កណ្តាល ៖ ជនសង្ស័យ៤នាក់ត្រូវបានប៉ូលិសស្រុកពញាឮឃាត់ខ្លួនក្នុងករណីជួញដូរ និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន នាថ្ងៃព្រហស្បតិ៍ ទី ២៥ ខែ វិច្ឆិកាឆ្នាំ២០២១ វេលាម៉ោង១២និង៣០នាទី នៅចំណុចព្រៃស្រះទឹក ភូមិត្រពាំងពុទ្រ្ទា ឃុំទំនប់ធំ ស្រុកពញាឮ ខេត្តកណ្តាល។
ប៉ូលិសនិយាយថា ជនសង្ស័យ០៤នាក់រួមមាន ១-ឈ្មោះ តូ វី ហៅអាឆ្អឹង ភេទប្រុស អាយុ ២៤ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិត មានទីលំនៅភូមិត្រពាំងរកា ឃុំភ្នំបាត ស្រុកពញាឮ (ជួញដូរ), ២-ឈ្មោះជួន សុខលីន (ហៅផា) ភេទប្រុស អាយុ២៧ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិត មានទីលំនៅភូមិអូរស្លាត ឃុំភ្នំបាត ស្រុកពញាឮ (មិនរៀងចាល) ធ្លាប់ជាប់ពន្ធនាគារខេត្តកណ្តាល ១ឆ្នាំ៦ ខែនៅឆ្នាំ២០១៨ ពីបទរក្សារទុកដោយខុសច្បាប់នូវសារធាតុញៀន, ៣-ឈ្មោះ តឺម ផល្លា ភេទប្រុស អាយុ១៦ឆ្នាំ ជនជាតិខ្មែរ មុខរបរ គ្មាន មានទីលំនៅ ភូមិក្បាលស្ពាន ឃុំភ្នំបាត ស្រុកពញាឮ(ជួញដូរ) និង៤- ឈ្មោះ ឡៃ ចិន្តា ( ហៅដា ) ភេទស្រី អាយុ២៣ឆ្នាំ ជនជាតិខ្មែរ មុខរបរគ្មាន មានទីលំនៅ ភូមិជ័យឧត្តម ឃុំផ្សារដែក ស្រុកពញាឮ ខេត្តកណ្តាល(ប្រើប្រាស់)។ទាំង៤នាក់មានសារធាតុញៀនក្នុងទឹកនោម ( + ) ។
វត្ថុតាងចាប់យករួមមាន ១-សារធាតុញៀនមេតំហ្វេតាមីន(ice) ចំនួន ១១ កញ្ចប់ ( កញ្ចប់មធ្យម ០១ និងកញ្ចប់តូច១០កញ្ចប់. ទម្ងន់៥,៤៤ក្រាម,២- ទូរសព្ទដៃចំនួន០៤គ្រឿង (ម៉ាក oppo២គ្រឿង , អាយហ្វូនសិច១និងរ៉េមី១គ្រឿង ),៣- ម៉ូតូមធ្យោបាយ ០២ គ្រឿង ( ម៉ាក សង់កូរ៉េ ចាស់ ០១ គ្រឿង គ្មានស្លាកលេខ និង ម៉ាកហុងដា NEX ព៌ណទឹកប្រាក់ មានស្លាកលេខ ភ្នំពេញ 2FA . 3069),៤-ដាវដែកចំនួនមួយដើមនិង៥-សម្ភារច្រកវេចខ្ចប់ សារធាតុញៀនមួយចំនួន ។ ប៉ូលិសបន្តថា ដំបូងមានមហាជនបានរាយការណ៍មកកម្លាំងប៉ូលិសផ្នែកជំនាញថា «នៅចំណុចព្រៃស្រះទឹក ភូមិត្រពាំងពុទ្រ្ទា មានមុខសញ្ញាមួយក្រុមកំពុងធ្វើសកម្មភាពជួញដូរ និងប្រើប្រាស់ថ្នាំញៀន និងតែងតែមកធ្វើសកម្មភាពនៅទីនោះជារៀងរាល់ថ្ងៃ ដោយមានក្មេងស្ទាវៗ ចេញចូលទៅទិញនិងជក់ថ្នាំញៀនស្ទើរតែរាល់ថ្ងៃផងដែរ»។
ក្រោយពីទទួលព័ត៌មានរួចមកកម្លាំងប៉ូលិសផ្នែកជំនាញបានសហការជាមួយកម្លាំងប៉ូលិសប៉ុស្តិ៍រដ្ឋបាលទំនប់ធំ ចុះល្បាតឃ្លាំមើលជុំវិញកន្លែងកើតហេតុ បានឃើញជនសង្ស័យមួយក្រុមមានសភាពសង្ស័យ ក៏បានចូលបង្ក្រាបឃាត់ខ្លួននិងចាប់យកវត្ថុតាងបានដូចខាងលើ បញ្ជូនមកអធិការដ្ឋានដើម្បីសាកសួរ ។
នៅចំពោះមុខសមត្ថកិច្ច, ជនសង្ស័យឈ្មោះ តូ វី ហៅអាឆ្អឹង បានសារភាពថា «ថ្នាំញៀននៅចំពោះមុខនេះគឺពិតជារបស់ខ្លួនមែន ដែលបានយកមកធ្វើសកម្មភាពនេះដោយទិញមកពីជនជាតិយួនមិនស្គាល់ឈ្មោះនៅស្វាយប៉ាក យកមកលក់បន្ត០១កញ្ចប់តូច ចាប់ពី ២០០០០រៀល ទៅ៤០០០០រៀល មកជក់ខ្លួនឯង»។
ចំណែកជនសង្ស័យឈ្មោះ តឺម ផល្លា បានសារភាពថា «ខ្លួនយក់ថ្នាំញៀនមកធ្វើសកម្មភាពនេះ គឺថ្នាំញៀនដែលបានទិញមកពីស្វាយប៉ាក ជាមួយឈ្មោះ ឈៀវ ភេទប្រុស ពុំស្គាល់អត្តសញ្ញាណច្បាស់លាស់ទេ នៅភូមិស្រែរាំង ឃុំទំនប់ធំ ពេលយកមកគឺ ជក់ខ្លួនឯងផងនិង លក់បន្តផង» ឯជនសង្ស័យឈ្មោះ ជួន សុខលីន ហៅផា និង ឈ្មោះ ឡៃ ចិន្តា បានមកទិញថ្នាំញៀន ពីឈ្មោះ តូ វី ហៅអាឆ្អឹង ដើម្បីទុកយកទៅប្រើប្រាស់ខ្លួនឯង ។បច្ចុប្បន្នជនសង្ស័យទាំង០៤នាក់ បានឃាត់ខ្លួននៅអធិការដ្ឋានប៉ូលិសស្រុកពញាឮ ដើម្បីបន្តចាត់ការតាមនីតិវិធី ៕ដោយ ភាវុន

