លោកជំទាវអភិបាលខេត្តប៉ៃលិន អញ្ជើញជាអធិបតីបើកវិញ្ញាសារប្រឡងក្របខណ្ឌមន្ត្រីរាជការស៊ីវិល នៃរដ្ឋបាលខេត្តប៉ៃលិន

ខេត្តប៉ៃលិន ៖ នៅព្រឹកថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២១ លោកជំទាវ បាន ស្រីមុំ អភិបាលខេត្តប៉ៃលិន បានអញ្ជើញជាអធិបតី បើកវិញ្ញាសាប្រឡងក្របខណ្ឌមន្ត្រីរាជការស៊ីវិល នៃរដ្ឋបាលខេត្តប៉ៃលិន ដែលការប្រឡងបានប្រព្រឹត្តិទៅនៅក្នុងវិទ្យាល័យ ហ៊ុន សែន ក្រុងទេពនិម្មិតប៉ៃលិន ។

លោកជំទាវ អភិបាលខេត្តបានស្នើអោយបេក្ខជនប្រឡង ត្រូវប្រើប្រាស់សមត្ថភាពផ្ទាល់ខ្លួនយ៉ាងពិតប្រាកដ គ្មានការប្រព្រឹត្តិអំពើពុករលួយផ្សេងៗ អាងខ្សែ បក្សពួកអំណាចពីបុគ្គលណាមួយ ដែលនាំឲ្យបាត់បង់ភាពត្រឹមត្រូវ ការជឿជាក់ពីអ្នកមានចំណេះដឹងពិតប្រាកដ និងបាត់បង់ឱកាសមន្ត្រីល្អនោះឡើយ។ ម្យ៉ាងវិញទៀត លោកជំទាវ បានជម្រាបជូនបេក្ខជននាពេលនេះថា ដើម្បីធានានូវសុវត្ថិភាព និងទប់ស្កាត់ការឆ្លងរីករាលដាល នៃជំងឺកូវីដ-១៩ នៅក្នុងកិច្ចដំណើរការប្រឡង គណៈកម្មការរៀបចំការប្រឡង អនុគណៈកម្មការនានា និងបេក្ខជនត្រូវពាក់ប័ណ្ណចាក់វ៉ាក់សាំងការពារជំងឺកូវីដ ១៩ ឱ្យបានគ្រប់ៗ គ្នា បើមានបេក្ខជនណា ដែលមិនមានប័ណ្ណចាក់វ៉ាក់សាំងការពារជំងឺកូវីដ ១៩ មិនអនុញ្ញាតឱ្យចូលក្នុងមណ្ឌលប្រឡង ឬបន្ទប់ប្រឡងឡើយ។

លោកជំទាវ បានធ្វើការណែនាំដល់មន្ត្រីដែលមានតួនាទី ភារកិច្ចធ្វើជាគណកម្មការ អនុគណៈកម្មការក្នុងការប្រឡង ត្រូវយកចិត្តទុកដាក់អនុវត្តតាមតួនាទី ភារកិច្ចតាមដំណាក់កាលនីមួយៗ ប្រសិនបើមានកិច្ចការលើសពីដែនសមត្ថកិច្ចទទួលខុសត្រូវ ត្រូវស្នើសុំទៅប្រធានគណៈកម្មការ ដើម្បីរួមគ្នាដោះស្រាយបានទាន់ពេលវេលា តាមគោលការណ៍ និងលក្ខន្តិកៈនៃការប្រឡងតាមឋានានុក្រម។ លោកជំទាវអភិបាល ខេត្តបន្តថា នេះជាផ្លែផ្កានៃលទ្ធផលនយោបាយវិមជ្ឈការ និងវិសហមជ្ឈការនៅថ្នាក់ក្រោមជាតិ ហើយការងារប្រឡងជ្រើសរើសមន្ត្រីរាជការខេត្តប៉ៃលិន ជាឱកាសសម្រាប់កូនចៅរបស់អ្នកខេត្តប៉ៃលិន បានចូលធ្វើជាមន្ត្រីរាជការ។ សូមឱ្យម្នាក់ៗត្រូវទទួលខុសត្រូវ ធានាបាននូវគុណភាព តម្លាភាព ហើយមន្ត្រីដែលយើងជ្រើសរើស ត្រូវមានសមត្ថភាពបម្រើប្រជាពលរដ្ឋ។

គួរបញ្ជាក់ថា ការប្រឡងជ្រើសរើសមន្ត្រីរាជការខេត្តប៉ៃលិនប្រចាំឆ្នាំ២០២១ នាពេលនេះមានបេក្ខជនដាក់ពាក្យប្រឡង សម្រាប់ក្របខ័ណ្ឌមន្រ្តីរដ្ឋបាលជាន់ខ្ពស់ (ប្រភេទក្របខ័ណ្ឌ ក ) ចំនួន២២នាក់ ស្រី ០៩នាក់ អវត្តមាន០៥នាក់ ស្រី០៣នាក់ និងក្របខ័ណ្ឌមន្រ្តីក្រមការ (ប្រភេទក្របខ័ណ្ឌ ខ) ចំនួន ២២នាក់ ស្រី១២នាក់ អវត្តមាន០៥នាក់ ស្រី០២នាក់ ដោយប្រើប្រាស់វិញ្ញាសារជំនាញឯកទេស និងភាសាអង់គ្លេស៕ ដោយ ៖ នីយ៉ា

Leave a Reply

Your email address will not be published. Required fields are marked *