អភិបាលខេត្តកំពង់ចាម ណែនាំដល់មន្ត្រីកសិកម្ម ត្រូវត្រៀមលក្ខណៈ និងសម្ភារទុកជាមុនសម្រាប់ចុះជួយអន្តរាគមន៍ ពេលមានគ្រោះធម្មជាតិខ្វះទឹក

កំពង់ចាម :  អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម  ឯកឧត្តម  អ៊ុន  ចាន់ដា  បាន ណែនាំ ដល់មន្ត្រីនៃ មន្ទីរ កសិកម្ម  ត្រូវត្រៀមលក្ខណៈ និងសម្ភារទុកជាមុនសម្រាប់ចុះជួយអន្តរាគមន៍ ពេលមានគ្រោះធម្មជាតិកើតឡើង ជាពិសេសគ្រោះខ្វះទឹក ព្រមទាំងសហការល្អជាមួយអជ្ញាធរមូលដ្ឋាន ដើម្បីធ្វើការផ្សព្វផ្សាយដល់កសិករឲ្យចេះគ្រប់គ្រងទឹក ដោយលើកភ្លឺ លើកទំនប់ទប់ស្កាត់ និងស្តុកទឹកទុកការពារគ្រោះខ្វះទឹកជាយថាហេតុ  ។ ការថ្លែង យ៉ាង ដូច្នេះ ក្នុង កិច្ចប្រជុំ បូកសរុប លទ្ធផល ការងាររបស់មន្ទីរកសិកម្ម រុក្ខាប្រមាញ់  និងនេសាទខេត្តកំពង់ចាម   នារសៀល ថ្ងៃទី ៥  ខែមករា  ឆ្នាំ ២០២២  ។

ក្នុងកិច្ចប្រជុំនោះដែរ  ឯកឧត្តមអភិបាលខេត្ត បានជំរុញដល់មន្ត្រីជំនាញឲ្យបន្តចុះអនុវត្ត និងតាមដានការអនុវត្ត របស់ប្រជាកសិករ  ព្រមទាំងផ្តល់ប្រឹក្សាបច្ចេកទេសសមស្រប ឲ្យបានទាន់ពេលវេលា  និង អប់រំផ្សព្វផ្សាយពីវិធានបច្ចេកទេស នៃការប្រើប្រាស់ថ្នាំកសិកម្ម  និងជីកសិកម្ម ព្រមទាំងវិធានសុវត្ថិភាព ជូនដល់ប្រជាពលរដ្ឋ សំដៅឲ្យការដាំដុះទទួលបានទិន្នផលខ្ពស់ស្របតាមតំរូវការទីផ្សារ  ក្រៅពីនោះ ត្រូវចុះសិក្សាវាយតម្លៃ និងស្វែងរកទីផ្សារដើម្បីជួយដល់ប្រជាកសិករ  ជៀងវាងការក្រឡុកតម្លៃពីសំណាក់ឈ្មួញកណ្តាល  ។

ឯកឧត្តម  អ៊ុន  ចាន់ដា  អភិបាលខេត្តកំពង់ចាម   បានណែនាំ ដល់ ថ្នាក់ដឹកនាំ មន្ទីរកសិកម្ម ឲ្យសហការជាមួយមន្ត្រីជំនាញ  និងអាជ្ញាធរក្រុង-ស្រុក ត្រូវកំណត់ផ្ទៃដីបឹង ដីរដ្ឋរក្សាទុក ហេីយត្រូវបោះបង្គោលព្រំ និងចុះបញ្ជីឲ្យបានត្រឹមត្រូវ  ព្រមទាំង ពិនិត្យលទ្ធភាពក្នុងការសិក្សាប្រភេទដីជូនប្រជាពលរដ្ឋ  ហេីយត្រូវខិតខំបណ្តុះកូនឈើសម្រាប់ដាំ និងចែកចាយជូនប្រជាពលរដ្ឋ  ដេីម្បីយកទៅដាំនៅតាមលំនៅដ្ឋាន និងផ្លូវសាធារណៈផងដែរ ។

ជាមួយគ្នានោះ  ឯកឧត្តមអភិបាលខេត្ត  ក៏បាន ជំរុញ មន្ត្រី ជំនាញ ឲ្យ ធ្វើការអប់រំផ្សព្វផ្សាយដល់ប្រជានេសាទទាំងក្នុង និងក្រៅសហគមន៍នេសាទឲ្យយល់ជ្រួតជ្រាបពីសារៈប្រយោជន៍នៃការគ្រប់គ្រងធនធានជលផលក្នុងដែននេសាទសហគមន៍  ហេីយ ត្រូវចុះត្រួតពិនិត្យទប់ស្កាត់បទល្មើសនេសាទគ្រប់ប្រភេទពិសេសនៅតំបន់អភិរក្សជលផល  លេីសពីនេះ ត្រូវបណ្តុះបណ្តាលបច្ចេកទេសផលិតកូនត្រីពូជ ដល់កសិករថ្មី  ដែលបានជ្រើសរើស  និង បន្តចុះផ្សព្វផ្សាយដល់វារីវប្បករទូទៅ ស្តីពីការគ្រប់គ្រងការចិញ្ចឹមត្រីរ៉ស់ និងត្រីឆ្តោ  ដេីម្បី លេីកស្ទួយដល់ការនាំចេញ ៕

Leave a Reply

Your email address will not be published. Required fields are marked *