ខេត្តប៉ៃលិន ៖ នៅរសៀលថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០២១ នៅសាលាក្រុងប៉ៃលិន មានការរៀបចំប្រកាសចូលកាន់មុខតំណែង ប្រធាន អនុប្រធាន ការិយាល័យ ក្នុងរចនាសម្ព័ន្ធរដ្ឋបាលក្រុងប៉ៃលិន ក្រោមអធិបតីភាពលោក សួន ប៊ុនសង ប្រធានក្រុមប្រឹក្សាក្រុងប៉ៃលិន លោក ស៊ុន យី អភិបាលក្រុងប៉ៃ លិន និងថ្នាក់ដឹកនាំក្រុងជាច្រើនរូបទៀត។
ក្នុងឱកាសនោះដែរលោក ស៊ុន យី អភិបាលក្រុងប៉ៃលិន បានណែនាំ ដល់ប្រធាន អនុប្រធា នការិយាល័យ ដែលទើបតែងតាំងថ្មី ក្នុងរចនាសម្ព័ន្ធក្រុងប៉ៃលិន គឺត្រូវយកចិត្តទុកដាក់ខ្ពស់តាមការប្តេជ្ញាចិត្តរបស់ខ្លួន ក្នុងការបម្រើសេវាសាធារណ:ជូនប្រជាពលរដ្ឋឱ្យបានល្អ ឆាប់រហ័ស និងមានប្រ សិទ្ធភាពខ្ពស់ ជាពិសេសគឺផ្នែកខាងមន្រ្តីជំនាញសុរិយោដី និងមន្រ្តីភូមិបាលក្រុងប៉ៃលិន ត្រូវយកចិត្តទុកដាក់ ក្នុងការចុះស្រាវជ្រាវសាវតាដីធ្លី និងស៊ើបអង្កេតព្រំប្រទល់ ឱ្យបានច្បាស់លាស់មុននឹងចេញប្លង់កម្មសិទ្ធិជូនដល់ប្រជាពលរដ្ឋណាម្នាក់ កុំឱ្យមានបញ្ហាវិវាទដីធ្លីកើតឡើងនៅក្នុងមូលដ្ឋានរបស់ខ្លួនគ្រប់គ្រងនោះឡើយ។ ម្យ៉ាងវិញទៀត ត្រូវត្រួតពិនិត្យ ចំពោះការកាប់ទន្ទ្រានដីខុសច្បាប់ និងរួមគ្នាដោះស្រាយបញ្ហាទំនាស់ដីធ្លីរ៉ាំរ៉ៃ ឱ្យមានតម្លាភាព ទើបសមជាមន្ត្រីបម្រើរាស្ត្រពិតប្រាកដ។ លោក ស៊ុន យី ក៏សូមអំពាវ ដល់មន្រ្តីក្រោមឱវាទ ធ្វើការផ្សព្វផ្សាយនូវសេវាសាធារណ:គ្រប់ផ្នែកទាំងអស់ជូនប្រជាពលរដ្ឋឱ្យបានយល់ច្បាស់ គឺសូមឱ្យប្រជាពលរដ្ឋចូលទៅការិយាល័យច្រកចេញចូលតែមួយ ដើម្បីធ្វើឯកសារផ្សេងៗ ហើយមានបិទតារាងតម្លៃបង់សេវានៅទីនោះ។
ជាមួយគ្នានេះដែរ លោកអភិបាលក្រុង ក៏បានណែនាំតាមបណ្តាសង្កាត់ ត្រូវតែផ្តល់សេវាកម្មឱ្យបានល្អ និងលឿន ដើម្បីឱ្យប្រជាពលរដ្ឋជឿជាក់ទុកចិត្តលើមន្រ្តីរបស់យើង និងមិនត្រូវប្រព្រឹត្តអំពើពុករលួយ ដោយទទួលលុយកាក់នៅលើ ឬក្រោមតុនោះឡើយ ដែលនាំឱ្យប្រជាពលរដ្ឋថ្នាំងថ្នាក់ចំពោះរដ្ឋាភិបាល ជាពិសេសគឺនាំឱ្យប៉ះពាល់ដល់កិត្តិនាមថ្នាក់ដឹកនាំខេត្តប៉ៃលិនតែម្តង។
ចំណែកមន្រ្តីរាជការ ដែលទើបនឹងប្រកាសតែងតាំងថ្មី បានធ្វើការប្តេជ្ញាចិត្តថា នឹងសូមគោរ ពតាមគោលការណ៍ របស់រដ្ឋបាលថ្នាក់ក្រោមជាតិ ដោយឈរលើស្មារតីស្មោះត្រង់ និងខិតខំបំពេញតួនាទីភារកិច្ចរបស់ខ្លួន ដែលថ្នាក់ដឹកនាំបានប្រគល់ជូន និងសូមសន្យាថា មិនប្រព្រឹត្តនូវអំពើពុករលួយក្នុងស្ថាប័នរបស់ខ្លួននោះឡើយ ជាពិសេសគឺសាមគ្គីភាពផ្ទៃក្នុងឱ្យបានល្អប្រសើរ ៕ ដោយ ៖ នីយ៉ា

