កណ្តាល ៖ មានហេតុការណ៍គ្រោះអគ្គិភ័យភ្លើងឆេះផ្ទះ១ខ្នង កើតឡើងនៅក្នុងភូមិដើមគរ សង្កាត់ដើមមៀន ក្រុងតាខ្មៅ ខេត្តកណ្ដាល នាព្រឹកថ្ងៃចន្ទ ទី០៣ ខែមករា ឆ្នាំ២០២២ ដែលដឹកនាំដោយ លោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត ស្នងការនគរបាលខេត្តកណ្តាល ចុះប្រតិបត្តិការបញ្ជាដោយផ្ទាល់។
សមត្ថកិច្ចបានអោយដឹងថា ម្ចាស់ផ្ទះរងគ្រោះឈ្មោះ ផាន់ វណ្ណី ភេទស្រី អាយុ៣០ ឆ្នាំ មានទីលំនៅបច្ចុប្បន្ន ភូមិឃុំកើតហេតុ។ សម្ភារខូចខាតរួមមាន ១-ផ្ទះទំហំ៥គុណនឹង២៥ម៉ែត្រ ដែលកំពុងធ្វើការសាងសង់ ធ្វើពីថ្ម ប្រក់ស័ង្កសី មានឡៅតឿ ខូចខាត ៥០% ក្នុងរង្វង់ផ្ទះបាយ និងឆេះសម្ភារផ្សេងៗជាបឋមរួមមាន ម៉ូតូសង់ការ៉េ ចំនួន១គ្រឿង, កង់ចំនួន ៣គ្រឿង ,សម្ភារផ្ទះបាយទាំងអស់ , កម្ទេចក្រណាត់ដែលទុកធ្វើខ្នើយ ,ម៉ាស៊ីនដេរ ២គ្រឿងនិងសម្ភារប្រើប្រាស់ផ្សេងៗទៀតមួយចំនួន។ មូលហេតុបណ្តាលមកពីជាងផ្សាដែក ប៉ះជាមួយនឹងកម្ទេចក្រណាត់ បណ្តាលឱ្យឆាបឆេះតែម្តង។
សមត្ថកិច្ចបន្តថាក្នុងកិច្ចប្រតិបត្តិការនេះសមត្ថកិច្ចបានប្រើប្រាស់រថយន្តពន្លត់អគ្គិភ័យចំនួន០២គ្រឿង ក្នុងនោះ រថយន្តអគ្គីភ័យនៃការិយាល័យបង្ការ ពន្លត់អគ្គិភ័យ និងសង្រ្គោះ នៃស្នងការដ្ឋានប៉ូលិសខេត្តកណ្តាលចំនួន០១គ្រឿង និងរថយន្តអគ្គីភ័យនៃកងអង្គរក្ស ចំនួន០១គ្រឿង ប្រើប្រាស់ទឹកអស់ចំនួន០២រថយន្ត ទើបរលត់ជាស្ថាពរនៅវេលាម៉ោង០៩និង៣០នាទីថ្ងៃដដែល ៕

