អភិបាលខេត្តកំពង់ចាម ៖ ការអប់រំមិនបានដិតដល់ ឬការបែកបាក់ក្នុងគ្រួសារក៏ជាប្រភពដែលបង្កើត ឲ្យមានការប្រព្រឹត្ត នូវឧក្រិដ្ឋកម្ម និងអំពើអបាយមុខ

កំពង់ចាម :  ក្នុង ឱកាសបើកបវេសនកាលឆ្នាំសិក្សា២០២១-២០២២ និងទិវាដឹងគុណគ្រូ  នៅវិទ្យាល័យ ព្រះសីហនុ  ក្រុងកំពង់ចាម   នាព្រឹក ថ្ងៃទី ១០  ខែមករា  ឆ្នាំ ២០២២ នេះ  ឯកឧត្ដម  អ៊ុន  ចាន់ដា  អភិបាលខេត្តកំពង់ចាម  បានថ្លែងថា  ការអប់រំមិនបានដិតដល់ ឬការបែកបាក់ក្នុងគ្រួសារក៏ជាប្រភពដែលបង្កើត ឲ្យមានការប្រព្រឹត្ត នូវឧក្រិដ្ឋកម្ម និងអំពើអបាយមុខ  ដូច្នេះមាតាបិតា អាណាព្យាបាលសិស្ស ត្រូវជួយ គ្រប់គ្រងអប់រំកូនចៅ ឲ្យស្ថិតនៅក្នុងសាលារៀន ក្នុងលំនៅដ្ឋាន  ក្នុងរង្វង់នៃការកម្សាន្តជាមួយក្រុមគ្រួសារ និងមិត្តភ័ក្រដែលត្រឹមត្រូវ  ។

ក្នុងឱកាសនោះដែរ  ឯកឧត្ដមអភិបាលខេត្ត  បានថ្លែងថា  ជាការពិតណាស់ការអប់រំ និងការកសាងធនធានមនុស្ស ត្រូវតែឆ្លងកាត់ការបណ្តុះបណ្តាលក្នុងសាលារៀន  ដែលមានគ្រូបង្រៀន “គឺជាអ្នកសម្រួចអនាគតរបស់សិស្ស ឪពុក ម្ដាយទី២ និងជាវិស្វករព្រលឹង នៃយុវជនជំនាន់ក្រោយ”។ ប៉ុន្តែត្រូវមានកិច្ចសហការពីមាតាបិតា អាណាព្យាបាល ចាស់ព្រឹទ្ធាចារ្យ និងមហាជនទូទៅផងដែរ។

ឯកឧត្តម  អ៊ុន  ចាន់ដា  អភិបាលខេត្តកំពង់ចាម  បានអំពាវនាវដល់គ្រូបង្រៀន និងអ្នកអប់រំទាំងអស់  សូមបន្តការអនុវត្តគោលការណ៍ អប់រំមូលដ្ឋាន និងខ្លឹមសារអប់រំវប្បធម៌សន្តិភាព  ឲ្យបានជ្រួតជ្រាបដល់សិស្សានុសិស្សគ្រប់ភូមិសិក្សា ឲ្យកាន់តែមានគុណភាព និងប្រសិទ្ធភាពបន្ថែមទៀត  ដើម្បីកសាងយុវជនជំនាន់ថ្មី ប្រកបដោយការរីកចម្រើនលើគ្រប់វិស័យ  ។  និងសូម បញ្ជូនកូនចៅដែលគ្រប់អាយុ ដល់វ័យសិក្សា ឲ្យ ចូលរៀនបានគ្រប់ៗគ្នា ហេីយត្រូវយកចិត្តទុកដាក់ជំរុញ និងដាស់តឿនកូនចៅ ឲ្យ ខិតខំ សិក្សារៀនសូត្រផង  ។

ជាមួយគ្នានោះ  ឯកឧត្តមអភិបាលខេត្ត  បាន ក្រេីនរំលឹកដល់ ដល់ លោកគ្រូ អ្នកគ្រូ  និង សិស្សានុសិស្ស ទាំងអស់  ត្រូវ មានការ ប្រុងប្រយ័ត្ន ខ្ពស់  ខិតខំ ការពារ ខ្លួន ឲ្យ ជៀសផុតពីជំងឺ កូវីដ -១៩បម្លែង ថ្មី  តាម រយៈ វិធានការ  ៣ការពារ  ៣កុំ  ហេីយ ត្រូវ នាំគ្នា ទៅ ចាក់ វ៉ាក់សាំង ឲ្យ បាន គ្រប់ៗ គ្នា  ជាពិសេស ត្រូវ ចាក់ ដូស ជំរុញ ទី ៣  ផងដែរ  ៕

Leave a Reply

Your email address will not be published. Required fields are marked *