អាគារសាលាបឋមសិក្សាវត្តពោធិ៥០០០ដើម១ខ្នងនិងសមិទ្ធិផលនានាអំណោយទេសរដ្ឋមន្ត្រី មាស សុភា ត្រូវបានបញ្ចុះបឋមសិលាសាងសង់ជាផ្លូវការ

ព្រះវិហារ៖ ឯកឧត្តមទេសរដ្ឋមន្ត្រី មាស សុភា បានថ្លែងនូវការកោតសរសើរចំពោះទឹកព្រះទ័យរបស់ព្រះតេជគុណ សៀន គុណលាភ និងសប្បុរសជនជាច្រើនរូបទៀត ដែលបានបរិច្ចាគបច្ច័យ ថវិកា និងដីចូលរួមចំណែកសាងសង់សាលាបឋមសិក្សាវត្តពោធិ៥០០០ដើមនេះ។ លោកទេសរដ្ឋមន្ត្រីថា ទាំងវិស័យពុទ្ធចក្រនិងវិស័យអាណាចក្រនៅទីនេះ គឺមានការរីកចម្រើនខ្លាំងណាស់ សូម្បីតែដីវត្តនៅទីនេះធំជាងគេហើយដាំដើមពោធិរហូត ៥០០០ដើម និងរូបបដិមា៥០០០អង្គ ធ្វើអំពីថ្មសុទ្ធ ចំពោះសាលាឆាន់ក៏ធ្វើអំពីឈើធំៗទៀត។

ថ្លែងកោតសរសើបែបនេះក្នុងពេលដែលឯកឧត្តមទេសរដ្ឋមន្ត្រីអញ្ជើញជាអធិបតីភាពក្នុងពិធីបញ្ចុះបឋមសិលាសាងសង់ជាផ្លូវការ អាគារសាលាបឋមសិក្សាវត្តពោធិ៥០០០ដើម ចំណុចអូរដូនស្ងួន ក្នុងភូមិគូលែនត្បូង ឃុំគូលែនត្បូង ស្រុកគូលែន ខេត្តព្រះវិហារនិងសមិទ្ធិផលនានា នៅព្រឹកថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០២១នេះ។

ពិធីនេះក៏មានការចូលរួមពីឯកឧត្តម ប្រាក់ សុវណ្ណ អភិបាលខេត្តព្រះវិហារ រួមនិងថ្នាក់ដឹកនាំ មន្ត្រីរាជការនិងប្រជាពលរដ្ឋជាច្រើនរូបទៀត។

ឯកឧត្តមទេសរដ្ឋមន្ត្រី បានថ្លែងជម្រាបជូនលោកតា លោកយាយនិងប្រជាពលរដ្ឋពីការ អភិវឌ្ឍរីកចម្រើនរបស់ប្រទេសជាតិពីមួយថ្ងៃទៅមួយថ្ងៃ ក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន ជានាយករដ្ឋមន្ត្រីនៃកម្ពុជា។ លោកក៏អំពាវនាវដល់ប្រជាពលរដ្ឋ ត្រូវចូលរួមថែរក្សាសុខសន្តិភាពដែលមានសព្វថ្ងៃនេះឲ្យនៅគង់វង្សយូរអង្វែង ដើម្បីឲប្រទេសជាតិយើង កាន់តែមានការអភិវឌ្ឍរីកចម្រើនថែមទៀត និងត្រូវបន្តគាំទ្រកម្មវិធីនយោបាយនានារបស់រាជរដ្ឋាភិបាល ចូលរួមអនុវត្តន៍កម្មវិធីគោលនយោបាយភូមិ ឃុំ មានសុវត្ថិភាពទាំង ៧ចំណុចឲ្យមានប្រសិទ្ធិភាព។

បើតាមព្រះតេជគុណព្រះសីមានុចារី សៀន គុណលាភ ព្រះបាឡាត់គុណខេត្តព្រះវិហារ និងជាព្រះអនុគុណស្រុកគូលែន បានមានសង្ឃដីកាថា ក្នុងទិសដៅចូលរួមចំណែកជា មួយរាជរដ្ឋាភិបាល ដែលមានសម្តេចតេជោ ហ៊ុន សែន ជានាយករដ្ឋមន្ត្រីនៃកម្ពុជា ក្នុងការអភិវឌ្ឍធនធានមនុស្ស ធនធានចំណេះដឹង ពិសេសដើម្បីឲ្យសាលារៀនបានសាងសង់លើតំបន់ដាច់ស្រយ៉ាលមួយនេះ ព្រះតេជគុណបានបរិច្ចាកដីវត្តមួយចំនួន និងចូលបច្ច័យសាងសង់សាលារៀននេះចំនួន ២ម៉ឺនដុល្លារ លោក ស៊ី គីរី សមាជិកក្រុមប្រឹក្សាខេត្តព្រះវិហារ និងក្រុមគ្រួសារចូលរួម ១ម៉ឺនដុល្លារ និងសប្បរសជនជាច្រើនរូបទៀត។

ព្រះតេជគុណបានមានសង្ឃដីកាបញ្ជាក់ទៀតថាសាលាបឋមសិក្សាវត្តពោធិ៥០០០ដើម១ខ្នង មានចំនួន៦បន្ទប់ អណ្តូងទឹក១ បន្ទប់ទឹក៤បន្ទប់ ដែលរៀបចំបញ្ចុះសិលាសាងសង់ នៅពេលនេះ មានចំងាយជាង១២គីឡូម៉ែត្រ ពីទីរួមស្រុកគូលែន និងពីសាលានេះទៅ ឃុំស្រយ៉ង់ជាង ១២គីឡូមម៉ែត្រទៀត។

យោងលើស្ថានការជាក់ស្តែងបានបង្ហាញថា តំបន់នេះជាតំបន់ដាច់ស្រយ៉ាលឆ្ងាយខ្លាំង ពីចន្លោះសាលារៀនស្រុកគូលែន និងសាលារៀនឃុំស្រយ៉ង់រហូតជាង២០គីឡូម៉ែត្រ។

សូមបញ្ជាក់ថានៅក្នុងពិធីនេះក៏មានការចែកអំណោយដល់ប្រជាពលរដ្ឋក្រីក្រចំនួន៦០ គ្រួសារដែល ក្នុងនោះឯកឧត្តម សួស យ៉ារ៉ា អ្នកតំណាងរាស្ត្រមណ្ឌលព្រះវិហារ ក៏បានឧបត្ថម្ភអាវរងារចំនួន ១០០អាវស្មើនឹងទឹកប្រាក់ចំនួន ២០០០ដុល្លារ សម្រាប់ចែកជូនប្រជាពលរដ្ឋផងដែរ៕

Leave a Reply

Your email address will not be published. Required fields are marked *