កំពង់ធំ៖សេចក្តីរាយការណ៍ពីប្រជានេសាទបានឲ្យដឹងថា សកម្មភាពប្រើទូកធំៗអូសយ៉ាំងកាវរបស់ឈ្មួញជនជាតិយួនឈ្មោះ អេង ស៊ីចេង កើតឡើងយ៉ាងអនាធិបតេយ្យនៅទល់មុខភូមិបាឡត ឃុំពាមបាង ហើយលោក ហូន ផល នាយសង្កាត់រដ្ឋបាលជលផល និងលោក ហុក ម៉ន់ នាយរងសង្កាត់រដ្ឋបាលជលផលពាមបាង កំពុងសប្បាយប្រមូលលុយពីបទល្មើសនេសាទ។ ទន្ទឹមនឹងនេះលោក ប៉ែន វណ្ណរិទ្ធ ប្រធានមន្ទីរកសិកម្មរុក្ខា ប្រម៉ាញ់ និងនេសាទខេត្តកំពង់ធំ និងលោក ជិន ស៊ីថា នាយខណ្ឌរដ្ឋបាលជលផលខេត្ត ក៏មិនបានខ្វល់ពីការបង្ក្រាប បទល្មើសនេសាទនោះឡើយ។ ជាងនេះទៅទៀតឈ្មួញជនជាតិយួនឈ្មោះ អេង ស៊ីចេង និងបក្ខពួកអាចប្រព្រឹត្តបទល្មើសនេសាទយ៉ាងសុខស្រួលដោយមានការបើកដៃពីសំណាក់លោក ផុន មេស្នាក់ការបរិស្ថានតំបន់បាឡត ឃុំពាមបាង ផងដែរ។
ប្រភពព័ត៌មានពីប្រជានេសាទនៅភូមិបាឡត ឃុំពាមបាង ស្រុកស្ទោង ខេត្តកំពង់ធំ បានបន្ថែមទៀតថា ឈ្មួញយួនឈ្មោះ អេង ស៊ីចេង ដែលមានការបើកដៃពីសំណាក់មន្ត្រី រដ្ឋបាលជលផល និងសមត្ថកិច្ចពាក់ព័ន្ធកំពង់ប្រព្រឹត្តបទល្មើសនេសាទ យ៉ាងគឃ្លើននៅលើផ្ទៃបឹងទន្លេសាបនៃឃុំពាមបាង។ ចំណែកលោក ជិន ស៊ីថា នាយខណ្ឌរដ្ឋបាលជលផលខេត្តកំពង់ធំ ដែលចូលកាន់តំណែងជំនួសលោក ហម ហ៊ុន កាលពីពេលថ្មីៗកន្លងទៅនេះ បណ្តោយឲ្យមន្ត្រីរដ្ឋបាលជលផលនៅស្រុកស្ទោង ធ្វើអ្វីៗតាមអំពើចិត្តមិនខ្វល់ពីការរិះគន់អ្វីទាំងអស់។ ហេតុនេះហើយទើបប្រជានេសាទនៅក្នុងឃុំពាមបាងស្រុកស្ទោង ធ្វើការអំពាវនាវឲ្យលោក ងួន រតនៈ អភិបាលខេត្តកំពង់ធំ និងលោក ពុំ សុថា ប្រធានជលផលនៃក្រសួងកសិកម្ម ចាត់វិធានការបង្ក្រាបបទល្មើសនេសាទនៅក្នុងឃុំពាមបាង ស្រុកស្ទោង ខេត្តកំពង់ធំ ជាបន្ទាន់។
តាមប្រភពខ្លះបានឲ្យដឹងថា ក្នុងមួយឆ្នាំៗឈ្មួញជនជាតិយួនឈ្មោះ អេង ស៊ីចេង ប្រមូលលុយរត់ការបង់ឲ្យមន្ត្រីរដ្ឋបាលជលផលនិងសមត្ថកិច្ចពាក់ព័ន្ធរាប់ម៉ឺនដុល្លារ ទើបគេអាចប្រើឧបករណ៍ប្រភេទយ៉ាំងកាវអូសចាប់ត្រីពេញផ្ទៃបឹងទន្លេសាបនៅក្នុងឃុំពាម បាង យ៉ាងងងើល។ ហេតុនេះលោក ងួន រតនៈ អភិបាលខេត្តកំពង់ធំ និងលោក ពុំ សុថា ប្រធានរដ្ឋបាលជលផលនៃក្រសួងកសិកម្ម មិនគួរបណ្តែតបណ្តោយតទៅទៀតទេ ព្រោះបទល្មើសនេសាទក្នុងឃុំពាមបាង ស្រុកស្ទោង កំពុងកើតឡើងយ៉ាងគំហុក។ ប្រជានេសាទបានលើកឡើងថា បើគ្មានការបើកដៃពីសំណាក់លោក ប៉ែន វណ្ណរិទ្ធ ប្រធានមន្ទីរកសិកម្មខេត្តកំពង់ធំ និងលោក ជិន ស៊ីថា នាយខណ្ឌរដ្ឋបាលជលផលខេត្តកំពង់ធំ ទេនោះគឺមន្ត្រីរដ្ឋបាលជលផលនៅស្រុកស្ទោង មិនហ៊ានធ្វើអ្វីៗតាមតែអំពើចិត្ត។
ពាក់ព័ន្ធករណីខាងលើនេះដែរ អង្គភាពយើងខ្ញុំទាក់ទងទៅលោក ផុន ប្រធានស្នាក់ការបរិស្ថានបាឡត បានអោយដឹងថា ចំណុចដែនដែលបង្កើតបទល្មើសទាំងអស់នេះនិងហួសដែនរដ្ឋរបស់ខ្លួន សូមអោយទៅសួរនាំនៅរដ្ឋបាលជលផលវិញព្រោះលោកគ្រប់គ្រងបានត្រឹមតែតំបន់ស្នូលតែប៉ុណ្ណោះ ចំពោះតំបន់ប្រើប្រាស់បានច្រើនយ៉ាងគឺខាងរដ្ឋបាលជលផល ជាអ្នកគ្រប់គ្រង។
ករណីដែលលោក ផុន ដែលជាប្រធានស្នាក់ការច្រានចោលនៅសកម្មភាពបទល្មើស ខាងលើនេះថាជាដែនសមត្ថកិច្ចរបស់រដ្ឋបាលជលផល អង្គភាពយើងខ្ញុំបានធ្វើការទំនាក់ទំនងទៅលោក យ៉ាន់ វិស័ក ហៅសែ នាយផ្នែករដ្ឋបាលជលផលផាត់សណ្តាយពុំអាចធ្វើការទំនាក់ទំនងមិនបាន។មជ្ឈដ្ឋានទូទៅបានដាក់ការសង្ស័យទៅលើមន្ត្រីជំនាញខាងលើនេះប្រហែលជាមានអ្វីជាប់ពាក់ព័ន្ថជាមួយ មេឈ្មួញជនជាតិវៀតណាមឈ្មោះ អេង ស៊ីចេង នេះហើយបានជាជំនាញពាក់ព័ន្ធឆ្លើយដាក់ គ្នាបែបនេះ។
អង្គភាពយើងខ្ញុំនិងរងចាំការបកស្រាយនូវរាល់ការបំភ្លឺពីគ្រប់អង្គភាពសមីដែលពាក់ព័ន្ធនៅរៀងរាល់ម៉ោងធ្វើការ៕

