ភ្ញៀវទេសចរជិត២០ម៉ឺននាក់ សម្រុកចូលទឹកដីអង្គរ ក្នុងថ្ងៃឆ្លងឆ្នាំសកល ក្រោយពីរដ្ឋាភិបាលបើកប្រទេស

សៀមរាប : ទឹកដីប្រវត្តិសាស្រ្តអង្គរ ខេត្តសៀមរាប បានផ្ទុះឡើងសារជាថ្មីម្ដងទៀតហើយ បន្ទាប់ពីខេត្តដ៍ឧត្តុង្គឧត្តមមួយនេះ បានស្ងប់ស្ងាត់ភ្ញៀវទេសចរទៅកម្សាន្តរយះពេល១ឆ្នាំ ខណៈជំងឺកូវីដ ១៩ បានយាយី វាយលុករហូតដល់រដ្ឋាភិបាលបិទប្រទេសមួយរយៈ ។

ក្រោយពីរដ្ឋាភិបាលចាប់ផ្ដើមបើកប្រទេសភ្លាម គេសង្កេតឃើញថា សេដ្ឋកិច្ចក្នុងប្រទេសហាក់ងើបឡើងវិញ បើទោះបីមិនបានប្រសើរពេញលេញក៍ដោយ ។ ងាកទៅចាប់អារម្មណ៍ពីភ្ញៀវទេសចរឯណោះវិញ ក៍ចាប់ផ្ដើមសម្រុកទៅលេងកម្សាន្តតំបន់ផ្សេងៗក្នុងប្រទេសផងដែរ ។ តែដោយឡែកសម្រាប់ខេត្តសៀមរាប ទឹកដីអង្គរវិញ ភ្ញៀវទេសចរឆ្នាំនេះហាក់ផ្ទុះឡើងវិញ ដោយអាជា្ញធរអះអាងថា មានរហូតដល់ជិត២០មុឺននាក់ ។

យោងតាមរបាយការណ៍របស់មន្ទីរទេសចរណ៍ខេត្តសៀមរាប បានឲ្យដឹងថា ក្នុងឱកាសនៃថ្ងៃឆ្លងឆ្នាំថ្មី ឆ្នាំសកល២០២១ ឈានចូលឆ្នាំ២០២២ មានភ្ញៀវទេសចរដើរកម្សាន្តតាមរមណីយដ្ឋាននានា រួមទាំងការចូលរួមក្នុងរាត្រីឆ្លងឆ្នាំនៅខេត្តសៀមរាបផងនោះ មានចំនួនប្រមាណ ជិត១៩ម៉ឺននាក់ ក្នុងនោះភាគច្រើន ដ៏លើសលុប គឺភ្ញៀវទេសចរផ្ទៃក្នុង។

របាយការណ៍បានឲ្យដឹងទៀតថា តាមការប៉ាន់ប្រមាណ ភ្ញៀវអ្នកដំណើរកំសាន្តទាំងនោះ  មានមកពីបណ្តាខេត្តនានាប្រមាណជាជិត៧៦ភាគរយ ស្មើនឹងប្រមាណពី១៤ទៅ១៥ម៉ឺននាក់  និង ភ្ញៀវម្ចាស់ផ្ទះ មានប្រមាណជាពី៤ទៅ៥ ម៉ឺននាក់ ហើយលក្ខណៈ ពិសេសដែលគួរឲ្យកត់សម្គាល់នោះ គឺការធ្វើដំណើរកម្សាន្តជាលក្ខណៈគ្រួសាររបស់ប្រជាពលរដ្ឋ ដែលបានឆ្លុះបង្ហាញ អំពី ស្ថានភាពរស់នៅរបស់ប្រជាពលរដ្ឋកម្ពុជា និងកំពុងស្ថិតក្នុងគន្លងប្រក្រតីភាពថ្មី ទម្លាប់រស់នៅជាមួយកូវីដ-១៩ ហើយកត្តាប្រុងប្រយ័ត្ន គឺជាគន្លឹះស្នូលនៃសេចក្តីសុខចម្រើន ។

របាយការណ៍ដដែលនោះ បានឲ្យដឹងបន្ថែមថា គោលដៅសំខាន់ៗនៃដំណើរកម្សាន្តរួមមាន ៖ រមណីយដ្ឋានអង្គរ ប្រហែលជា ១៧ម៉ឺននាក់ ,  រមណីយដ្ឋានឧទ្យានជាតិភ្នំគូលែនប្រហែល ៥ពាន់នាក់ , សហគមន៍ទេសចរណ៍-អេកូទេសចរណ៍ និងតំបន់ផ្សេងៗ មានប្រហែលជា១៤ពាន់នាក់ , ការជួបជុំគ្នាកម្សាន្តរាត្រីឆ្លងឆ្នាំនៅក្រុងសៀមរាប រួមមាននៅតំបន់ផាប់ស្រ្ទីតនិងនៅសួនច្បារព្រះរាជដំណាក់៕

Leave a Reply

Your email address will not be published. Required fields are marked *