កំពង់ធំ៖លោកសាយ គឹមឡម អភិបាលស្រុកស្ទោងបានណែនាំដល់ពលរដ្ឋដែលសង់តូបលក់ដូរឬសង់លំនៅដ្ឋានរំលោភដីចំណីផ្លូវត្រូវរុះរើជាបន្ទាន់ដើម្បីសុវត្ថិភាពចរាចរណ៍និងសោភ័ណភាពផ្លូវសាធារណៈ
លោក សាយ គឹមឡម បានថ្លែងយ៉ាងដូច្នេះក្នុងពេលដែលលោកនិងក្រុមការងារបានចុះត្រួតពិនិត្យការជួសជុលកែលម្អផ្លូវក្រាលគ្រួសក្រហមប្រវែង៤៥០ម៉ែត្រ ភ្ជាប់ពីឃុំចំណាក្រោមទៅឃុំចំណាលើត្រង់ចំណុចផ្សារស្ពានគ្រង ភូមិស្ពានគ្រង ឃុំចំណាក្រោម ស្រុកស្ទោងខេត្តកំពង់ធំរសៀលថ្ងៃទី០៨ ខែមករា ឆ្នាំ២០២២ ។
ឆ្លៀតក្នុងឱកាសចុះពិនិត្យគម្រោងស្ថាបនាផ្លូវខាងលើនេះដែរលោកអភិបាលក៏បានជួបសំណេះសំណាលសាកសួរសុខទុក្ខបងប្អូនប្រជាពលរដ្ឋដែលរស់នៅតាមបណ្តោយដងផ្លូវខាងលើខណៈពួកគាត់មានការត្រេកអរសាទរជាខ្លាំងចំពោះសមិទ្ធផលថ្មីនេះដោយបច្ចុប្បន្នប្រទេសជាតិយើងមានសុខសន្តិភាពក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់សម្តេចអគ្គមហាសេនាបតី តេជោ ហ៊ុន សែន ដោយមានការអភិវឌ្ឍន៍រីកចម្រើនជាបន្តបន្ទាប់ជាក់ស្តែងដូចជាការ ស្ថាបនាគម្រោងជួសជុលផ្លូវខាងលើនេះគឺជាការបង្កលក្ខណៈងាយស្រួលដល់ការធ្វើដំណើររបស់បងប្អូន ប្រជាពលរដ្ឋ ក៏ដូចជាអ្នករស់នៅក្នុងតំបន់នេះផងដែរ ។
ជាចុងបញ្ចប់លោកបានឱ្យអាជ្ញាធរភូមិ ឃុំនិងគ្រប់អ្នកពាក់ព័ន្ធ ត្រូវជួយសម្របសម្រួលនិងត្រួតពិនិត្យមើលឲ្យបានជាប្រចាំលើការកែលម្អផ្លូវខាងលើក៏ដូចជាការរុះរើនិងសោភ័ណភាពផ្លូវសាធារណៈ លោកក៏បានសំណូមពរដល់បងប្អូនប្រជាពលរដ្ឋទាំងអស់សូមជួយថែរក្សាសហការនឹងចូលរួមទាំងអស់គ្នាជាពិសេសបងប្អូនដែលរស់នៅតាមដងផ្លូវសូមកុំចោលសំរាមឬកាកសំណល់ផ្សេងៗ នៅលើដងផ្លូវឬនៅមាត់លូ ដែលជាហេតុឲ្យមានការរាំងស្ទះទឹក នៅពេលមានភ្លៀងធ្លាក់ និងចាក់ដីខ្ពស់ជាងផ្លូវ ដែលបានធ្វើឲ្យខូចផ្លូវផងដែរហើយបើផ្លូវយើងធំទូលាយវាពិតជាជួយកាត់បន្ថយការកកស្ទះឬអាចកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍បានមួយកម្រិត ។

