បន្ទាយមានជ័យ៖ ប្រជាពលរដ្ឋដែលធ្វើដំណើរតាមផ្លូវស្សូអា(ZOA) ពីចំណុចចំណតរថយន្តក្រុង ឆ្ពោះទៅខាងជើងផ្សារត្រីប៉ោយប៉ែតរអ៊ូរទាំក្រោយពីផ្លូវបានចាក់បេតុងរួច មានការលក់ដូរលើដីផ្លូវ អាជ្ញាធរ និងសមត្ថកិច្ចរៀបចំសណ្តាប់ធ្នាប់មិនឈ្នះដូចវែកចក ស្រាប់តែមានអ្នកសង់តូបលក់ដូររំលោភយកដីចិញ្ចើមផ្លូវបន្ថែមទៀត ហើយការសាងសង់នេះ ធ្វើជាប់និងផ្លូវតែម្តង មិនមានរបងហ៊ុព័ន្ធលាក់បាំងភ្នែកអាជ្ញាធរសមត្ថកិច្ចជំនាញនោះទេ។
ប្រជាពលរដ្ឋបានរិៈគន់ថា សំណង់សង់តូបលក់ដូរខាងលើនេះ ប្រក់ស័ង្កសី ជញ្ជាំងរៀបឥដ្ឋ កាត់ជាតូបៗសំរាប់ជួលនៅតាមបណ្តោយផ្លូវស្សូអា ក្នុងភូមិបាលិលេយ្យ១ សង្កាត់.ក្រុងប៉ោយប៉ែត ដែលចំណុចមានការកកស្ទះខ្លាំងណាស់ បើលោក គាត ហ៊ុល អភិបាលក្រុងប៉ោយប៉ែត មិនចាត់វិធានការអនុវត្តទៅតាមច្បាប់ទេនោះ វាធ្វើឲ្យប៉ះពាល់ផលប្រយោជន៍សាធារណ៍ បន្ថែមការកកស្ទះ និងបាត់បង់សោភ័ណភាពផ្លូវ ធ្វើឲ្យក្រុងប៉ោយប៉ែតកាន់តែកើនឡើងនូវសំណង់រំលោភដីផ្លូវ និងចិញ្ចើមផ្លូវច្រើនឡើងៗជាមិនខាន។
លោក គាត ហ៊ុល អភិបាលក្រុងប៉ោយប៉ែត បានឲ្យដឹងថាកន្លងមកលោកបានចាត់លោកចៅសង្កាត់ប៉ោយប៉ែតចុះទៅហាមឃាត់ម្ដងហើយ តែបុគ្គលដែលម្ចាស់សំណង់នៅតែផ្គើនបន្តសាងសង់ដដែល។ លោក អភិបាលក្រុងប៉ោយប៉ែតបានបញ្ជាក់ថា លោកនឹងធ្វើការតាមនីតិវិធតាមឋានុក្រមសិនបើសិនជាម្ចាស់ទីតាំងនេះនៅតែផ្គើនសាងសង់រំលោភទៀត នឹងចាត់មន្ត្រីជំនាញរបស់សាលាក្រុងប៉ោយប៉ែតចុះអនុវត្តតែម្តង។
ប្រជាពលរដ្ឋ និងមហាជនជាច្រើនសង្ឃឹមថា អាជ្ញាធរ និងមន្ត្រីជំនាញក្រុងប៉ោយប៉ែត មានវិធានការចុះអនុវត្ថនីតិវិធី ដូចបានអនុវត្ត ឲ្យពលរដ្ឋមួយកន្លែងវាយកម្ទេចសំណង់រំលោភដីចិញ្ចើមផ្លូវនៅក្បែរចំណតរថយន្តក្រុងដូចគ្នា ដើម្បីយកដីផ្លូវសាធារណៈរដ្ឋ ដែលម្ចាស់អាជីវកម្មមួយនេះកំពុងសាងសង់ ដោយគ្មានការញញើតចំពោះអាជ្ញាធរមូលដ្ឋាន៕

