មន្ទីរកសិកម្មខេត្តកំពង់ធំ រៀបចំវគ្គបណ្តុះបណ្តាលអប់រំវិជ្ជាជីវៈលក់ថ្នាំកសិកម្ម និងការប្រើប្រាស់ត្រឹមត្រូវតាមបទដ្ឋានបច្ចេកទេស

កំពង់ធំ៖ មន្ទីរកសិកម្មរុក្ខាប្រមាញ់ និងនេសាទ ខេត្តកំពង់ធំ សហការជាមួយនាយកកដ្ឋាននីតិកម្មកសិកម្ម នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ រៀបចំវគ្គបណ្តុះបណ្តាលអប់រំសមត្ថភាពវិជ្ជាជីវៈ ដល់អាជីវករ បុគ្កលិកក្រុមហ៊ុន លក់ដុំ លក់រាយ សម្ភារៈ ការគ្រប់គ្រងថ្នាំ ជី កសិកម្ម និងការប្រើប្រាស់ឱ្យបានត្រឹមត្រូវទៅតាមបទដ្ឋានបច្ចេកទេស។

នៅថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០២១, មន្ទីរកសិកម្មខេត្តកំពង់ធំ សហការជាមួយនាយកកដ្ឋាននីតិកម្មកសិកម្ម នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ រៀបចំបិទវគ្គបណ្តុះបណ្តាលអប់រំវិជ្ជាជីវៈស្តីពីការលក់ថ្នាំជី កសិកម្ម និងការប្រើប្រាស់ត្រឹមត្រូវតាមបទដ្ឋានបច្ចេកទេសដល់អាជីករ និងបុគ្គលិកក្រុមហ៊ុន ចំនួន១៨៥នាក់។

លោក ឈរ បៀនគង់ អនុប្រធានមន្ទីរកសិកម្មខេត្តកំពង់ធំ លើកឡើងថា វគ្គបណ្តុះបណ្តាលនេះ មានសារសំខាន់ណាស់ លើការអប់រំសមត្ថភាពវិជ្ជាជីវៈ ដល់អាជីវករ និងបុគ្កលិក ក្រុមហ៊ុន លក់ដុំ លក់រាយ សម្ភារកសិកម្ម ឱ្យបានយល់ដឹងពីច្បាប់ ស្តីពីការគ្រប់គ្រងថ្នាំកសិកម្ម និងជីកសិកម្ម ក្នុងការធ្វើ អាជីវកម្មលក់ ដុំលក់រាយ និងការប្រើប្រាស់ឱ្យបានត្រឹមត្រូវទៅតាមបទដ្ឋានបច្ចេកទេស លើសម្ភារកសិកម្ម ធានាការគ្រប់គ្រងថ្នាំកសិកម្ម និងជីកសិកម្ម ប្រកបដោយប្រសិទ្ធភាព និងសុវត្ថិភាពដល់អ្នកប្រើប្រាស់ លើវិស័យកសិកម្ម ឱ្យមានប្រសិទ្ធិភាពខ្ពស់ ដើម្បីអភិវឌ្ឍសង្គម និងសេដ្ឋកិច្ចជាតិ ។ លោកបន្តថា វគ្គបណ្តុះបណ្តាលអប់រំសមត្ថភាពវិជ្ជាជីវៈ បានចាប់ផ្តើមរៀបចំឡើងតាំងពីឆ្នាំ២០១១ រហូតដល់បច្ចុប្បន្នមានចំនួន៩វគ្គ មានសិក្ខាកាមចូលរួម សរុប ចំនួន ៩០៤នាក់ ស្រីចំនួន ៥៧២នាក់ ។ ដោយឡែកក្នុងឆ្នាំ២០២១ នេះបានរៀបចំបើកវគ្គបណ្តុះបណ្តាលអប់រំសមត្ថភាពវិជ្ជាជីវៈ ០១វគ្គ មានសិក្ខាកាមចូលរួម សរុបចំនួន ១៨៥នាក់។

លោក ព្រឹម រដ្ឋា អភិបាលរងខេត្តកំពង់ធំ ទទួលបន្ទុកផ្នែកកសិកម្មលើកឡើងដែរថា វគ្គអប់រំបណ្តុះបណ្តាលខាងលើនេះ មិនមែនសម្រាប់អាជីវករ ឬក្រុមហ៊ុន ឲ្យអនុវត្តស្របច្បាប់ប៉ុណ្ណោះនោះទេ! ប៉ុន្តែ គឺជាកាចូលថែរក្សាសុខភាព សុវត្ថិភាព ទាំងអ្នកប្រើប្រាស់ និងអ្នកទទួលទានគ្រឿងបរិភោគផងដែរ។ នេះជាទំនួលខុសត្រូវទាំងអស់គ្នា ទាំងការថែទាំបរិស្ថាន កាត់បន្ថយជាតិពុល ឬសារធាតុគីមីក្នុងម្ហូប អាហារ! បន្លែគ្រប់ប្រភេទ និងស្រូវអង្ករ ដែលប្រជាពលរដ្ឋកម្ពុជាបរិភោគជាអាហារប្រចាំថ្ងៃ យ៉ាងហោចណាស់ចំនួនបីពេលក្នុងមួយថ្ងៃ។ លោកបន្តថា ការប្រើប្រាស់ថ្នាំ និងជី កសិកម្ម គឺកត្តាដែលមិនអាចខ្វះបាន សម្រាប់ដំណាំគ្រប់ប្រភេទ, ដូច្នេះចាំបាច់បំផុត អាជីវករគ្រប់រូប មុននឹងលក់ទៅឲ្យអតិថិជនត្រូវយល់ដឹងពីការប្រើប្រាស់ និងណែនាំ ទៅអ្នកប្រើប្រាស់ផ្ទាស់ឲ្យយល់ដឹងពីការប្រើប្រាស់ នៃប្រភេទថ្នាំ ជី កសិកម្មរបស់ខ្លួន។ ទន្ទឹមនេះផងដែរ អាជីវករទាំងអស់ត្រូវ យល់ដឹង និងស្គាល់ឲ្យច្បាស់ ពីប្រភេទថ្នាំ ដែលបានចុះបញ្ជីការអនុញ្ញាត្តិឲ្យប្រើប្រាស់ដោយក្រសួងកសិកម្ម ដើម្បីលើកកម្ពស់ការគោរពច្បាប់ និងចូលរួមថែរក្សាសុខភាពសាធារណៈ។

Leave a Reply

Your email address will not be published. Required fields are marked *