ខេត្តស្វាយរៀង៖ នៅថ្ងៃ ព្រហស្បតិ៍ ទី ១៣ ខែ មករា ឆ្នាំ ២០២២ សាខាកាកបាទក្រហមកម្ពុជា ខេត្តស្វាយរៀង បានផ្តល់ជែលចំនួន ២៥ កេស ស្មើនឹង ៤០០ ដប ម៉ាស់ ចំនួន ១០,០០០ សន្លឹក ដល់វិទ្យាល័យស្វាយរៀង ក្រោមអធិបតីភាព ឯកឧត្តម ម៉ែន វិបុល ប្រធានគណៈកម្មាធិការសាខា ព្រមទាំងឯកឧត្តម លោកជំទាវ គណៈកម្មាធិការសាខា លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស នៃវិទ្យាល័យស្វាយរៀង ។
ឯកឧត្តម ម៉ែន វិបុល ប្រធានគណៈកម្មាធិការ បានគោរពថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ជូនចំពោះសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ដែលតែងតែយកចិត្តទុកដាក់ជួយដល់ប្រជាពលរដ្ឋក្នុងខេត្តស្វាយរៀងជាបន្តបន្ទាប់ ហើយកាកបាទក្រហមកម្ពុជាតែងតែបានផ្តល់ជូនសម្ភារអនាម័យ មានដូចជា អាល់កុល ម៉ាស់ និងជែលលាងដៃ ខិត្តប័ណ្ណផ្សេងៗ ដល់សាខាខេត្តស្វាយរៀង ដែលជាខេត្តមួយជាប់ច្រកព្រំដែន និងមានប្រជាពលរដ្ឋធ្វើចំណាកស្រុកច្រើនប្រឈមនឹងការឆ្លងរាតត្បាតនៃជំងឺកូវីដ-១៩ ខ្លាំង ។
ឯកឧត្តមក៏បានផ្តាំផ្ញើដល់លោកគ្រូ អ្នកគ្រូ សិស្សានុសិស្សទាំងអស់ដែលមិនទាន់បានចាក់វ៉ាក់សាំង លើកទី ៣ ឬដូសជម្រុញត្រូវនាំគ្នាទៅចាក់ឲ្យបានគ្រប់ដូសដើម្បីការពារជំងឺកូវីដ-១៩ ពិសេសប្រភេទបម្លែងថ្មី អូមីក្រុង ។
សូមបញ្ជាក់ថា បន្ទាប់ពីទទួលបានជែលលាងដៃពីកាកបាទក្រហមកម្ពុជា ដែលជាអំណោយរបស់ក្រុមហ៊ុន ហ័ន យ៉ា ហ៊ឺ ចុង (ខេមបូឌា) ត្រេឌីង ឯ.ក ដែលបានផ្តល់ជូនសាខាកាកបាទក្រហមកម្ពុជា ខេត្តស្វាយរៀង លើកទី១ ចំនួន ៩០៩ កេស ស្មើនឹង ១៤,៥៤៤ ដប លើកទី ២ ចំនួន ៨០០ កេស ស្មើនឹង ១២,៨០០ ដបកាលពីពេលកន្លងទៅ សាខាបានប្រគល់ជូនមន្ទីរពេទ្យបង្អែកចំនួន ៣ មណ្ឌលសុខភាពចំនួន ៤៨ និងអនុសាខាកាកបាទក្រហមកម្ពុជាទាំង ៨ ក្រុងស្រុក ចំនួន ៥១០ កេស ស្មើនឹង ៨,១៦០ ដប មន្ទីរ អង្គភាពនានា ជុំវិញខេត្តចំនួន ៤១ ចំនួន ១០៧ កេស ស្មើនឹង ១,៧១២ ដប រួចហើយ ។

