កំពង់ចាម : ឯកឧត្តម វេង សាខុន រដ្ឋមន្ត្រី ក្រសួង កសិកម្ម រុក្ខាប្រមាញ់ និង នេសាទ និង ជា ប្រធាន ក្រុម ការងារ ចុះ មូលដ្ឋាន ស្រុកកំពង់សៀម និង លោកជំទាវ នាព្រឹក ថ្ងៃ ទី ៤ ខែធ្នូ ឆ្នាំ ២០២១ នេះ បាន ចែក អាវ រងារ និង ថវិកា ដែលជាអំណោយរបស់ សម្តេច អគ្គមហាសេនាបតី តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី កម្ពុជា ជូន ដល់ ចាស់ ជរា គ្មានទីពឹង ចំនួន ៤០៦នាក់ នៅស្រុកកំពង់សៀម ខេត្តកំពង់ចាម ។
ឆ្លៀតក្នុងឱកាស នោះដែរ ឯកឧត្តម វេង សាខុន បានមានប្រសាសន៍ថា សម្ដេច តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ កម្ពុជា លោក ធ្លាប់បាន ឆ្លងកាត់ នូវ ការ លំបាក គ្រប់គ្រាន់ ក្នុង ឆាក ជីវិត របស់ សម្តេច កាលពី ជំនាន់ ខ្មែរ ក្រហម មានតែការកាប់ សម្លាប់ ធ្វើ ទារុណកម្ម និង បង្ខំ ឲ្យ ធ្វើ ពលកម្ម គ្មាន ពេល សម្រាក ក្រោយ ថ្ងៃ រំដោះ មក សម្តេច បាន ចាត់ចែង ជំរុញ ឲ្យ មាន ការ អភិវឌ្ឍន៍ នាំមក នូវ សុខ សន្តិភាពជូនដល់ សង្គមជាតិ ដែល បច្ចុប្បន្ន នេះ មាន ពាក្យស្លោក ថា «អរគុណសន្តិភាព » នៅ គ្រប់ ទីកន្លែង ។
ឯកឧត្តម រដ្ឋមន្រ្តី បាន បន្ត ថា ដោយ ប្រទេសជាតិ យើង មាន សុខ សន្តិភាព ឆ្នាំ នេះ យើង សង្ឃឹម ថា ការ ផលិត ស្រូវ ជា ស្បៀង របស់ កម្ពុជា អាច មានការ កេីន ឡើង រហូត ជាង ១២លាន តោន ព្រោះ ក្នុង ខែវិច្ឆិកា កន្លង ទៅ នេះ កម្ពុជា បាន នាំ ស្រូវ ចេញ ទៅ ប្រទេសវៀតណាម បាន ប្រមាណ ជាង ៣លាន តោន រួច ហើយ ក្នុងនោះ ក៏មាន ការ កេីន ឡើង ជាបន្ដបន្ទាប់ ទៀត សម្រាប់ បំណាច់ ឆ្នាំ ២០២១នេះ ។
ជាមួយគ្នានោះ ឯកឧត្តម រដ្ឋមន្រ្តី វេង សាខុន បាន បញ្ជាក់ ថា ទន្ទឹម នឹង អ្វី ដែល យើង ទទួល បាននូវសុខ សន្តិភាព ភាពសុខដុមរមនា ហើយ នោះ គឺសិទ្ធិ រស់ រាន មាន ជីវិត ដែលជា កត្តា ចម្បង សម្រាប់ ប្រជាជន យើង ដែល មិន អាច បំភ្លេច បាន ហើយ សិទ្ធិ រស់ រាន មាន ជីវិតនោះទៀត គឺត្រូវ តែមានការ គាំទ្រ ការពារ សុខមាលភាព និង ក្រពះ ផងដែរ ជាក់ស្ដែង ក្នុង រដូវ ចុះ ត្រជាក់ នេះ សម្តេច តេជោ លោក បាន ណែនាំ ដល់ មន្ត្រី ឲ្យ នាំ យក អំណោយ អាវរងារមក ចែក ជូន លោកយាយ លោកតា ដូចក្នុងឱកាស នេះ ។
គួរ បញ្ជាក់ ថា អំណោយ របស់ សម្ដេច តេជោ ហ៊ុន សែន ដែល ត្រូវ ចែក ជូន ចាស់ ជរា គ្មានទីពឹង ចំនួន ៤០៦នាក់ មកពីឃុំ ចំនួន ៥ គឺ ឃុំអំពិល ក្រឡា អូរស្វាយ វិហារធំ និង ឃុំរអាង ស្រុកកំពង់សៀម ដោយ ក្នុង ម្នាក់ ៗ ទទួល បាន អាវ រងារ ១ និង ថវិកា ចំនួន ៥ម៉ឺនរៀល ផងដែរ ៕


