ស្ទឹងត្រែងៈ បុរសម្នាក់ទៅកាប់ចម្ការក្បែភូមិ ខ្វះការប្រុងប្រយ័ត្ន ត្រូវបានដើមឈើដ៏ធំមួយរលំសង្កត់ពីលើរបួសយ៉ាងធ្ងន់ធ្ងរស្លាប់ ពេលដែលបញ្ជូនទៅសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យខេត្ត។
ហេតុការណ៍ខាងលើ ត្រូវបានកើតឡើងកាលពីល្ងាចថ្ងៃទី ១១ ខែមករាឆ្នាំ ២០២២ នៅចំណុចព្រៃចម្ការមួយកន្លែង ស្ថិតក្នុងភូមិស្ដៅឃុំស្ដៅ ស្រុកសេសាន ខេត្តស្ទឹងត្រែង។
តាមរបាយការណ៍របស់នាយប៉ុស្តិ៍នគរបាលស្ដៅបានបញ្ជាក់ថា:នៅថ្ងៃទី ១១ ខែមករា ជនរងគ្រោះបានចេញពីផ្ទះទៅកាប់ចម្ការ ហើយត្រូវដើមឈើដ៏ធំមួយបានរលំសង្កត់ពីលើ ត្រូវបានបងប្អូនក្រុមគ្រួសារជួយសង្គ្រោះ ដឹកយកមកកាន់មន្ទីរពេទ្យបង្អែកខេត្ត តែមិនអាចសង្គ្រោះបានទេ ដោយសាររងគ្រោះធ្ងន់ធ្ងរពេក បានដាច់ខ្យល់ស្លាប់ពេលមកដល់មន្ទីរពេទ្យ។
លោកមេប៉ុស្តិ៍បានបញ្ជាក់បន្ថែមថាជនរងគ្រោះមានឈ្មោះថាយ ឡាយ ភេទប្រុសអាយុ ៤៣ឆ្នាំមានទីលំនៅភូមិស្ដៅ ២ ឃុំស្ដៅស្រុកសេសាន ខេត្តស្ទឹងត្រែង។
ក្រោយកើតហេតុសមត្ថកិច្ចនគរបាលប៉ុស្តិ៍បានចុះពិនិត្យមើលជនរងគ្រោះរកឃើញថាពួកគេបានទៅកាប់ចំការ ខ្វះការប្រុងប្រយ័ត្នត្រូវដើមឈើដ៏ធំមួយរលំសង្កត់បណ្ដាលឱ្យរងរបួសធ្ងន់ធ្ងរស្លាប់ពេលដែលបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យខេត្ត។
បច្ចុប្បន្នជនរងគ្រោះត្រូវបានសមត្ថកិច្ចប្រគល់ឲ្យក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី៕

