ខេត្តកណ្ដាល៖ រថយន្តយីឌុបច្រើនគ្រឿងរបស់មេឈ្មួញឈ្មោះ ឃុតឌីវឌ្ឍនាជាច្រើនគ្រឿង កំពុងធ្វើសកម្មភាពដឹកជញ្ជូនអាចម៍ដីយ៉ាងអាណាធិបតេយ្យនៅលើកំណាត់ផ្លូវជាតិលេខ 2 និងផ្លូវលេខ 217ខណ្ឌដង្កោ ចំពោះអាជ្ញាធរជំនាញពាក់ព័ន្ធមិនហ៊ានប៉ះពាល់ឡើយ។
តាមប្រភពព័ត៌មាន អំពីមន្ត្រីបម្រើការងារនៅស្រុកកណ្ដាលស្ទឹងសូមមិនបញ្ចេញឈ្មោះ បានបង្ហើបប្រាប់ឲ្យដឹងថា មេឈ្មួញឈ្មោះ ឃុត ឌីវឌ្ឍនា នេះជាមន្ត្រីយោធាជាន់ខ្ពស់ម្នាក់ដែលជំនាញផ្នែកខាងរកស៊ីនៅដីដឹកជញ្ជូនអាចម៌ដីយូរឆ្នាំមកហើយ មានរថយន្តសុទ្ធតែប្រភេទយីឌុបធំៗភាគច្រើនជាប្រភេទរថយន្តអត់មានពន្ធនាំចូល រហើយការដឹកជញ្ជូនអាចម៌ដីបើកវាងមិនដែលចូលថ្លឹងជញ្ជីងឡើយ ដោយឡែកពួកគេដឹកពេញហៀរអត់គ្រប់កៅស៊ូបើកលើផ្លូវជាតិធ្លាក់ជ្រុះរប៉ាត់រប៉ាយពេញផ្លូវទៀតផង ម្យ៉ាងទៀតក្រុមតៃកុងរថយន្តរបស់គាត់សុទ្ធតែជាមនុស្សក្មេងៗបើករថយន្តមិនគោរពច្បាប់ចរាចរណ៍បង្ករផលប៉ះពាល់គ្រោះថ្នាក់ចរាចរណ៍ជាញឹកញាប់បណ្ដាលឱ្យមនុស្សស្លាប់នឹងធ្លាក់ខ្លួនពីការផងដែរ។
ប្រភពព័ត៌មានបានបន្តថាវឌ្ឍនានេះគាត់រកស៊ីអាងបុណ្យសក្កិខ្សែបណ្ដាញនៅពីក្រោយចាំទទួលខុសត្រូវអាជីវកម្មរបស់គេទើបមិនខ្លាចច្បាប់យ៉ាងដូច្នេះ។
សកម្មភាពរកស៊ីបង្កការប៉ះពាល់ទៅដល់ប្រជាពលរដ្ឋរាល់ថ្ងៃ ពិសេសប្រភេទរថយន្តអត់ពន្ធនិងការដឹកជញ្ជូនអាចម៍ដីគេចវេសអំពីស្ថានីយជញ្ជីងថ្លឹងរថយន្តធ្វើឲ្យខាតបង់ថវិការដ្ឋក្នុងមួយឆ្នាំរាប់សិបម៉ឺនដុល្លាឯណោះ។
ម្យ៉ាងវិញទៀតមេឈ្មួញ ឃុត ឌីវឌ្ឍនា នេះ ប្រជាពលរដ្ឋស្នើសុំឲ្យអាជ្ញាធរជំនាញពាក់ព័ន្ធថ្នាក់លើពិសេសមន្ត្រីជំនាញគយ និងមន្ត្រីសាធារណការនិងដឹកជញ្ជូនមេត្តាចុះពិនិត្យមើលការរកស៊ីយ៉ាងអាណាធិបតេយ្យរបស់មេឈ្មួញរូបនេះដែល ទីតាំងរណ្ដៅរបស់គេស្ថិតនៅឃុំកណ្ដោក ស្រុកកណ្ដាលស្ទឹង ខេត្តកណ្ដាល៕ដោយ៖ភាវុន

