អភិបាលខេត្តកំពង់ចាម៖ ជម្លោះ និងអំពើហឹង្សា គឺជាឧបសគ្គ នៃវឌ្ឍនភាពសេដ្ឋកិច្ចសង្គម

កំពង់ចាម :  ក្នុងកិច្ចប្រជុំបូកសរុបវាយតម្លៃការងារប្រចាំឆ្នាំ២០២១ និងទិសដៅសម្រាប់អនុវត្តក្នុងឆ្នាំ២០២២ របស់សាខាសមាគមនារីកម្ពុជាដើម្បីសន្តិភាពនិងអភិវឌ្ឍន៍ខេត្តកំពង់ចាម នារសៀល ថ្ងៃទី ១៥  ខែធ្នូ  ឆ្នាំ ២០២១ នេះ  ឯកឧត្តម  អ៊ុន  ចាន់ដា  អភិបាលខេត្តកំពង់ចាម  បានថ្លែងថា  សុខសន្តិភាពពិតជាមានសារៈសំខាន់ខ្លាំងណាស់ដែលជាបំណងប្រាថ្នារបស់បុគ្គលគ្រប់រូប គ្រប់វ័យ ព្រោះបើមានសុខសន្តិភាពនោះ  គឺពិតជាមានការអភិវឌ្ឍន៍លើគ្រប់វិស័យ និងគ្រប់ទីកន្លែង  ពោលគឺសង្គមជាតិទាំងមូលនឹងមានការរីកចំរើន។ ផ្ទុយទៅវិញបើមានជម្លោះ និងអំពើហឹង្សា  គឺជាឧបសគ្គ  នៃវឌ្ឍនភាពសេដ្ឋកិច្ចសង្គម របស់ប្រទេសយើង ហើយធ្វើឱ្យប៉ះពាល់ដល់សុខុមាលភាព ផ្លូវចិត្តអារម្មណ៍ និងរាងកាយរបស់បុគ្គលផងដែរ  ។

ក្នុង កិច្ចប្រជុំ នេះ ដែរ  ឯកឧត្ដមអភិបាលខេត្ត  បានសំដែងនូវការអបអរសាទរចំពោះ បងប្អូន នារី ដែលត្រូវបានរាជរដ្ឋាភិបាលគាំទ្រយ៉ាងពេញទំហឹង និងបានទទួលស្គាល់ពីសមត្ថភាព ទាំងចំណេះដឹង ជំនាញ និងឧត្តមភាព ព្រមទាំងសក្តានុពលរបស់ស្ត្រី ដែលធនធានទាំងនោះ សុទ្ធសឹងជាធាតុចូលយ៉ាងសំខាន់សម្រាប់រួមចំណែកដល់កិច្ចអភិវឌ្ឍន៍សង្គម ហើយក៏ជាកត្តារួមចំណែក ធ្វើឱ្យមានសុខសន្តិភាព និងវឌ្ឍនភាពយូរអង្វែងនៅក្នុងសង្គមជាតិ ។

ឯកឧត្តម  អ៊ុន  ចាន់ដា  អភិបាលខេត្តកំពង់ចាម  បានចាត់ទុកថា កិច្ចប្រជុំនេះក៏ជាការរួមគ្នាប្រជុំពិភាក្សាព្រមជាមួយការទទួលយកបទពិសោធន៍រវាងគ្នានឹងគ្នា សំរាប់ការអនុវត្តន៍នាពេលខាងមុខ បានល្អប្រសើរ និងប្រកបដោយជោគជ័យ ក៏ដូចជាការឆ្លើយតបជាមួយសេចក្ដីណែនាំ ព្រមជាមួយនិងការផ្តល់អនុសាសន៍ដ៏មានខ្លឹមសារ និងអត្ថន័យសំរាប់ការអនុវត្តន៍ការងាររបស់សមាគមនារីឲ្យបានកាន់តែប្រសើរឡើង ហើយក៏ជាការបង្ហាញនូវសុឆន្ទៈក្នុងការអនុវត្តន៍សកម្មភាពបំរើប្រជាជនឲ្យបានកាន់តែប្រសើរ  ។

ជាមួយ គ្នា នោះ  ឯកឧត្តមអភិបាលខេត្ត  ក៏បានលេីកឡេីងថា  បច្ចុប្បន្ននេះ ការអនុវត្តន៍កម្មវិធីកំណែទម្រង់នានា  ត្រូវបានជម្រុញដោយឈរលើស្មារតី និងឆន្ទៈដ៏មុតស្រួច ប្រកបដោយការទទួលខុសត្រូវ  ដោយស្ដែងចេញពីការលើកកម្ពស់អភិបាលកិច្ចល្អ  ដើម្បីកំណើនការងារ សមធម៌ និងប្រសិទ្ឋភាព ផងដែរ  ៕

Leave a Reply

Your email address will not be published. Required fields are marked *