កំពង់ធំ៖ អាជ្ញាធរខេត្តកំពង់ធំ បើកបវេសនកាល ឆ្នាំសិក្សាថ្មី២០២១-២០២២ រួមមាន សាលាមត្តេយ្យ សាលាបឋមសិក្សា អនុវិទ្យាល័យ និងវិទ្យាល័យ សរុបចំនួន ១.០១៦ សាលាទូទាំងខេត្តកំពង់ធំ នាព្រឹកថ្ងៃទី១០ ខែមករា ឆ្នាំ២០២២។
ពិធីនេះធ្វើឡើងដោយមានការចូលរួមពី លោក ចាន់ តារា អភិបាលរងខេត្តកំពង់ធំ លោកតាន់ ប៊ុន ហុង ប្រធាមន្ទីរអប់រំយុវជន និងកីឡាខេត្តកំពង់ធំ ជាមួយលោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស
លោក ចាន់ តារា អភិបាលរងខេត្តកំពង់ធំបានថ្លែងថា រាជរដ្ឋាភិបាលកម្ពុជា ដែលជានិច្ចជាកាល តែងតែយកចិត្តទុកដាក់ក្នុងវិស័យអប់រំ។ ពិធីប្រកាសបើកបវេសនកាល ឆ្នាំសិក្សាថ្មី២០២១-២០២២ ដោយគោរពវិធានការសុខាភិបាលដើម្បីទប់ស្កាត់ការឆ្លងនៃជំងឺកូវីដ-១៩។
លោក តាន់ ប៊ុនហុង ប្រធានមន្ទីរអប់រំ យុវជន និងកីឡាខេត្តកំពង់ធំបានប្រាប់ថា ឆ្នាំសិក្សា ២០២១-២០២២ ជាមួយគ្នានេះ ដើម្បីឲ្យដំណើរនៃការ រៀន និងបង្រៀនសម្រាប់ឆ្នាំសិក្សាថ្មីនេះ ប្រព្រឹត្តទៅប្រកបដោយសុវត្ថិភាព គុណភាព និង និរន្តរភាព មន្ទីរអប់រំ យុវជន និងកីឡាខេត្ត ការិយាល័យអប់រំ យុវជន និងកីឡាក្រុង/ស្រុក និងគ្រប់ គ្រឹះស្ថានសិក្សាទាំងអស់ បានត្រៀមរួចជាស្រេចនូវសម្ភារអនាម័យ ម៉ាស អាល់កុល ដែល សាប៊ូ ឧបករណ៍វាស់ស្ទង់កម្ដៅស្វ័យប្រវត្តិ ការសម្អាតបរិស្ថាន ការកសាងហេដ្ឋារចនាសម្ព័ន្ធសុវត្ថិភាពបង្គន់អនាម័យ និងប្រព័ន្ធទឹកស្អាតនិងកន្លែងលាងសម្អាតដៃបន្ថែមផងដែរ។
សូមបញ្ជាក់ថា ក្នុងខេត្តកំពង់ធំ ក្នុងឆ្នាំសិក្សា២០២១ -២០២២ រួមមាន សាលាមត្តេយ្យសិក្សារដ្ឋមានចំនួន២១០កន្លែង ស្មើ៣១២ថ្នាក់ មានសិស្សសរុប៩,៦៦៥នាក់ ស្រី៥,៩៦០នាក់ ។ មត្តេយ្យសិក្សាសហគមន៍ មាន ១៩៦ កន្លែង មានថ្នាក់ ១៩៦ ថ្នាក់ សិស្សសរុបចំនួន៤,៧០២នាក់ ស្រី២,៥២៧នាក់។ សាលាបឋមសិក្សាមានចំនួន៤៩៣សាលា ចែកចេញជា ៧៦កម្រងសាលារៀន ដែលមានថ្នាក់សរុបចំនួន២,៤៨៨ថ្នាក់ មានសិស្សសរុបចំនួន៩៩,៨៩៣នាក់ ស្រី៤៨,៧៣០នាក់ ក្នុងនោះសិស្សជាប់។ មធ្យមភាគមានចំនួន៨៣,៩៩៩នាក់ ស្មើ៨៤.០៩% ស្រី៤២,៨៦២នាក់ ស្មើ៨៧.៩៦% ។ សាលាមធ្យមសិក្សាមានចំនួន៩២សាលា ក្នុងនោះអនុវិទ្យាល័យចំនួន ៦៧សាលា មានថ្នាក់ ចំនួន៣៧៤ថ្នាក់ និងវិទ្យាល័យចំនួន ២៥កន្លែង មាន៥៩៩ថ្នាក់ មានសិស្សសរុបចំនួន៤៦,១៣៨នាក់ ស្រី២៥,៤៥៥នាក់។

