បង្ក្រាប ឧក្រិដ្ឋជួញដូរគ្រឿងញៀនឆ្លងដែន ចាប់ខ្លួនចិន៩នាក់ រឹបអូសគ្រឿងញៀន ជាង៣០០ គីឡូក្រាម

ភ្នំពេញ : ជនជាតិចិន៩នាក់ ត្រូវប៉លិសក្រសួងមហាផ្ទៃ កម្ពុជានិងចិន ចាប់ខ្លួន ក្រោយពីជួញដូរគ្រឿងញៀនជាង៣០០គីឡូក្រាម ឆ្លងដែន ។ នេះបើតាមរបាយការណ៍ពីក្រសួងមហាផ្ទៃ ដែលអង្គភាពសារព័ត៌មាន សង្គមសន្តិភាព ទទួលបាន នៅថ្ងៃទី២៩ ធ្នូ ២០២១នេះ ។សមត្ថកិច្ចកម្ពុជា និង ចិន សហការគ្នាបង្រ្កាបករណីជួយដូរគ្រឿងញៀន ទ្រង់ទ្រាយធំ បន្ទាប់ពីបើកការស៊ើបអង្កេតអស់រយៈពេលជាង៤ខែ រហូតឈានដល់ការបង្រ្កាបព្រមគ្នា ដោយ សារក្រុមឧក្រិដ្ឋជនជាបណ្ដាញតែមួយ ។អនុវត្តតាមបញ្ជា នាយឧត្ដមសេនិយ៍ នេត សាវឿនអគ្គស្នងការនគរបាលជាតិ និង នាយឧត្ដមសេនិយ៍ ម៉ក់ ជីតូ អគ្គស្នងការរងទទួលផែនប្រឆាំងបទល្មើសគ្រឿងញៀន សមត្ថកិច្ច

សហការពីកម្លាំងជំនាញនៃនាយកដ្ឋានស៊ើបការណ៍ខាងក្រៅ  និងបច្ចេកទេស សមត្ថកិច្ចគយកំពង់ផែព្រះសីហនុ និងកម្លាំងជំនាញស្នងការដ្ឋាននគរបាល រាជធានីភ្នំពេញ សម្របសម្រួលដោយ លោក ស៊ិត វណ្ណៈ ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ បានដំណើរការស្រាវជ្រាវបង្ក្រាបករណីនេះ ២គោលដៅផ្សេងគ្នា (នៅចំណុចវីឡាភ្លោះលេខ២១ ផ្លូវលេខ R03 ស្តាផ្លាទីនឹម បុរីប៉េងហូតបឹងស្នោ សង្កាត់និរោធ ខណ្ឌច្បារអំពៅនិង  នៅចំណុច ភោជនីយដ្ឋានអីយិនម៉ាថូវ សង្កាត់បឹងព្រលឹត ខណ្ឌ ៧មករា រាជធានីភ្នំពេញ ឃាត់ខ្លួនជនសង្ស័យ៖  ៩នាក់ ទី ១-ឈ្មោះ HUANG RUI MING ភេទប្រុស កើតឆ្នាំ១៩៦៣ (មេក្លោង)។ ២-ឈ្មោះ LI YI NAN ភេទប្រុស កើតឆ្នាំ១៩៨៣  ។ ៣-ឈ្មោះ SUN LIANG ភេទប្រុស កើតឆ្នាំ១៩៧៩ ។ ៤-ឈ្មោះ SUN HAI TAO ភេទប្រុស កើតឆ្នាំ១៩៨០ ។ ៥-ឈ្មោះLIU WEI CHENG ភេទប្រុស កើតឆ្នាំ១៩៦៩ ។ ៦-ឈ្មោះ CHEN ZHI QUAN  ភេទប្រុស កើតឆ្នាំ១៩៥៥ ។ ៧-ឈ្មោះ WANG LEI ភេទប្រុស កើតឆ្នាំ១៩៩០ ៨-ឈ្មោះ WANG YUE ភេទប្រុស កើតឆ្នាំ១៩៨២ ។ ៩-ឈ្មោះ ZHU XIAO FEI ភេទប្រុស កើតឆ្នាំ១៩៨២  ។ក្រៅពីនោះ ប៉ូលិសរឹបអូសបានវត្ថុតាងមួយចំនួន ដូចជា ៖

គ្រឿងញៀនប្រភេទ មេតំហ្វេតាមីន(ICE)សរុបរួមទម្ងន់ ៣៤៧ គីឡូក្រាម ៤២៧,៩៩ក្រាម (លាក់ក្នុងបំពង់ដែក ៣៦៧ដើម និង៦១កញ្ចប់ធំ) ជញ្ជីងថ្លឹងគ្រឿងញៀន ២គ្រឿង និងសម្ភារៈវេចខ្ចប់មួយចំនួន ។ បន្ថែមពីនោះ សមត្ថកិច្ចបានចាប់យកទ្រព្យសម្បត្តិ ជនសង្ស័យ មានរថយន្ត១គ្រឿង ម៉ាក TOYOTA ALPHARD ពាក់ស្លាក់លេខ ភ្នំពេញ 2BE-2973 ។ ម៉ូតូមួយគ្រឿងម៉ាក HONDA PCX ពណ៌ខ្មៅ ស្លាកលេខ ភ្នំពេញ 1FE-5946 ។ ទូរស័ព្ទដៃ ចំនួន ១០គ្រឿង ។ ប្រាក់ ៣០០ ដុល្លារអាមេរិក។សូមបញ្ជាក់ថា ករណីនេះដំបូងឡើយ ក្រុមឧក្រិដ្ឋជន បានរៀបចំបញ្ជូនបំពង់ដែកពីចិនមកកម្ពុជា ហើយលួចច្រកគ្រឿងញៀន បម្រុងបញ្ជូនតាមផ្លូវសមុទ្រទៅប្រទេស ទី៣ តែត្រូវសមត្ថកិច្ចបង្រ្កាបបាន ។បច្ចុប្បន្នជនសង្ស័យ ព្រមទាំងវត្ថុតាងចាប់យកខាងលើ បានកសាងសំណុំរឿង បញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ ចាត់ការបន្តតាមនីតិវិធី៕

Leave a Reply

Your email address will not be published. Required fields are marked *