ព្រះវិហារ៖ ឯកឧត្តម មាស សុភា បានអំពាវនាវដល់ប្រជាពលរដ្ឋយើង ត្រូវបន្តចូលរួមថែរក្សាសុខសន្តិភាពដែលមានបច្ចុប្បន្ននេះឲ្យនៅគង់វង្សយូរអង្វែង ដើម្បីឲ្យវិស័យអាណាចក្រនិងវិស័យពុទ្ធចក្រ កាន់តែមានការអភិវឌ្ឍន៍រីកចម្រើនតទៅទៀត ដោយមិនត្រូវជឿតាមការញុះញង់របស់ជនណាឬក្រុមណាមួយដែលមានបំណងចង់បំផ្លាញសុខសន្តិភាពនោះទេ។
មានប្រសាសន៍បែបនេះក្នុងឱកាសដែល ឯកឧត្តមទេសរដ្ឋមន្ត្រី មាស សុភា ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តព្រះវិហារ រួមជាមួយឯកឧត្តម ឡុង សុវណ្ណ ប្រធានក្រុមប្រឹក្សាខេត្ត ឯកឧត្តម ប្រាក់ សុវណ្ណ អភិបាលខេត្តព្រះវិហារ ព្រមទាំងថ្នាក់ដឹកនាំ មន្ត្រីរាជការនិងប្រជាពលរដ្ឋជាច្រើនរូបទៀត អញ្ជើញជាអធិបតីភាពក្នុងពិធី សម្ភោធដាក់អោយប្រើប្រាស់សមិទ្ធិផលនានានៅវត្តឧត្តរគីរីជុំសែនជ័យ ហៅវត្តអានសេះ ជាប់ព្រំដែនថៃក្នុងភូមិអានសេះ ឃុំជាំក្សាន្ត ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ នៅព្រឹកថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២១នេះ។
ក្នុងឱកាសនោះដែរឯកឧត្តមទេសរដ្ឋមន្ត្រី មាស សុភា បានផ្តាំផ្ញើសាកសួរសុខទុក្ខដោយក្តីនឹក រលឹកពីសំណាក់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ដែលជានិច្ចជាកាលសម្តេចទាំងទ្វេរ តែងតែបានយកចិត្តទុកដាក់គិតគូរពីសុខទុក្ខនិងជីវភាពរស់នៅរបស់ប្រជាពលរដ្ឋយើងគ្រប់ទីកន្លែង។
លោក មាស សុភា បានថ្លែងរំលឹកប្រជាពលរដ្ឋថា ក្រោមនយោបាយឈ្នះឈ្នះ ដែលមានសម្តេចតេជោ ហ៊ុន សែន ជាស្ថាបនិក បានធ្វើឲ្យសង្គ្រាមដ៏រ៉ាំរ៉ៃនៅក្នុងប្រទេសត្រូវបានបញ្ចប់ទាំងស្រុង ហើយបាននាំមកនូវសុខសន្តិភាពនិងការអភិវឌ្ឍន៍ប្រទេសជាតិមានការរីកចម្រើនរហូតមកដល់សព្វថ្ងៃនេះ។
ឯកឧត្តមទេសរដ្ឋមន្ត្រីក៏បានថ្លែងអំណរគុណដល់សប្បុរសជនគ្រប់ទិសទី ដែលបានចូលរួម ចំណែកកសាងវត្តនេះ ពិសេសក្រុមការងារចុះជួយស្រុកជាំក្សាន្ត និងលោក មួង ឃីម ដែលបានចូលរួមថវិការ២៥០០០ដុល្លារ សម្រាប់សាងសង់ព្រះពុទ្ធរូបនៅក្នុងវត្តនេះផងដែរ៕
ជាចុងក្រោយឯកឧត្តមក៏បានផ្តាំផ្ញើរដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ត្រូវចូលរួមគាំទ្រកម្មវិធី នយោបាយនានារបស់រាជរដ្ឋាភិបាល ត្រូវចូលរួមគាំទ្រអនុវត្តន៍កម្មវិធីគោលនយោបាយភូមិ ឃុំ មានសុវត្ថិភាពរបស់រាជរដ្ឋាភិបាល ពិសេសត្រូវបន្តការខ្លួនកុំឲ្យឆ្លងជំងឺកូវីដ១៩។
សូមបញ្ជាក់ថា សមិទ្ធិផលនានានៅក្នុងវត្តឧត្តរជ័យគីរីជុំដសែនជ៏យ ហៅវត្តអានសេះ ដែលសម្ភោធដាក់ឱ្យប្រើប្រាស់នៅពេលនេះរួមមាន៖ ខ្លោងទ្វារវត្ត ស្រះទឹក ក៏ដូចជាការចញ្ចុះបឋមសិលាសាងសង់ព្រះពុទ្ធរូប និងសាលាបាលីផងដែរ៕


