អភិបាលខេត្តកំពង់ចាម ណែនាំដល់មន្ត្រីឲ្យចុះ ដោះស្រាយ ករណីរំលោភបំពានដីចំណីផ្លូវ និងការសាងសង់សំណង់ ប៉ះពាល់ដល់ប្រឡៃទឹក ក្នុងស្រុកស្ទឹងត្រង់

កំពង់ចាម :  អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម  ឯកឧត្តម  អ៊ុន  ចាន់ដា  បាន ណែនាំ ដល់ មន្ត្រី ជំនាញ ពាក់ព័ន្ធ ឲ្យ ចុះ ពិនិត្យ  និងដោះស្រាយ  ករណី រំលោភបំពាន ដី ចំណី ផ្លូវ  និង ការសាងសង់ សំណង់មួយចំនួន ធ្វេី ឲ្យ ប៉ះពាល់ ដល់  ប្រឡៃទឹក  ស្ថិត នៅ ក្នុង ឃុំ មេសជ្រៃ  ស្រុក ស្ទឹងត្រង់  ខេត្តកំពង់ចាម  ការ ណែនាំ យ៉ាង ដូច្នេះក្នុងកិច្ចប្រជុំសាមញ្ញលើកទី៣១  អាណត្តិទី៣ របស់ក្រុមប្រឹក្សាខេត្តកំពង់ចាម   នាព្រឹកថ្ងៃទី៩ ខែធ្នូ ឆ្នាំ២០២១  ។

ឯកឧត្តម  អ៊ុន  ចាន់ដា  អភិបាលខេត្តកំពង់ចាម  បាន ថ្លែងថា  ចំពោះ ករណី រំលោភបំពាន ដី ចំណី ផ្លូវ  និងការ សាងសង់ សំណង់ មួយចំនួនធ្វេី ឲ្យ ប៉ះពាល់ ដល់ ប្រឡៃទឹក ខាងលើ ដែល ឯកឧត្ដម សមាជិក ក្រុមប្រឹក្សាខេត្ត   បានលើកឡើងនេះ  សូម ឲ្យ  ឯកឧត្តម  ហេង  វណ្ណនី  អភិបាល រងខេត្ត  ដឹកនាំ មន្ត្រី ពាក់ព័ន្ធ  ដែលមានមន្ទីរ រ៉ែ និង ថាមពល  មន្ទីរ ធនធានទឹក និង ឧតុនិយម  មន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដី  និង មន្ទីរ សាធារណការ និង ដឹកជញ្ជូន ខេត្ត  រួមនឹង អាជ្ញាធរ មូលដ្ឋាន   ចុះ ពិនិត្យ  ជាពិសេស គឺត្រូវ ធ្វើការ ដោះស្រាយ នៅនឹងកន្លែង តែម្ដង  ប្រសិនជា ពិនិត្យ ទៅ ឃេីញ ថា មាន បញ្ហា មិនប្រក្រតី ណាមួយ នោះ  ហើយ ក្នុងនោះ ក៏ត្រូវ អញ្ជើញ គូរភាគី  រវាង ដេីម បណ្តឹង  និង អ្នក ពាក់ព័ន្ធ ឲ្យ ចូលរួម ផង ដែរ  ។

ក្នុង កិច្ចប្រជុំនេះដែរ  ឯកឧត្តម  ខ្លូត  ផន  ប្រធាន ក្រុមប្រឹក្សា ខេត្តកំពង់ចាម  បាន លើក យក សេចក្តី ព្រាង របៀបវារៈ សំខាន់ ៗ  មក ពិភាក្សា  រួមមាន  ១-ពិនិត្យ និងអនុម័តសេចក្តីព្រាងកំណត់ហេតុនៃកិច្ចប្រជុំសាមញ្ញលើកទី៣០ អាណត្តិទី៣ របស់ក្រុមប្រឹក្សាខេត្ត ។

២-ពិនិត្យ ពិភាក្សា និងអនុម័តសេចក្តីព្រាងរបាយការណ៍បូកសរុបលទ្ធផលការងារ ប្រចាំខែ វិច្ឆិកា និងលេីកទិសដៅការងារប្រចាំខែធ្នូ ឆ្នាំ២០២១ របស់រដ្ឋបាលខេត្តកំពង់ចាម ។

៣-ពិនិត្យ ពិភាក្សា និងអនុម័តសេចក្តីព្រាងកម្មវិធីវិនិយោគបីឆ្នាំរំកិល (២០២២-២០២៤)  របស់រដ្ឋបាលខេត្ត។

៤-ពិនិត្យ ពិភាក្សា និងអនុម័តសេចក្តីព្រាងប្រតិទិនការងារ កម្មវិធីវិនិយោគបីឆ្នាំរំកិល (២០២៣-២០២៥) របស់រដ្ឋបាលខេត្ត។

៥-បញ្ហាផ្សេងៗ ៕

Leave a Reply

Your email address will not be published. Required fields are marked *