សាខាកាកបាទក្រហម កម្ពុជា ខេត្ត ប៉ៃលិន នាំយកអាវរងា ជាអំណោយសម្តេចតេជោ ហ៊ុន សែន និងសម្តេច កិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ជូនដល់ចាស់ជរា ប្រជាពលរដ្ឋ និងប្រជាការពារ ចំនួន៨៤៧គ្រួសារ ក្នុងឃុំទាំង ៤ ក្នុងស្រុកសាលាក្រៅ ខេត្តប៉ៃលិន

ប៉ៃលិន ៖ នៅព្រឹកថ្ងៃទី២៦ ខែធ្នូ  ឆ្នាំ២០២១ លោកជំទាវ បាន ស្រីមុំ អភិបាលខេត្តប៉ៃលិន និងជាប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្ត បានដឹកនាំសមាជិកកិត្តិយសសាខា, ថ្នាក់ដឹកនាំគណៈកម្មាធិការសាខា អនុសាខា យុវជនកាកបាទក្រហមខេត្ត និងយុវជន សហភាព សហព័ន្ធ យុវជន កម្ពុជា ខេត្ត ព្រមទាំងក្រុមការងារ បានអញ្ជើញចុះជួបសំណេះសំណាលសួរសុខទុក្ខ នាំយកអាវរងា  និងអំណោយរបស់សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា មកឧបត្ថម្ភដល់ចាស់ជរា ប្រជាពលរដ្ឋ ដែល មានជីវភាពខ្វះខាតដោយ សារវិបត្តិកូវីដ-១៩ និងប្រជាករពារភូមិ ចំនួន ៨៤៧គ្រួសារ នៅក្នុងឃុំទាំងបួន  នៃស្រុកសាលាក្រៅ ខេត្តប៉ៃលិន ។

លោកជំទាវ បាន ស្រីមុំ បាននាំមកនូវប្រសាសន៍ផ្ដាំផ្ញើសួរសុខទុក្ខ និងក្ដីនឹករលឹក អាណិតអាសូរក្រៃលែងពីសំណាក់សម្តេចតេជោ ហ៊ុន សែន និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា ដែលសម្ដេចប្រធាន ជាមាតាមនុស្សធម៌កម្ពុជា តែងតែគិតគូរពីសុខទុក្ខរបស់ប្រជាពលរដ្ឋងាយរងគ្រោះ និងរងគ្រោះ ដោយគ្រោះមហន្តរាយ និងឧបទ្ទេហេតុផ្សេងៗ នៅទូទាំងប្រទេសគ្រប់ពេលវេលា ដោយ មិនមានការរើសអើងវណ្ណៈ ជាតិសាសន៍ ពណ៌សម្បុរ ឬនិន្នាការ នយោបាយអ្វីឡើយ ជាពិសេសមិនបណ្តោយឱ្យពលរដ្ឋណាម្នាក់ស្លាប់ដោយអត់បាយ មិនបានដឹង និងមិនបានជួយដោះស្រាយនោះឡើយ ។ ជាក់ស្តែងនៅក្នុងរដូវរងានេះ សម្តេចទាំងទ្វេរបានប្រគល់អាវរងា និងថវិកាមួយចំនួន ជូនដល់លោកតា លោកយាយ ជនពិការ និងប្រជាការពារភូមិ ដែលបានខិតខំលះបង់កម្លាំងកាយចិត្តចូលរួមចំណែកការពារសន្តិសុខ សណ្តាប់ក្នុងភូមិ ។

លោកជំទាវបន្តថា  កន្លងមកសាខាកាកបាទក្រហមកម្ពុជាខេត្តប៉ៃលិន បានជម្រុញគ្រប់សកម្មភាពការងារមនុស្សធម៌ ឱ្យអនុវត្តន៍ទៅដោយរលូន និងមានប្រសិទ្ធភាពខ្ពស់ ដោយប្រកាន់ភ្ជាប់នូវគោលការណ៍គ្រឹះទាំង០៧ប្រការរបស់ចលនាកាកបាទក្រហមកម្ពុជា ក្នុងការឆ្លើយតបបានទាន់ពេលវេលា ចំពោះជនរងគ្រោះ និងជនងាយរងគ្រោះ ព្រមទាំងបានផ្តល់សម្ភារៈគ្រឿងឧបភោគ បរិភោគ ដល់ប្រជាពលរដ្ឋដែលរងគ្រោះដោយសារឧបទ្ទេវហេតុ ផ្សេងៗដូចជា៖ ខ្យល់កន្ត្រាក់ គ្រោះរាំងស្ងួត ទឹកជំនន់ គ្រោះអគ្គីភ័យ គ្រោះថ្នាក់ចរាចរណ៍ ពលរដ្ឋមានជីវភាព ខ្វះខាត គ្រួសារជនពិការ កុមារកំព្រា អ្នករស់នៅជាមួយ មេរោគអេដស៍ ចាស់ជរាគ្មានទីពឹង និងគ្រួសារសពខ្វះខាត ជាដើម ជាពិសេសបានចូលរួមយ៉ាងសកម្ម ក្នុងការទប់ស្កាត់ការចម្លងរីករាលដាលនៃជម្ងឺកូវីដ-១៩ ក៏ដូចជាមេរោគបំប្លែងថ្មី  អូមីក្រុង  ហើយជាក់ស្តែងនាពេលនេះ ទោះបីជាអំណោយស្បៀងទាំងនេះ មិនបានបំពេញតាមតំរូវការរបស់បងប្អូនពិតមែន តែក៏អាចដោះស្រាយបានមួយកំរិតផងដែរ ក្នុងកាលៈទេសៈវិបត្តិកូវីដ-១៩នេះ។

លោកជំទាវ ក៏បានមានប្រសាសន៍ផ្តាំផ្ញើដល់បងប្អូន ប្រជាពលរដ្ឋទាំងអស់ សូមយកចិត្តទុកដាក់ទៅលើបញ្ហាសុខភាព ដោយត្រូវរក្សាអនាម័យក្នុងការរស់នៅជាប្រចាំ ដូចជា៖ លាងដៃនឹងសាប៊ូ ហូបទឹកឆ្អិន និងសម្រានក្នុងមុងជានិច្ច ដើម្បីចៀសវាងការកើតមានជំងឺផ្សេងៗ ជាពិសេសជំងឺកូវីដ-១៩ ដែលយើងត្រូវរួមគ្នាប្រយុទ្ធប្រឆាំង បង្ការទប់ស្កាត់ ការពារការឆ្លងរីករាលដាល នៃជំងឺកូវីដ-១៩ បំលែងថ្មី(អូមីក្រុង) នៅក្នុងសហគមន៍ ហើយត្រូវរួមគ្នាអនុវត្តឱ្យបានម៉ឺងម៉ាត់នូវវិធានការ ការពាររបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី គឺ ៣ការពារ ៣កុំ ក្នុងនោះបើបងប្អូនមានបញ្ហាសុខភាព ឬករណីសង្ស័យ សូមប្រញ៉ាប់ប្រញាល់ រាយការណ៍មកអាជ្ញាធរមូលដ្ឋាន ដើម្បីអោយក្រុមគ្រូពេទ្យជំនាញ ធ្វើការពិនិត្យសុខភាព ឬធ្វើសំណាក និងទទួលការព្យាបាលបានទាន់ពេលវេលា។

សូមបញ្ជាក់ថា ៖ ចាស់ជរា  ប្រជាពលរដ្ឋមានជីវភាពខ្វះខាត និង ប្រជាការពារ ទាំង៤ឃុំ គឺឃុំសាលាក្រៅ ឃុំអូរអណ្តូង ឃុំស្ទឹងកាច់ និងឃុំស្ទឹងត្រង់  ដោយក្នុងមួយគ្រួសារទទួលបាន អាវរងា១ ភួយ១ ក្រមា១ ជែលលាងដៃ(កន្លះលីត្រ) ២ដប ,ម៉ាស៥បន្ទះ និងថវិកាចំនួន ៥០០០០រៀល ៕ ដោយ ៖ នីយ៉ា

Leave a Reply

Your email address will not be published. Required fields are marked *