កម្ពុជាបញ្ជូនជនជាតិថៃជិត៥០នាក់ លួចឆ្លងដែនមកធ្វើការងារខុសច្បាប់ ទៅប្រទេសថៃវិញ

បន្ទាយមានជ័យ៖ កម្ពុជាបញ្ជូនជន ជាតិថៃជិត៥០នាក់ លួចឆ្លងដែនមកធ្វើការងារខុសច្បាប់ ទៅប្រទេសថៃវិញនៅរសៀលថ្ងៃទី04 ខែធ្នូ ឆ្នាំ2022តាមច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។

លោកឧត្តមសេនីយ៍ត្រី អេង លីហួរ ស្នងការរងទទួលផែនការងារអន្តោប្រវេសន៍ នៃស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ បានប្រាប់ថា ការប្រគល់ប្រជាពលរដ្ឋថៃ ទាំងនោះ ធ្វើនៅច្រកទ្វារព្រំដែន អន្តរជាតិប៉ោយប៉ែត នៅរសៀលនេះ ដឹកនាំដោយ លោក ឧត្តមសេនីយ៍ទោ ផាន ភក្តី អនុប្រធាននាយកដ្ឋានអន្តោប្រវេសន៍។

លោកឧត្តមសេនីយ៍បញ្ជាក់ថា ជនជាតិថៃទាំង49នាក់ ស្រី19នាក់ ខាងលើនេះ ត្រូវបាននាំមកពីរាជធានីភ្នំពេញ លទ្ធផលធ្វើតេស្តពុំមានជំងឺកូវីដ១៩នោះទេ។ ករណីចាប់បញ្ជូនប្រគល់ឲ្យទៅខាងភាគីថៃនេះ ដោយសារជនជាតិថៃទាំងនេះ លួចឆ្លងដែនមកធ្វើការងារដោយខុសច្បាប់នៅក្នុងប្រទេសកម្ពុជាទើបសមត្ថកិច្ចកម្ពុជា ចាប់បញ្ជូនទៅឲ្យភាគីថៃវិញ៕ ដោយ៖សៅ នៅ

Leave a Reply

Your email address will not be published. Required fields are marked *