ព្រះវិហារៈលោកជំទាវ ប៉ាង រ៉ាវី អភិបាលរងខេត្តព្រះវិហារបានអញ្ជើញជាអធិបតីភាពក្នុងពិធី យុទ្ធនាការ១៦ថ្ងៃក្រោមប្រធានបទពិភពលោកពណ៌ទឹកក្រូចបញ្ឈប់អំពើហិង្សាលើស្ត្រីនិងកុមារ ដែលពិធីនេះបានរៀបចំដោយ មន្ទីរកិច្ចការនារីខេត្ត គាំទ្រដោយអង្គការ(UNFPA) នឹងបាន ប្រព្រឹត្តទៅនៅក្នុងបរិវេណសាលាឃុំទឹកក្រហម ស្ថិតក្នុងភូមិអូរក្សាន្ត ស្រុកជាំក្សាន្តខេត្តព្រះវិហារ នារសៀលថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០២១ ដែលពិធីនេះមានការចួលរួមពី លោកស្រី ឈុន សុធារី ប្រធានមន្ទីរកិច្ចការនារីខេត្ត អាជ្ញាធរដែនដី ប្រជាពលរដ្ឋមកពីឃុំចំនួន៣ ឃុំទឹកក្រហម ឃុំជាំក្សាន្ត និងឃុំរំដោះស្រែ។
មានប្រសាសន៍នាឱកាសនោះ លោកស្រី ឈុន សុធារី បានឲ្យដឹងថា យុទ្ធនាការ១៦ថ្ងៃ គឺជាយុទ្ធនាការ ដែលប្រឆាំងអំពើហិង្សាលើស្ត្រីនិងកុមារ យុទ្ធនាការនេះចាប់ផ្ដើមឡើងនៅក្នុង ឆ្នាំ ១៩៩១ ដោយក្រុមបុរសជនជាតិកាណាដាមួយក្រុម ក្រោយមកយុទ្ធនាការនេះ ត្រូវបាន រៀបចំឡើងនៅគ្រប់ទីកន្លែងនៅលើពិភពលោក រហូតដល់ ទិវានេះបានក្លាយជាទិវាអន្តរជាតិ ដែលអង្គការសហប្រជាជាតិ បានកំណត់ជាផ្លូវការចុះថ្ងៃទី១៧ ខែធ្នូ ឆ្នាំ១៩៩៩ ហើយនិង បានប្រកាសទទួលស្គាល់ថា ជាទិវាអន្តរជាតិលុបបំបាត់អំពើហិង្សា លើស្ត្រីនិងក្មេងស្រី តាមរយៈ មហាសន្និបាតលើកទី៨៣ របស់អង្គការសហប្រជាជាតិ។ នៅក្នុងអំឡុងពេលនៃយុទ្ធនាការនេះ បូពណ៌ ស ត្រូវបានបំពាក់ឱ្យប្រជាពលរដ្ឋ ជាពិសេសបុរស ដែលជាសញ្ញានៃការសន្យារបស់ ពួកគេ ដើម្បីបញ្ឈប់អំពើហិង្សាលើស្ត្រីជាទូទៅ នៅថ្ងៃទី២៥ ខែវិច្ឆិកា ត្រូវបានគេចាត់ទុកថា ជាទិវាអន្តរជាតិនៃការសាមគ្គីភាពរបស់បុរស ប្រឆាំងនឹងអំពើហិង្សាលើស្ត្រី ហេតុដូច្នេះហើយ ជារៀងរាល់ឆ្នាំ យុទ្ធនាការនេះត្រូវបានរៀបចំធ្វើឡើង ចាប់ពីថ្ងៃទី២៥ ដល់ថ្ងៃទី១០ធ្នូ។ លោកស្រីប្រធានមន្ទីរបានឲ្យដឹងទៀតថា ជារៀងរាល់ឆ្នាំក្រសួងកិច្ចការនារី តែងតែសហការជា មួយអង្គការមិនមែនរដ្ឋាភិបាល ក៏ដូចជាក្រុមហ៊ុនឯកជន ដើម្បីប្រារឰធ្វើពិធីនេះឡើង ក្នុងគោល បំណងបញ្ឈប់អំពើហិង្សាគ្រប់រូបភាព មកលើស្ត្រីយុវវ័យនិងកុមារ ដើម្បីលើកកម្ពស់ភាព សុខដុមរមនា និងភាពរុងរឿងក្នុងគ្រួសារក៏ដូចនៅកន្លែងធ្វើការ។
ក្រោយពីបានស្តាប់នូវប្រសាសន៍របស់ប្រធានមន្ទីរកិច្ចការនារីខេត្តនិងការចូលរួមចែករំលែកនូវបទពិសោធន៍ របស់បងប្អូនប្រជាពលរដ្ឋ ដែលជាជនរងគ្រោះ ធ្លាប់ឆ្លងកាត់នូវ អំពើហិង្សាក្នុងគ្រួសាររួចមក លោកជំទាវ ប៉ាង រ៉ាវី ក៏បានសំណូមពរនិងអំពាវនាវដល់យុវជន អាជ្ញាធរពាក់ព័ន្ធនឹង ប្រជាពលរដ្ឋឲ្យចូលរួមបញ្ឈប់អំពើហិង្សាលើស្ត្រីនិងកុមារ តាមរយៈការ ចេះអត់អោនអធ្យាស្រ័យ និងឱ្យតម្លៃគ្នាទៅវិញទៅមក រវាងបុរសនិងស្ត្រី ជាពិសេសនៅ ក្នុងសង្គមគ្រួសារ។ លោកជំទាវក៏បានផ្ដាំផ្ញើទៅដល់បងប្អូន ដែលបានចូលរួមក្នុងពិធីនេះ ត្រូវបន្តផ្សព្វផ្សាយឱ្យដល់ប្រជាពលរដ្ឋ ដែលគាត់មិនបានមកចូលរួមនិង ត្រូវមានអនាម័យល្អ ក្នុងការរស់នៅពិសេសបន្តអនុវត្ត ៣កុំ៣ការពារ ដើម្បីយើងទាំងអស់គ្នារួចផុតពីជំងឺកូវីដ-១៩។

