ឯកឧត្តម លី ធុជ សមាជិកគណៈកម្មាធិការកណ្តាល និងជាប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានក្រុងបាវិតបាននាំយកនូវគ្រឿងឧបភោគបរិភោគដែលជាអំណោយដ៏ថ្លៃថ្លារបស់សម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប្រគល់ជូនប្រជាពលរដ្ឋដែលមានប័ណ្ណសមធ៌ម និងចាស់ជរាចំនួន ១៥០នាក់ នៅក្រុងបាវិត

ខេត្តស្វាយរៀង៖នៅថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០២១ ក្នុងនាមលោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន អនុប្រធានគណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តស្វាយរៀង ឯកឧត្តម លី ធុជ សមាជិកគណៈកម្មាធិការកណ្តាល និងជាប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានក្រុងបាវិត បានដឹកនាំក្រុម ការងារជួបសំណេះសំណាល និងនាំយកនូវអំណោយដ៏ថ្លៃថ្លារបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា ចែក ជូនដល់គ្រួសារដែលខ្វះខាត និងចាស់ជរាចំនួន ១៥០នាក់ នៅសង្កាត់ច្រកម្ទេស ក្រុងបាវិត ខេត្តស្វាយរៀង ដោយក្នុងមួយនាក់ទទួលបាន អង្ករ២៥គីឡូក្រាម មី១កេស ទឹកត្រី១យូរ ទឹកស៊ីអ៊ីវ១យូរ អាវ រងារ និងថវិកា ២ម៉ឺនរៀល។

ពិធីសំណេះសំណាលនេះ មានការអញ្ជើញចូលរួមពី លោក ស៊ុយ ជីហ៊ាង ប្រធានក្រុមការងារចុះមូលដ្ឋានសង្កាត់ច្រកម្ទេស លោក គាំ រីបូន ប្រធានក្រុមការងារចុះមូលដ្ឋានសង្កាត់បាទី លោក លឹម សៀងហេង អភិបាលក្រុងបាវិត សមាជិក សមាជិកាក្រុមការងារចុះមូលដ្ឋានសង្កាត់ច្រកម្ទេស សមាជិកគណៈកម្មាធិការគណបក្សក្រុង សង្កាត់ និងអាជ្ញាធរដែនដីគ្រប់លំដាប់ថ្នាក់។

ក្នុងឱកាសនោះ ឯកឧត្តម លី ធុជ បានពាំនាំនូវសេចក្ដីនឹករលឹក និងការសាកសួរសុខទុក្ខពីសម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ក៏ដូចជាការសួរសុខទុក្ខពីលោកស្រីកិត្តិសង្គហបណ្ឌិត ប្រធានក្រុមការងារចុះមូលដ្ឋានខេត្តស្វាយរៀង ជូនចំពោះអាជ្ញាធរដែនដីគ្រប់លំដាប់ថ្នាក់ និងបងប្អូនប្រជាពលរដ្ឋនៅក្រុងបាវិត។

ជាមួយគ្នានេះ លោកប្រធានក្រុមការងារ បានលើកឡើងអំពីភាពជោគជ័យ និងការយកចិត្តទុកដាក់របស់ រាជរដ្ឋាភិបាលកម្ពុជា ចំពោះការថែទាំសុខមាលភាពរបស់ប្រជាពលរដ្ឋ ជាពិសេសការងារទប់ស្កាត់ និងការ  ប្រយុទ្ធប្រឆាំងការរីករាលដាលជំងឺកូវីដ១៩ ព្រមទាំងបានណែនាំអោយពួកគាត់ ត្រូវបន្តប្រុងប្រយ័ត្នខ្ពស់ពីជំងឺឆ្លងកូវីដ-១៩ និងថែរក្សាសុខភាពអនាម័យជាប្រចាំ ទោះបីរាជរដ្ឋាភិបាលបានបិទបញ្ចប់ទាំងស្រុងនូវព្រឹត្តិការណ៍សហគមន៍ ២០កុម្ភៈ ក៏ដោយ។

ជាងនេះទៅទៀត ឯកឧត្តម លី ធុជ បានលើកឡើងអំពីការពលី និងលះបង់គ្រប់បែបយ៉ាងរបស់ថ្នាក់ដឹកនាំ គណបក្សប្រជាជនកម្ពុជា និងកិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលកម្ពុជា ដើម្បីបុព្វហេតុជាតិមាតុភូមិ  ការរក្សាសុខសន្តិភាព ស្ថិរភាព និងការបង្រួបបង្រួមជាតិ ដែលក្នុងប្រវត្តិសាស្ត្រប្រទេសកម្ពុជា មិនដែលមាន។

ឯកឧត្តមបានបន្តទៀតថា មានតែគណបក្សប្រជាជនកម្ពុជាប៉ុណ្ណោះដែលរស់នៅរួមសុខ រួមទុក្ខ ជាមួយបងប្អូនប្រជាពលរដ្ឋគ្រប់កាលៈទេសៈ ព្រមទាំងបានអំពាវនាវឲ្យប្រជាពលរដ្ឋទាំងអស់បន្តបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា ដើម្បីគាំទ្រដល់សុខសន្តិភាព និងការអភិវឌ្ឍប្រទេសជាតិ។

បន្ទាប់ពីបញ្ចប់ពិធីសំណេះសំណាលនេះ ឯកឧត្តម លី ធុជ បានដឹកនាំក្រុមការងារចុះពិនិត្យសកម្មភាពរបស់ប្រជាពលរដ្ឋជួសជុលផ្លូវលំមួយខ្សែស្ថិតក្នុងភូមិបត់ស្ថឹក សង្កាត់ច្រកម្ទេស ព្រមទាំងបានជួយឧបត្ថម្ភនូវគ្រួសចំនួន ០៤ឡាន ផងដែរ។

Leave a Reply

Your email address will not be published. Required fields are marked *