រដ្ឋបាលសាលាខេត្តកណ្តាលចេញលិខិតរុះរើលំនៅដ្ឋាន៥៥គ្រួសារ ពលរដ្ឋស្នើរសុំសម្តេចតេជោមេត្តាជួយពិនិត្យឡើងវិញមុនអនុវត្តវិធានការរដ្ឋបាល

កណ្តាល៖បន្ទាប់ពីប្រជាពលរដ្ឋស្នើសុំនិងអះអាងថា បានរស់នៅរាប់តំណរមកហើយនិងមានការទទួលស្គាល់ពីភូមិ-ឃុំ ពុំមែនជាការមកតាំងទីលំនៅដោយអនាធិបេត្យ អភិបាលខេត្តសន្យាថានឹងពិនិត្យ ស្រាវជ្រាវ។

លោក តិច ទង និង លោក សេក នឿន ព្រមទាំងអ្នកស្រី តិច ម៉ៃ តំណាងពលរដ្ឋទាំង៥៥គ្រួសារ ដែលរស់នៅតាមបណ្តោយផ្លូវចូលទៅកាន់មជ្ឈមណ្ឌលបន្សាបគ្រឿងញៀន ដែលស្ថិតនៅក្នុងភូមិទួលសុភី ឃុំព្រែកគយ ស្រុកស្អាង បានបញ្ជាក់ថា ពួកគាត់បានមកតាំងទីលំនៅនៅទីនេះ តាំងពីអំឡុងឆ្នាំ១៩៧៩-១៩៨០ មកម្លេះ ហើយក៏មិនមែនមករស់នៅដោយចិត្តឯងដែរ គឺអាជ្ញាធរជាអ្នកចែកឱ្យ ដែលកាលពីសម័យនោះ នៅទីនេះ ស្ថិតនៅក្នុងភូមិព្រែកស្នាយ នៅឡើយ មិនទាន់កាត់មកភូមិទួលសុភីទេ។ តាំងពីជីដូន ជីតា ឪពុក ម្តាយ មកម្លេះ ហើយកាលពីអំឡុងឆ្នាំ១៩៩៩ ក៏បានដាក់ពាក្យស្នើសុំកាន់កាប់ដីធ្លី ថែមទៀតផង ហើយខ្លះក៏បានធ្វើការលក់-ដូរ តៗគ្នា ដោយមានការទទួលស្គាល់ពីមេភូមិ មេឃុំ ច្រើនតំណរមកទៀតផង។ពួកគាត់បានបន្ថែមថា ក្រោយពីមានការសាងសង់មជ្ឈមណ្ឌលព្យាបាលនិងបន្សាបគ្រឿងញៀន អាជ្ញាធរបានធ្វើការពង្រីកផ្លូវ ពួកគាត់ក៏សុខចិត្តបង្ខិតលំនៅដ្ឋានថយ ដើម្បីឱ្យផ្លូវធំទូលាយ ហើយអតីតអភិបាលខេត្តកណ្តាល ឯកឧត្តម ម៉ៅ ភិរុណ ក៏ធ្លាប់បានសន្យាថា ជួយ ត ប្រព័ន្ធទឹកស្អាត និងអគ្គិសនីឱ្យប្រើប្រាស់ ផងដែរ។ ស្រាប់តែ កាលពីថ្ងៃទី២៤ ធ្នូ ២០២១កន្លងទៅនេះ រដ្ឋបាលខេត្តកណ្តាល បានចេញសេចក្តីជូនដំណឹង ឱ្យពួកគាត់រុះរើលំនៅដ្ឋានចេញ ដោយប្រាប់ថា ពួកគាត់សង់លំនៅដ្ឋាននៅលើដីចំណីបឹងម្លិច និងចំណីផ្លូវសាធារណៈ និងបានដាក់ឧសានវាទចំនួន១ខែ ធ្វើឱ្យពួកគាត់ស្រឡាំងកាំង និងមិនអាចទទួលយកបាននោះទេដូច្នេះ សូមសំណូមពរដល់សម្តេចតេជោហ៊ុនសែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចកិតិព្រឹទ្ធបណ្ឌិត ប៊ុនរ៉ានី ហ៊ុន សែន និងឯកឧត្តម គង់ សោភណ្ឌ័ អភិបាលខេត្ត មេត្តាបង្កើតគណៈកម្មការដើម្បីពិនិត្យស្រាវជ្រាវ លើបញ្ហារបស់ពួកគាត់ឡើងវិញផង ព្រោះ ពួកគាត់រស់នៅរាប់សិបឆ្នាំមកហើយ បើឱ្យរើចេញ គួរជួយដោះស្រាយ ប្តូរទីតាំងជូនពួកគាត់ឱ្យបានសមរម្យផង បើមិនដូច្នោះ ទេពួកគាត់គ្មានទីស្នាក់អាស្រ័យនោះទេ ហើយក៏មិនព្រមរុះរើចេញដែរ។

ពាក់ព័ន្ធនឹងការតវ៉ានិងស្នើសុំរបស់ប្រជាពលរដ្ឋទាំង៥៥គ្រួសារ ឯកឧត្តម គង់ សោភណ្ឌ័ អភិបាលខេត្តកណ្តាល បានផ្ញើសារប្រាប់អ្នកសារព័ត៌មានតាមប្រព័ន្ធWhatsApp ថា ” បានទទួលនឹងពិនិត្យស្រាវជ្រាវ “។

យោងជូនដំណឹង លេខ១៤១០ ស ជ ណ ដែលចុះហត្ថលេខា ដោយឯកឧត្តម គង់ សោភណ្ឌ័ អភិបាលខេត្តកណ្តាល កាលពីថ្ងៃទី២៤ ធ្នូ ២០២១ បានស្នើឱ្យប្រជាពលរដ្ឋដែលបានសាងសង់សំណង់នៅចំណុចដីបឹងម្លិច ត្រូវរុះរើសំណង់ដែលបានសង់រួចហើយ ក្នុងរយៈពេល១ខែជាកំហិត គិតចាប់ពីថ្ងៃជូនដំណឹង ហើយករណីមិនអនុវត្តតាម អាជ្ញាធរមានសមត្ថកិច្ចនឹងចុះរុះរើ ដោយមិនទទួលខុសត្រូវលើការខូចខាតព្រព្យសម្បត្តិជាយថាហេតុណាមួយឡើយ៕

Leave a Reply

Your email address will not be published. Required fields are marked *