ចោរលួចដែកពុម្ពសសរស្ពានរបស់ក្រុមហ៊ុនធ្វើស្ពានចិនសៀងហៃ ប៉ូលិសចាប់ខ្លួនម្នាក់,នៅសល់ម្នាក់

កណ្តាល ៖ ជនសង្ស័យម្នាក់ចំណោម២នាក់ ត្រូវបានប៉ូលិសចាប់ខ្លួននាថ្ងៃទី២៩វិច្ឆិកាឆ្នាំ២០២១ បន្ទាប់ពីពួកគេបានធ្វើសកម្មភាពលួចដែកពុម្ពសសរស្ពានរបស់ក្រុមហ៊ុនធ្វើស្ពានចិនសៀងហៃ កាលពីថ្ងៃទី១១វិច្ឆិកាឆ្នាំ២០២១ វេលាម៉ោង៥និង៣៧នាទីល្ងាចកន្លងទៅ នៅចំណុចការដ្ឋានសាងសង់ស្ពាន ភូមិសិត្បូ សង្កាត់សិត្បូ ក្រុងតាខ្មៅ ខេត្តកណ្តាល។

ប៉ូលិសនិយាយថា ជនរងគ្រោះឈ្មោះចាន់ ឆវ័ន ភេទស្រី អាយុ៣៦ឆ្នាំ ជនជាតិខ្មែរ ទីលំនៅភូមិព្រែកសំរោង សង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្តាល មុខរបរបុគ្គលិកការដ្ឋានស្ពានចិនទី៩។

ចំណែកជនសង្ស័យ២នាក់រួមមាន ១-ឈ្មោះស្រ៊ុន សុខហេង ភេទប្រុស អាយុ២២ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅភូមិសិត្បូ សង្កាត់សិត្បូ ក្រុងតាខ្មៅ ខេត្តកណ្តាល, មុខរបរមិនពិតប្រាកដ(ឃាត់ខ្លួន)និង២-មិនស្គាល់អត្តសញ្ញាណនិងទីលំនៅ(គេចខ្លួន)។វត្ថុតាងចាប់យក ដែកពុម្ពសរសរស្ពានចំនួន១ដេីមនិងរទេះរុញធ្វេីពីដែកចំនួនមួយ។

ប៉ូលិសបន្តថា នៅវេលាកេីតហេតុខាងលេី ជនសង្ស័យបានធ្វេីសកម្មភាពលួចយកដែកសម្រាប់ចាក់ពុម្ពសសរស្ពាននៅការដ្ឋានសាងសង់ស្ពានរបស់ក្រុមហ៊ុនចិនសៀងហៃស្ថិតក្នុងភូមិសិត្បូ សង្កាត់សិត្បូ ក្រុងតាខ្មៅ ខេត្តកណ្តាល ដោយដឹកតាមរទេះរុញយកទៅលក់ឱ្យអ្នកទិញអេតចាយ, តែអ្នកទិញអេតចាយមិនហ៊ានទិញទេីបជនសង្ស័យ រុញយកមកលាក់ទុកនៅជិតរបងវត្តសិត្បូ ហេីយត្រូវបានប្រជាពលរដ្ឋប្រទះឃេីញក៏រាយការណ៍ប្រាប់សមត្ថកិច្ចចុះទៅពិនិត្យនិងយកមករក្សាទុកជាបណ្តោះអាសន្ននៅប៉ុស្តិ៍ដេីម្បីធ្វេីការស្រាវជ្រាវរកមុខសញ្ញាបន្ត ។

ប៉ូលិសបន្តទៀតថា លុះដល់ថ្ងៃទី២៩ខែវិច្ឆិកា ឆ្នាំ២០២១ប៉ូលិសបានចុះបានស្រាវជ្រាវតាមរយ:កាមេរ៉ាសុវត្ថិភាពក៏កំណត់មុខសញ្ញាបាន និងឈានទៅឃាត់ខ្លួនជនសង្ស័យបានម្នាក់ដូចខាងលេីយកមកសាកសួរនៅប៉ុស្តិ៍រួចបញ្ជូនបន្តមកកាន់អធិការដ្ឋានប៉ូលិសក្រុងតាខ្មៅដេីម្បីចាត់ការតាមនីតិវិធី៕ដោយ ភាវុន

Leave a Reply

Your email address will not be published. Required fields are marked *