សាខាកាកបាទក្រហមកម្ពុជាខេត្តព្រះវិហារបានប្រារព្វទិវាពិភពលោកប្រយុទ្ធនិងជំងឺអេដស៍១ធ្នូក្រោមប្រធានបទ (បញ្ចប់វិសមភាពបញ្ចប់អេដស៍បញ្ចប់ជំងឺឆ្លងរាត្បាតសកល)

ព្រះវិហារៈ នៅព្រឹកថ្ងៃទី៩ ខែធ្នូ ឆ្នាំ២០២១ នៅបរិវេណសាខាកាកបាទក្រហមកម្ពុជាខេត្តព្រះវិហារ បានប្រារព្វ ទិវាពិភពលោកប្រយុទ្ធនិងជំងឺអេដស៍១ធ្នូ ២០២១ ក្រោមប្រធានបទ (បញ្ចប់វិសម ភាពបញ្ចប់អេដស៍បញ្ចប់ជំងឺឆ្លងរាត្បាតសកល) និងបានចែកអំណោយមនុស្សធម៌ដល់អ្នករស់នៅជាមួយមេរោគអេដស៍ ចំនួន៥១គ្រួសារ ក្រោមអធិបតីភាព ឯកឧត្តមប្រាក់ សុវណ្ណ អភិបាលខេត្ត និងជាប្រធានគណកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្ត និងមានការអញ្ជើញចូលរួមពីសំណាក់ ឯកឧត្តម លោកជំទាវ លោក លោកស្រី ជាសមាជិកសមាជិការគណៈកម្មាធិការសាខាកាកបាទក្រហមខេត្ត យុវជនកាកបាទក្រហម យុវជនកាយរិទ្ធ និងយុវជនសសយកជាច្រើនរូប។

លោកជំទាវ ចឹក ហេង អនុប្រធានអចិន្ត្រៃយ៍គណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្ត បានអាននូវសាលិខិតរបស់សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៉ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជាផ្ញើជូនដល់ជនរួមជាតិទាំងអស់ពិសេសបងប្អូនដែលរស់នៅជាមួយមេរោគអេដស៍ និងជំងឺអេដស៍ និងបានផ្ដាំផ្ញើដល់បងប្អូនឲ្យមានការប្រុងប្រយ័ត្នជាមួយមេរោគរាត្បាតជាសកលកូវីដ-១៩ ឲ្យបន្តអនុវត្តវិធានការ ៣កុំ៣ការពារ។

មានប្រសាសន៍នាឱកាសនោះ ឯកឧត្តម ប្រាក់ សុវណ្ណ បានឲ្យដឹងថាជារៀងរាល់ឆ្នាំសាខាកាកបាទក្រហមកម្ពុជាខេត្តព្រះវិហារ បានអនុវត្តឆ្លើយតបទៅនឹងសកម្មភាពកិត្តិនាមសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន នឹងមានការយកចិត្តទុកដាក់ខ្ពស់សម្រួលដល់ការលំបាករបស់បងប្អូនអ្នករស់នៅជាមួយមេរោគអេដស៍ជំងឺអេដស៍នៅតាមភូមិឃុំក្នុងខេត្តព្រះវិហារវិហារ។ ឯកឧត្តមបានបន្តទៀតថានៅក្នុងឆ្នាំ២០២០ កន្លងទៅនេះសាខាកាកបាទក្រហមពុំបានរៀបចំធ្វើនេះទេដោយសារការរីករាលដាលនៃជំងឺកូវីដ-១៩ តែបានយកអំណោយ ទៅចែកជូនដល់បងប្អូនប្រជាពលរដ្ឋ រងគ្រោះដោយសារអេដស៍នៅតាមបណ្ដាក្រុង/ស្រុកតែម្ដង។

ក្នុងឱកាសនោះផងដែរឯកឧត្តមប្រាក់សុវណ្ណក៏បានផ្ដាំផ្ញើទៅដល់បងប្អូនដែលកំពុងរស់នៅជាមួយមេរោគអេដស៍ជំងឺអេដស៍សូមកុំអស់សង្ឃឹមក្នុងជីវិតត្រូវខិតខំព្យាបាលនឹងមើលថែខ្លួនដោយអនុវត្តតាមការណែនាំរបស់គ្រូពេទ្យឲ្យបានខ្ជាប់ខ្ជួន។ អំណោយដែលបានផ្ដល់ជូនដល់បងប្អូនដែលរស់នៅជាមួយមេរោគអេដស៍ជំងឺអេដស៍មានសរុប ចំនួន៥១នាក់ ដោយក្នុងម្នាក់ៗទទួលបាន អង្ករ២៥គីឡូក្រាម មី១កេស ត្រីខ១យួរ ទឹកអាល់កុល១ដប និងថវិកា២ម៉ឺនរៀល យុវជនកាកបាទក្រហម យុវជនកាយរិទ្ធនិងសសយកក្នុងម្នាក់ៗទទួលបានថវិកា២ម៉ឺនរៀលផងដែរ៕

Leave a Reply

Your email address will not be published. Required fields are marked *