយខុសច្បាប់នូវសារធាតុញៀន (ម៉ាទឹកកក) នាថ្ងៃពុធ ទី២៤ ខែវិច្ឆិកា ឆ្នាំ២០២១ វេលាម៉ោង៩និង១០នាទីយប់នៅចំណុចលើផ្លូវលំ ស្ថិតនៅភូមិអូរំចេក ឃុំស្វាយប្រទាល ស្រុកស្អាង ខេត្តកណ្តាល។
ប៉ូលិសនិយាយថា ជនសង្ស័យឈ្មោះ ផាន សុធា ភេទប្រុស អាយុ៣៦ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ មានទីលំនៅភូមិចុងកោះគ ឃុំស្វាយប្រទាល ស្រុកស្អាង ខេត្តកណ្តាល។ វត្ថុតាងចាប់យករួមមាន ម្សៅក្រាមពណ៌សថ្លាសង្ស័យថាជាសារធាតុញៀន(ម៉ាទឹកកក) ចំនួន០៦កញ្ចប់មធ្យម និងម៉ូតូចំនួនមួយគ្រឿងម៉ាកហុងដា សេ១២៥ ពណ៌ខ្មៅ គ្មានស្លាកលេខ ។
ប៉ូលិសបន្តថា ដំបូងកម្លាំងប៉ូលិសប៉ុស្តិ៍រដ្ឋបាលស្វាយប្រទាល ចុះល្បាតក្នុងមូលដ្ឋានដើម្បីការពារសន្តិសុខសណ្ដាប់ធ្នាប់ជូនប្រជាពលរដ្ឋក្នុងឃុំស្វាយ ប្រទាល លុះដល់ចំណុចកើតហេតុខាងលើក៏បានប្រទះឃើញជនសង្ស័យខាងលើកំពុង ជិះម៉ូតូក៏បានត្រួតពិនិត្យឆែកឆេរ រកឃើញម្សៅក្រាមពណ៌សថ្លាសង្ស័យជាសារធាតុញៀន ប្រភេទម៉ាទឹកកកចំនួន០៦កញ្ចប់មធ្យមនៅក្នុងខ្លួនរបស់ឈ្មោះ ផាន សុធា រួចបាននាំខ្លួនជនសង្ស័យ រួមនឹងវត្ថុតាងមកប៉ុស្តិ៍រដ្ឋបាលស្វាយប្រទាល ដើម្បីសាកសួរ។
នៅចំពោះមុខសមត្ថកិច្ច, ឈ្មោះផាន សុធា បានឆ្លើយសារភាពថា «គ្រឿងញៀនចំនួន០៦កញ្ចប់មធ្យមខាងលើគឺជារបស់ខ្លួនពិតប្រាកដមែន ខ្លួនបានទិញក្នុងតម្លៃហាសិបម៉ឺនរៀល យកមកចែកចាយបន្ត ក្នុងមួយកញ្ចប់មធ្យមតម្លៃប្រាំម៉ឺនរៀល ហើយកន្លងមកខ្លួនបានទិញគ្រឿងញៀន ពីឈ្មោះរិត្តា គន្ធា ( ឈីត)ភេទប្រុស អាយុ៣១ឆ្នាំ នៅភូមិព្រែកតាជ័រ ឃុំស្វាយប្រទាល ស្រុកស្អាង ខេត្តកណ្តាល ដោយទិញក្នុងមួយលើកចំនួនពីរលានរៀល ក្នុងមួយសប្តាហ៍ ទិញចំនួនពីលើកទៅបីលើក ហើយនៅថ្ងៃទី២៣ខែវិច្ឆកាឆ្នាំ២០២១ខ្លួនបានទៅទិញគ្រឿងញៀនពីឈ្មោះរិត្តា គន្ធា(ឈីត)ថែមទៀតតែឈ្មោះនេះបានប្រាប់ថា អស់គ្រឿងញៀនហើយ ទើបខ្លួនទៅទិញពីមនុស្សម្នាក់មិនស្គាល់ឈ្មោះនៅស្រុកកៀនស្វាយ ខេត្តកណ្តាល តម្លៃហាសិបម៉ឺនរៀល»។
បច្ចុប្បន្នជនសង្ស័យត្រូវបានបញ្ជូនទៅអធិការដ្ឋានប៉ូលិសស្រុកស្អាង ដើម្បីកសាងសំណុំរឿងតាមនីតិវិធី ៕ដោយ ភាវុន


