ដោយ៖ស៊ឹម ចរិយា
ព្រះវិហារ៖តុលាការខេត្តព្រះវិហារ បានចេញដីកាកោះហៅស្ត្រីជាឈ្មួញដឹកជញ្ជូនឈើផ្ទះចាស់ម្នាក់ បន្ទាប់ពីអ្នកសារព័ត៍មានចំនួន២នាក់ បានដាក់ពាក្យបណ្តឹងចោទប្រកាន់ពីបទបរិហារកេរ្តិ៍ជាសាធារណៈតាមបណ្តាញសង្គមហ្វេកប៊ុកនិងពីបទសូកប៉ាន់ កាលពីអំឡុងចុងខែវិច្ឆិកាឆ្នាំ២០២១កន្លងទៅនេះ។
យោងដីកាកោះលើសំណុំរឿងព្រហ្មទណ្ឌលេខ៥១៩ចុះថ្ងៃទី១៤ខែធ្នូឆ្នាំ២០២១ ដែល ទទួលបាននៅល្ងាចថ្ងៃទី២២ខែធ្នូឆ្នាំ២០២១នេះថា៖យើង វុធ សាវី តំណាងអយ្យការអមសាលាដំបូងខេត្តព្រះវិហារ កោះហៅឈ្មោះ ស្រី ដា ភេទស្រីអាយុ៤៩ឆ្នាំ ជាជនសង្ស័យ មានទីលំនៅបច្ចុប្បន្ននៅភូមិក្រាំងតូច ឃុំធ្លក ស្រុកទ្រាំង ខេត្តតាកែវ ឲ្យចូលទៅកាន់អយ្យការអមសាលាដំបូងខេត្តព្រះវិហារ នៅថ្ងៃទី១១ខែមករាឆ្នាំ២០២១ វេលាម៉ោង០៩.០០នាទីព្រឹក ដើម្បីសាកសួរពីដំណើររឿង បរិហារកេរ្តិ៍ជាសាធារណៈតាមបណ្តាញសង្គមហ្វេកប៊ុក និងសូកប៉ាន់ ប្រព្រឹត្តនៅភូមិបុស្សធំ ឃុំប្រមេរុ ស្រុកត្បែងមានជ័យ ខេត្តព្រះវិហារ។
លោក វុធ សាវី ព្រះរាជអាជ្ញារងនិងជាអ្នកនាំពាក្យអមអយ្យការសាលាដំបូងខេត្តព្រះវិហារ បានថ្លែងប្រាប់ឲ្យដឹងថា៖លោកបានចេញដីកាកោះហៅស្ត្រីម្នាក់ជាឈ្មួញដឹកជញ្ជូនឈើផ្ទះចាស់ បន្ទាប់ពីអ្នកសារព័ត៍មានបានដាក់ពាក្យប្តឹងស្ត្រីរូបនោះ ពីបទបរិហារកេរ្តិ៍ជាសាធារណៈតាមប្រព័ន្ធសង្គមហ្វេកប៊ុកនិងពីបទសូកប៉ាន់។លោកថាដោយសារស្រ្តីរូបនេះមានទីលំនៅឯខេត្តតាកែវ លោកបានចេញដីកាបញ្ជូនទៅអយ្យការអមសាលាដំបូងខេត្តតាកែវរួចហើយ ដើម្បីបញ្ជូនទៅស្ត្រីរូបនេះឲ្យផ្តិតមេដៃ។
យោងតាមពាក្យបណ្តឹងរបស់ឈ្មោះ សេង ពិសិដ្ឋ ភេទប្រុសអាយុ៥១ឆ្នាំ ជាអ្នកយកព័ត៍មានទូរទស្សន័ប៉ុស្តិ៍លេខ៥ប្រចាំខេត្តព្រះវិហារនិងឈ្មោះ ស៊ឹម ចរិយា ភេទស្រី អាយុ ៣១ឆ្នាំ រស់នៅភូមិភារកិច្ច សង្កាត់ប៉ាលហាល ក្រុងព្រះវិហារ បានប្តឹងឈ្មោះស្រី ដា ជាអ្នករកស៊ីដឹកជញ្ជូនឈើផ្ទះចាស់ ពីបទបរិហារកេរ្តិ៍ជាសាធារណៈតាមប្រព័ន្ធសង្គមហ្វឹកប៊ុកនិងពីបទសូកប៉ាន់ ដែលបានប្រព្រឹត្តិកាលពីថ្ងៃទី២៧និងថ្ងៃទី៣០ខែវិច្ឆិកាឆ្នាំ២០២១កន្លងទៅ។
នៅក្នុងខ្លឹមសារនៃពាក្យបណ្តឹងរបស់អ្នកសារព័ត៍មានបានរៀបរាប់ថា៖កាលពីថ្ងៃទី២៧ខែវិច្ឆិកាឆ្នាំ២០២១ ខ្លួនបានធ្វើដំណើរតាមរថយន្តចេញពីខេត្តព្រះវិហារឆ្ពោះទៅស្រុកឆែប ពេលកំពុងធ្វើដំណើរដល់ភូមិបុស្សធំ ឃុំប្រមេរុ ឃើញរថយន្តយីឌុប១គ្រឿងកំពុងលើកឈើ ពេលនោះខ្លួនក៏បានឈប់ដើម្បីចុះមើល ពេលនោះមានបុរសម្នាក់បានយកលុយឲ្យ៥ម៉ឺនរៀលតែខ្លួនមិនទទួលយក ហើយក៏ធ្វើដំណើរចាកចេញទៅ។លុះថ្ងៃទី៣០ខែវិច្ឆិកាឆ្នាំ២០២១ ឈ្មោះស្រី ដា បានប្រើប្រាស់អាខោនហ្វេកប៊ុកឈ្មោះចែដាតាកែវ បានយករូបអ្នកសារព័ត៍មានទៅបង្ហោះអមដោយខ្លឹមសារថា៖ករណីដឹកផ្ទះចាស់អ្នកសារព័ត៍មានមកគម្រាមយកលុយ៥០ម៉ឺនរៀលទាំងប្តីនិងប្រពន្ធឲម្នាក់៥ម៉ឺនអត់យក ហើយយើងដឹកផ្ទះចាស់នេះមានច្បាប់ពីភូមិ ឃុំ ស្រុក ដឹងឮផងដែរ៕

