កំពង់ស្ពឺ : អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងទ័ព ជើងគោក លោក ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត បានថ្លែងថា កងទ័ពត្រូវហ្វឹកហ្វឺនជាប្រចាំ ដូចភ្លៀងរលឹម និងទទួលខុសត្រូវ តស៊ូព្យាយាម អត់ធន់ ជម្នះរាល់ការលំបាកគ្រប់បែបយ៉ាង ។ ថ្លែងក្នុងពិធីបិទវគ្គហ្វឹកហ្វឺនជំនាញឆត្រយោងជំនាន់ទី៣១, វគ្គហ្វឹកហ្វឺនជំនាញឆត្របញ្ជាជំនាន់ទី៥, វគ្គហ្វឹកហ្វឺនជំនាញបើក-ជួសជុលអូប័រ និងរបៀបសង្រ្គោះជំនាន់ទី៥, និងបើកវគ្គហ្វឹកហ្វឺនជំនាញឆត្រយោងជំនាន់ទី៣២, វគ្គហ្វឹកហ្វឺនបំប៉នជំនាញឯកទេសមុជទឹកជំនាន់ទី៥, និងវគ្គហ្វឹកហ្វឺនបំប៉នបាញ់គ្រាប់ពិតអាវុធថ្មើរជើង និងអាវុធ SNIPER នៅសាលាហ្វឹកហ្វឺនទ័ពពិសេសតេជោសែន នៅស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ នាថ្ងៃទី ៣ ខែមករា ឆ្នាំ២០២២ លោក ហ៊ុន ម៉ាណែត កងទ័ពគឺជាផ្នែកមួយដ៏សំខាន់ ក្នុងការខិតខំបន្តសិក្សាស្រាវជ្រាវ និងដុសខាត់ចំណេះដឹងឱ្យបានជាប់ជាប្រចាំ ដើម្បីទទួលរ៉ាប់រងរាល់ភារកិច្ចរបស់កងយោធពលខេមរភូមិន្ទទាំងក្នុងពេលចំពោះមុខ និងតទៅអនាគត ជាពិសេសខណៈមានបញ្ហាប្រឈម និងការគំរាមកំហែងទាំងឡាយ មានលក្ខណៈស្មុគ្រស្មាញ និងគ្រោះថ្នាក់ ទាំងបញ្ហាសន្តិសុខបែបប្រពៃណី ដូចជាការប្រយុទ្ធរវាងកម្លាំងទល់នឹងកម្លាំង និងបែបមិនមែនប្រពៃណី ដូចជាការវាយប្រហារដោយប្រើប្រាស់ប្រព័ន្ធអ៊ិនធឺណិត និងបច្ចេកវិទ្យាទំនើប, បញ្ហាគ្រោះមហន្តរាយ និងជំងឺរាតត្បាត ជាដើម។ លោកឧត្តមសេនីយ៍ ផ្កាយបី ហ៊ុន ម៉ាណែត បានបញ្ជាក់ថា ក្រោមម្លប់នៃនយោបាយឈ្នះ ឈ្នះ ដែលមាន សម្តេចតេជោ នាយករដ្ឋមន្ត្រី ជាស្ថាបនិក, កត្តាសន្តិភាព ឯកភាពជាតិ ឯកភាពទឹកដី ស្ថិរភាពនយោបាយ និងការរីកចម្រើនផ្នែកសង្គម-សេដ្ឋកិច្ច ដូចពេលបច្ចុប្បន្ន ជាដំណាក់កាលដ៏សុខសាន្តមួយដែលកើត មានដោយកម្រនៅក្នុងប្រវត្តិសាស្ត្រកម្ពុជា។ សន្តិភាព សំដៅដល់បរិយាកាសគ្រប់ដណ្តប់ក្រោមម្លប់ឯកភាពជាតិ និងបូរណភាពទឹកដី ដែលផ្តល់នូវសិទ្ធិអំណាច និងសេរីភាពជូនប្រជាពលរដ្ឋ ក្នុងការរស់រានមានជីវិត, ទទួលបានការអប់រំ និងប្រកបរបររកទទួលទានដោយសេចក្តីសុខ, មានភាពសុខសាន្ត និងគ្មានការព្រួយបារម្ភ ឬការភ័យខ្លាចអំពើអសន្តិសុខ និងសង្គ្រាម។ ទាំងនេះគឺជាសិទ្ធិអំណាច និងជាសុភមង្គលដែលប្រជាជនកម្ពុជាស្រេកឃ្លានទន្ទឹងសុបិន្តចង់បានជាង ៥០០ឆ្នាំ មកហើយ។ ដូច្នេះយើងត្រូវបន្តខិតខំរួបរួមគ្នាថែរក្សានូវអំណោយពរជ័យដ៏ឧត្តុង្គឧត្តមថ្លៃថ្លានេះឱ្យបានគង់វង្សយូរអង្វែងតទៅមុខទៀត។
លោក ហ៊ុន ម៉ាណែត ប្រទេសណាក៏ដោយ ជាតិសាសន៍ណាក៏ដោយ គឺតែងស្រលាញ់ចង់បានសុខសន្តិភាពដូចគ្នាទាំងអស់ ដោយព្រមទាំងលះបង់ និងធ្វើពលិកម្មគ្រប់បែបយ៉ាង ដើម្បីហេតុផលមួយនេះ។ ដូចនេះ ជាទិសដៅអាទិភាពចំពោះមុខសម្រាប់កងទ័ព គឺការការពារ ជាតិសាសនា ព្រះមហាក្សត្រ តាមរយៈការចូលរួមចំណែកថែរក្សាឱ្យបានដាច់ខាតនូវសុខសន្តិភាព, ការពាររដ្ឋធម្មនុញ្ញ និងរាជរដ្ឋាភិបាលស្របច្បាប់ ទោះត្រូវបង់តម្លៃណាក៏ដោយ។ ក្នុងនោះផងដែរ កត្តាចាំបាច់ ដែលជាភារកិច្ចស្នូលមួយទៀត គឺការពារសន្តិសុខ និងសុវត្ថិភាពថ្នាក់ដឹកនាំសំខាន់ៗរបស់ជាតិ និងអន្តរជាតិនានា ដែលអញ្ជើញមកបំពេញទស្សនកិច្ចនៅប្រទេសកម្ពុជា ពីព្រោះនេះគឺជាកត្តាកំណត់ជោគវាសនា និងភាពនឹងនរទាំងបច្ចុប្បន្ន និងអនាគតរបស់ជាតិ, តំបន់ និងពិភពលោក។ កិច្ចការនេះ គឺជាភារកិច្ចអាទិភាពដែលគ្រប់ប្រទេសទាំងអស់ក្នុងពិភពលោក តែងបានយកចិត្តទុកដាក់ និងអនុវត្តដោយម៉ឺងម៉ាត់ ហ្មត់ចត់ ដើម្បីការពារអ្នកកាន់ចង្កូតដឹកនាំនាវាជាតិ និងជោគវាសនាជាតិ ៕

