ខេត្តកំពង់ធំ÷ ព្រឹកថ្ងៃទី០១ ខែមករា ឆ្នាំ២០២២ សង្កាត់អាចារ្យលាក់ បានរៀបចំសន្និបាតគណៈកម្មាធិការគណបក្សប្រជាជនកម្ពុជាអាណត្តិទី០៥ ឆ្នាំ២០២២ ក្រោមអធិបតីភាពឯកឧត្តមបណ្ឌិត ជា ចាន់តូ សមាជិកគណៈអចិន្ត្រៃយ៍គណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តកំពង់ធំ ដែលមានការអញ្ជើញចូលរួមពី ឯកឧត្តម ងួន រតនៈ ប្រធានគណៈកម្មាធិការគណបក្សខេត្ត និងជាប្រធានក្រុមការងារចុះជួយក្រុងស្ទឹងសែន ឯកឧត្តមលោកជំទាវអភិបាលរងខេត្ត ប្រធានមន្ទីរជុំវិញខេត្ត លោក លោកស្រីដែលជាសមាជិកគណៈកម្មាធិការគណបក្សប្រជាជនកម្ពុជាជាច្រើនរូប នៅទីស្នាក់ការគណបក្សប្រជាជនកម្ពុជាខេត្តកំពង់ធំ។
ឆ្លៀតក្នុងឱកាសនេះឯកឧត្តមបណ្ឌិត ជា ចាន់តូ សមាជិកគណៈអចិន្ត្រៃយ៍គណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តកំពង់ធំ សូមសមាជិកគណៈកម្មាធិការគណបក្សប្រជាជនកម្ពុជាទាំងអស់ត្រូវធ្វើជាស្នូលនៃសាមគ្គីភាព ឯកភាពផ្ទៃក្នុងរបស់គណបក្ស និងធ្វើជាគម្រូដល់សមាជិកគណបក្ស និងអ្នកគាំទ្រគណបក្ស ក៏ដូចមហាជនទូទៅ ជាពិសេសសូមខិតខំបន្តកសាងទំនាក់ទំនងល្អជាមួយមហាជន សហការជួយឧបត្ថម្ភគាំទ្រគ្នាទៅវិញទៅមក និងធ្វើអំពើល្អជាមួយប្រជាជនគ្រប់មូលដ្ឋាន សំដៅលើកកម្ពស់ប្រជាប្រិយភាពរបស់គណបក្ស និងទទួលបានការគាំទ្របន្ថែមទៀតចំពោះ គណបក្សប្រជាជនកម្ពុជា ធ្វើយ៉ាងណាឱ្យដំណើរការបោះឆ្នោត ជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់អាណត្តិទី០៥ ឆ្នាំ២០២២មុខនេះ ឈ្នះច្រើនលើសលប់ តាមផែនការដែលបានគ្រោងទុក។
ទន្ទឹមនឹងនោះដែរឯកឧត្តម ងួន រតនៈ ប្រធានគណៈកម្មាធិការគណបក្សខេត្ត និង ជាប្រធានក្រុមការងារចុះជួយក្រុងស្ទឹងសែន បានឡើងប្ដេជ្ញាចិត្តដូចតទៅ :
– ខិតខំពង្រឹងចាត់តាំងគណបក្សគ្រប់ថ្នាក់ពីថ្នាក់ខេត្តដល់មូលដ្ឋាន និងកម្មវិធីនយោបាយរបស់គណបក្ស ដើម្បីគាំទ្រ និងចូលរួមការពារគណបក្សគ្រប់កាលៈទេសៈ ។
– ខិតខំកសាង និងពង្រឹងគណបក្សលើវិស័យសតិអារម្មណ៍ ដោយគាំទ្រ និងចូលរួមការចាត់តាំងគណបក្សនៅមូលដ្ឋាន ក្នុងការឃោសនាអប់រំប្រជាជនពីសភាពការណ៍រីកចម្រើន។
– ការចាត់តាំងគណបក្សនៅមូលដ្ឋាន ពិសេសថ្នាក់ឃុំ-សង្កាត់ ភូមិ ដើម្បីគ្រប់គ្រងពង្រឹង ពង្រីក សមាជិកបក្ស និងអ្នកគាំទ្រគណបក្ស ដោយធ្វើបច្ចុប្បន្នភាពសមាជិកគណបក្សជាប្រចាំ ។
– ខិតខំកសាង និងពង្រឹងគណបក្សលើវិស័យហិរញ្ញវត្ថុ ដោយគាំទ្រ និងចូលរួមក្នុងការកៀរគរ មធ្យោបាយ សម្ភារ ថវិកាពីប្រភពស្របច្បាប់នានា ដើម្បីបំរើសកម្មភាពនយោបាយរបស់គណបក្ស ។
– គាំទ្រចូលរួមជាមួយការចាត់តាំងគណបក្សនៅមូលដ្ឋាន រៀបចំសកម្មភាពដើម្បីអនុវត្តផែនការឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ ឆ្នាំ២០២២ ។
សូមបញ្ជាក់ផងដែរថា សន្និបាតគណៈកម្មាធិការគណបក្សសង្កាត់អាចារ្យលាក់ អាណត្តិទី០៥ឆ្នាំ២០២២ នាពេលនេះ គឺជាការចាប់ផ្តើមដំបូងនៃការរៀបចំសន្និបាតឃុំ សង្កាត់ ដែលនឹងត្រូវរៀបចំឡើងគ្រប់ឃុំ សង្កាត់ទាំងអស់ទូទាំងខេត្តកំពង់ធំ។

