កណ្ដាល ៖ ជនសង្ស័យ៣នាក់ត្រូវបានប៉ូលិសឃាត់ខ្លួននាថ្ងៃទី០២ ខែធ្នូ ឆ្នាំ២០២១ក្នុងករណីអំពើលួចដែកខ្លោងទ្វាររបងផ្ទះ នៅចំណុចផ្ទះជនរងគ្រោះ ភូមិព្រែកហូរកើត១ សង្កាត់ព្រែកហូរ ក្រុងតាខ្មៅ ខេត្តកណ្តាល។
សមត្ថកិច្ចនគរបាលបានឲ្យដឹងថា ជនរងគ្រោះឈ្មោះស៊ុន សុវណ្ណ ភេទប្រុស អាយុ ៤៦ឆ្នាំ ជនជាតិខ្មែរ ទីលំនៅភូមិព្រែកហូរកើត១ សង្កាត់ព្រែកហូរ ក្រុងតាខ្មៅ ខេត្តកណ្តាល មុខរបរលក់បន្លែ។
ចំណែកជនសង្ស័យ៣នាក់រួមមាន ១-ឈ្មោះ ស្រៀង ដួង ភេទស្រី អាយុ ២៩ឆ្នាំ ជនជាតិខ្មែរ ស្នាក់នៅសង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ មុខរបរ មិនពិតប្រាកដ, ២-ឈ្មោះ ហែម វណ្ណ: ហៅធី ភេទប្រុស អាយុ ៣៤ឆ្នាំ ជនជាតិខ្មែរ ស្នាក់នៅភូមិជើងឯក សង្កាត់ជើងឯក ខណ្ឌដង្កោ មុខរបរមិនពិតប្រាកដនិង៣-ឈ្មោះ សុខ ប្រុស ភេទប្រុស អាយុ ៣០ឆ្នាំ ជនជាតិខ្មែរ ទីលំនៅភូមិព្រៃធំ ឃុំព្រៃធំ ស្រុកកៀនស្វាយ ខេត្តកណ្តាល មុខរបរ មិនពិតប្រាកដ(ឃាត់ខ្លួន)។
វត្ថុតាងចាប់យករួមមាន ម៉ូតូ១គ្រឿងម៉ាកHONDA សេ១២៥ ពណ៌ខ្មៅ ស៊េរី២០០៥ ពាក់ស្លាកលេខភ្នំពេញ 1N-8739,រទេះអូសធ្វើពីដែកពណ៌ខៀវចំនួន១ ,ដែកបួនជ្រុងច្នៃជាក្លោងទ្វារមានបណ្តោយ២,៥០ម៉ែត្រទទឹង២ម៉ែត្រចំនួន៦កំណាត់ជារបស់ជនរងគ្រោះ, ប៊ីដុងជ័រចំណុះ៣០លីត្រចំនួន៣ ,ទូរសព្ទដៃចំនួន៣គ្រឿង(ម៉ាកSAMSUNGពណ៌មួយ, ម៉ាកNOKIA Nចុចពិល១, មិនស្គាល់ម៉ាកមួយនិងកាបូបស្ពាយពណ៌សូកូឡាចំនួន១ ។
សមត្ថកិច្ចនគរបាលបានបន្តថា ខណៈពេលដែលជនរងគ្រោះនិងក្រុមគ្រួសារកំពុងតែដេកនៅក្នុងផ្ទះរបស់ខ្លួន, ពេលនោះស្រាប់តែក្រុមជនសង្ស័យបានធ្វើសកម្មភាពលួចយកដែកក្លោងទ្វារដែលជនរងគ្រោះទុកនៅមុខផ្ទះ លើកដាក់លើរទេះអូសដោយម៉ូតូ, ក៏ត្រូវជនរងគ្រោះឃើញទាន់ បាននាំគ្នា ចាប់ឃាត់ខ្លួនរួមទាំងវត្ថុតាងប្រគល់ជូនសមត្ថកិច្ច យកមកសាកសួរនៅប៉ុស្តិ៍ រួចបញ្ជូនបន្តមកកាន់អធិការដ្ឋានក្រុងតាខ្មៅ ដើម្បីចាត់ការតាមនីតិវិធី។
សូមបញ្ជាក់ថា កន្លងមកប្រជាពលរដ្ឋនៅក្នុងសង្កាត់ព្រែកហូរ ធ្លាប់បាត់សម្ភារប្រើប្រាស់ផ្សេងៗជាច្រើនដូចជា តុ កៅអី ឆ័ត្រ ឈ្នួរខោអាវ ជាដើមដោយសារក្រុមជនសង្ស័យដែលមានរ៉ឺម៉កដឹកលួចពេលយប់៕ ដោយ ភាវុន

