ទណ្ឌិតនៅក្នុងពន្ធនាគារខេត្តកំពង់ធំចំនួន៣៩នាក់ត្រូវបានប្រកាសបន្ថូរបន្ថយនិងលើកលែងទោស

កំពង់ធំះនៅថ្ងៃទី០៦ ខែមករា ឆ្នាំ២០២២ អង្គភាពពន្ធនាគារខេត្តកំពង់ធំ បានរៀបចំពិធីប្រកាសព្រះរាជក្រឹត្យបន្ធូរបន្ថយទោស និងលើកលែងទោស ក្នុងឱកាសពិធីបុណ្យឯករាជ្យជាតិ និងព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក ឆ្នាំ២០២១ ដល់ទណ្ឌិតចំនួន ៣៩នាក់ ស្រ្តី ០១នាក់ ដោយទទួលបាន៖

-បន្ធូរបន្ថយទោសរយៈពេល ០៣ខែ ចំនួន ២០នាក់ ស្រ្តី ០១នាក់

-បន្ធូរបន្ថយទោសរយៈពេល ០៦ខែ ចំនួន ១៣នាក់

-បន្ធូរបន្ថយទោសរយៈពេល ០៩ខែ ចំនួន ០៥នាក់

-បន្ធូរបន្ថយទោសរយៈពេល ១២ខែ ចំនួន ០១នាក់ ។

ពិធីនេះ ប្រព្រឹត្តទៅក្រោមអធិបតីភាពឯកឧត្តម ស៊ិន វិរៈ ព្រះរាជអាជ្ញា នៃអយ្យការអមសាលាដំបូងខេត្តកំពង់ធំ ដោយមានការអញ្ជើញចូលរួមពីលោកឧត្តមអគ្កានុរក្ស ថ្នាក់លេខ២ តាម វៃ ប្រធានពន្ធនាគារ និងលោក លោកស្រីថ្នាក់ដឹកនាំអង្គភាពជាច្រើនរូបទៀត ព្រមទាំងបងប្អូនជនជាប់ឃុំដែលទទួលបានការបន្ធូរបន្ថយទោសផងដែរ ។

ឆ្លៀតក្នុងឱកាសនេះ លោកប្រធានពន្ធនាគារ មានប្រសាសន៍ណែនាំ ផ្តាំផ្ញើដល់បងប្អូនជនជាប់ឃុំទាំងអស់ត្រូវគោរពអនុវត្តតាមបទបញ្ជាផ្ទៃក្នុងពន្ធនាគារ ខិតខំអប់រំកែប្រែខ្លួន ធ្វើជាគំរូល្អដល់ជនជាប់ឃុំដ៏ទៃអនុវត្តន៏តាម ដើម្បីអង្គភាពអាចស្នើសុំបន្ធូរបន្ថយទោស និងលើកលែងទោសក្នុងឱកាសពិធីបុណ្យជាតិនានាលើកក្រោយៗទៀតបាន ។ បន្ថែមពីនេះ លោកប្រធាន បានថ្លែងអំណរគុណ ចំពោះឯកឧត្តមព្រះរាជអាជ្ញា ដែលជានិច្ចកាលឯកឧត្តម តែងតែគិតគូរពីសុខទុក្ខជនជាប់ឃុំ ព្រមទាំងបានជួយឧបត្ថម្ភ គាំទ្រដល់អង្គភាព និងជនជាប់ឃុំកន្លងមក ។

ជាចុងបញ្ចប់ ឯកឧត្តមព្រះរាជអាជ្ញា បានមានប្រសាសន៍ណែនាំ ផ្តាំផ្ញើបន្ថែមដល់បងប្អូនជនជាប់ឃុំ ដែលទទួលបានការបន្ធូរបន្ថយទោស និងជនជាប់ឃុំដ៏ទៃទៀត ត្រូវបន្តខិតខំកសាង កែប្រែខ្លួនបានល្អ មិនត្រូវប្រើអំពើហិង្សា ត្រូវចេះអធ្យាស្រ័យ ជួយគ្នាទៅវិញទៅមក គោរពអនុវត្តល្អ តាមការគ្រប់គ្រងរបស់មន្រ្តីពន្ធនាគារ និងក្រោយទទួលការដោះលែងទៅមូលដ្ឋានវិញ ត្រូវកសាងខ្លួនជាពលរដ្ឋល្អ ឈប់ប្រព្រឹត្តបទល្មើសតទៅទៀត ។

Leave a Reply

Your email address will not be published. Required fields are marked *