ឯកឧត្តម ជាម ច័ន្ទសោភ័ណ អញ្ជើញបើកបវេសនកាលឆ្នាំសិក្សា២០២១-២០២២ គ្រប់កម្រិតសិក្សាទូទាំងខេត្តត្បូងឃ្មុំ

ត្បូងឃ្មុំ :   ឯកឧត្តម ជាម ច័ន្ទសោភ័ណ  អភិបាលខេត្ត ត្បូងឃ្មុំ  បានថ្លែងថា  ប្រទេសកម្ពុជាទទួលបានសុខសន្តិភាពពេញលេញរហូតដល់សព្វថ្ងៃ តាមរយៈនយោបាយឈ្នះឈ្នះរបស់ សម្តេចតេជោ ហ៊ុន សែន ទើបវិស័យអប់រំ មានសន្ទុះរីកចម្រើន និងការអភិវឌ្ឍ ពោលគឺមានសាលារៀនគ្រប់មូលដ្ឋានទូទាំងប្រទេស  ដូច្នេះ ក្មួយៗសិស្សានុសិស្ស  ត្រូវខិតខំសិក្សារៀនសូត្រ ក្រេបជញ្ជក់ យក ចំណេះវិជ្ជាជាទុក  សម្រាប់អនាគតខ្លួន ក្រុមគ្រួសារ និងសង្គមជាតិកម្ពុជាទាំងមូលផងដែរ  ។  ការ ការថ្លែង យ៉ាង ដូច្នេះ ក្នុងពិធីបើកបវេសនកាលឆ្នាំសិក្ស២០២១-២០២២ គ្រប់កម្រិតសិក្សាទូទាំងខេត្តត្បូងឃ្មុំ ដែលបាន ធ្វើឡើងនៅវិទ្យាល័យ ប៊ុនរ៉ានី ហ៊ុនសែន អម្ពវ័នជំនីក ក្នុងឃុំជំនីក ស្រុកក្រូចឆ្មារ នាព្រឹកថ្ងៃទី១០ ខែមករា ឆ្នាំ២០២២  ។

ឆ្លៀតក្នុងឱកាសនោះដែរ  ឯកឧត្តមអភិបាលខេត្ត  បានធ្វើការក្រើនរំលឹក ក៏ដូចជាអំពាវនាវដល់គ្រប់គ្រឹះស្ថានសិក្សា បន្តលើកកម្ពស់សុខភាពអនាម័យក្នុងបរិបទកូវីដ-១៩ ដោយអនុវត្ត តាមអភិក្រម“៣កុំ ៣ការពារ” ជាពិសេសសូមមានវិធានការឆ្លើយតបនិងចូលរួមទប់ស្កាត់ភ្លាមៗ ដើម្បីការពារកុំឱ្យមានការឆ្លងកូវីដ-១៩ នៅក្នុងគ្រឹះស្ថានសិក្សា រួមទាំងបង្កើនការអប់រំអំពី សុវត្ថិភាពសុខភាពសិក្សា ការរក្សាគម្លាតសុវត្ថិភាព និងសុវត្ថិភាពចំណីអាហារដល់បុគ្គលិកអប់រំ និងសិស្សានុសិស្ស ព្រមទាំងត្រូវយកចិត្តទុកដាក់ក្នុងការគាំទ្រសុខភាពផ្លូវចិត្តនិងផ្លូវកាយរបស់ សិស្សានុសិស្ស ដែលទទួលរងផលប៉ះពាល់ដោយផ្ទាល់ឬប្រយោលពីជំងឺកូវីដ-១៩ផងដែរ។

ជាមួយគ្នានោះ  ឯកឧត្តម ជាម ច័ន្ទសោភ័ណ និងលោកជំទាវ បានចែកលិខិតថ្លែងអំណរគុណ ដល់សប្បុរសជនដែលចូលរួមជួយឧបត្តម្ភក្នុងការបើកបវេសនកាលពេលនេះ ចែកលិខិតសរសើរនិងអំណោយដល់លោកគ្រូ-អ្នកគ្រូ ដែលបានចូលនិវត្តន៍ ជាការលើកទឹកចិត្តក៏ដូចជាបង្ហាញពីការយកចិត្តទុកដាក់ ដឹងគុណចំពោះគ្រូបង្រៀន ក៍ដូចជាចែកលិខិតសរសើរ និងវត្ថុអនុស្សាវរីយ៍ដល់សិស្សពូកែ ក្នុងការខិតខំប្រឹងប្រែងសិក្សាផងដែរ៕

Leave a Reply

Your email address will not be published. Required fields are marked *