កំពង់ធំ៖ នៅក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលការងារឆ្នាំ២០២១ និងលើកទិសដៅអនុវត្តន៍ការងារសម្រាប់ឆ្នាំ២០២២ របស់ក្រុមការងាររាជរដ្ឋាភិបាល ចុះមូលដ្ឋានខេត្តកំពង់ធំឯកឧត្តម ថោង ខុន រដ្ឋមន្រ្តីក្រសួងទេសចរណ៍ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកំពង់ធំបានដាក់ចេញនូវទិសដៅការងារសំខាន់ៗចំនួន០៩ចំណុច ដល់ក្រុមការងារដើម្បីបន្តអនុវត្តឱ្យទទួលបានប្រសិទ្ធភាពខ្ពស់នៅក្នុងឆ្នាំ២០២២ខាងមុននេះ។
កិច្ចប្រជុំនេះមានការចូលរួមពីឯកឧត្តម ងួន រតនៈ អភិបាលខេត្តកំពង់ធំ លោក សៅ សុភាព រដ្ឋលេខាធិការក្រសួងបរិស្ថាន និងជាអនុប្រធានក្រុមការងារ រួមទាំង មានសមាជិក សមាជិការនៃក្រុមកាងារ និងមន្ត្រីពាក់ព័ន្ធជាច្រើនរូបទៀត នៅសាលប្រជុំខេត្តកំពង់ធំ។
នៅក្នុងឱកាសនោះ អង្គប្រជុំ បានបង្ហាញពីលទ្ធផលដែលក្រុមការងារបានអនុវត្តកន្លងមក មានដូចជា៖ ការប្រយុទ្ធប្រឆាំង និងទប់ស្កាត់ការរីករាលដាល នៃជំងឺកូវីដ-១៩ ការចាក់វ៉ាស់សាំងការពារកូវីដ-១៩ ជូនប្រជាពលរដ្ឋ ការអនុវត្តកម្មវិធីឧបត្ថម្ភសាច់ប្រាក់ជូនគ្រួសារក្រីក្រក្នុងដំណាក់កាលកូវីដ-១៩ និងការងារឆ្វៀលដីនៅតំបន់៣ និងតំបន់២ ពិសេសការអនុវត្តបទបញ្ជារបស់សម្តេចតេជោនាយករដ្ឋមន្រ្តី ក្នុងការបង្ក្រាប ទប់ស្កាត់បទល្មើសនៃការកាប់ទន្រ្ទានដីព្រៃលិចទឹកនៅតំបន់បឹង ទន្លេសាប ក្នុងភូមិសាស្រ្តខេត្តកំពង់ធំ និងការអនុវត្តសេចក្តីជូនដំណឹងរបស់ទីស្តីការគណៈរដ្ឋមន្រ្តីលេខ ៧០៥ សជណ ចុះថ្ងៃទី០៣ ខែធ្នឆ្នាំ២០២១ ពាក់ព័ន្ធនឹងការចាត់ វិធានការបង្រ្កាបការទន្ទ្រានដីរដ្ឋក្នុងដែនព្រៃលិចទឹកនៃតំបន់បឹងទន្លេសាប ស្ថិតក្នុងភូមិសាស្រ្តខេត្តកំពង់ឆ្នាំង និងខេត្តកំពង់ធំ។
នៅក្នុងកិច្ចប្រជុំនេះដែរ ឯកឧត្តមងួន រតនៈ អភិបាលខេត្តកំពង់ធំ ក៏បានជម្រាបជូនអង្គប្រជុំអំពីលទ្ធផលនៃការចុះបង្រ្កាប និងការត្រួតពិនិត្យការប្រើប្រាស់ដីរបស់ប្រជាពលរដ្ឋ ដែលបាន អាស្រ័យផល នៅក្នុងតំបន់២ តំបន់៣ និងចុះស្រង់ទិន្នន័យរបស់ប្រជាពលរដ្ឋដែលបានប្រើប្រាស់ និងអាស្រ័យផលលើដីព្រៃលិចទឹកនៅជុំវិញបឹងទន្លេសាប (តំបន់៣) ស្ថិតនៅក្នុងស្រុកតាំងគោក ស្រុកបារាយណ៍ ស្រុកសន្ទុក ក្រុងស្ទឹងសែន ស្រុកកំពង់ស្វាយ និងស្រុកស្ទោង ការចុះត្រួតពិនិត្យបង្គោលកំណត់តំបន់៣និងការធ្វើយុទ្ធនា ការដាំដើមឈើឡើងវិញនៅតាមខ្សែបន្ទាត់តំបន់៣ និងដីដែលបានកាន់កាប់ទន្ទ្រានកន្លងមក ដើម្បីធានានិរន្តរភាពធនធានធម្មជាតិ និងបរិស្ថាន។

