ប្តីដាក់ប្រព័ន្អGPS ក្នុងទូរសព្ទតាមដានប្រពន្ធ, ទីបំផុតឃើញប្រពន្ធផិតក្បត់ផ្ទាល់ភ្នែកក្នុងចម្ការស្វាយ ប្តឹងសមត្ថកិច្ចឱ្យឃាត់ទាំង២នាក់

កណ្តាល ៖ ប្តីបានដាក់ប្រព័ន្ធGPS ក្នុងទូរសព្ទតាមដានប្រពន្ធ ដោយសារតែមានការសង្ស័យមានចរិតប្លែកៗ ទីបំផុតក៏តាមទាន់ប្រពន្ធរបស់ខ្លួនកំពុងលួចបង្កាត់ភ្លើងស្នេហ៍ជាមួយបុរសផ្សេងក្នុងចម្ការស្វាយ រួចបានប្តឹងដល់ប៉ូលិសឱ្យឃាត់ខ្លួនក្នុងករណីផិតក្បត់កាលពីថ្ងៃទី១៦ ខែមករា ឆ្នាំ២០២២ វេលាម៉ោង១២និង៣០នាទី ស្ថិតនៅភូមិបត្តាជី សង្កាត់ព្រែកហូរ ក្រុងតាខ្មៅ ខេត្តកណ្តាល។

សមត្ថកិច្ចនិយាយថា ប្រុសជាប្តីឈ្មោះ  ឡុញ វណ្ណៈ  ភេទ ប្រុស  អាយុ ៥១ឆ្នាំ  ជនជនជាតិខ្មែរមានទីលំនៅភូមិត្នោតជ្រុំទី២ សង្កាត់បឹងទំពន់២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ មុខរបរអាជីវករ។

ចំណែកជនសង្ស័យ ០២នាក់ដែលបាន ឃាត់ខ្លួនរួមមាន ១-ឈ្មោះ  សួន ពៅ ភេទ ស្រី អាយុ ៤៣ឆ្នាំ  មានទីលំនៅភូមិត្នោតជ្រុំ២ សង្កាត់បឹងទំពន់២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ មុខរបរសំអាងការ ត្រូវជាប្រពន្ធនិង ២-ឈ្មោះ អ៊ុ ពន្លក ភេទប្រុស អាយុ៤០ឆ្នាំ ជនជាតិខ្មែរ ស្នាក់នៅដីចំការស្វាយភូមិបត្តាជី សង្កាត់ព្រែកហូរ ក្រុងតាខ្មៅ ខេត្តកណ្តាល មុខរបរកសិករ ត្រូវជាសាហាយ ។

សមត្ថកិច្ចបន្តថា បុរសជាប្តីជាបុរសពោះម៉ាយមានកូន៣នាក់ ចំណែកជនសង្ស័យជាប្រពន្ធជាស្ត្រីម៉េមាយគ្មានកូន ហើយអ្នកទាំង២ក៏បានយកគ្នាជាប្តីប្រពន្ធដោយមិនបានរៀបការ ឬ សែនព្រេននោះទេ តែពួកគាត់បានចុះសំបុត្រអាពាហ៍ពិពាហ៍ស្របច្បាប់ត្រឹមត្រូវ នៅថ្ងៃទី១៣ខែធ្នូឆ្នាំ២០១០ ហើយមានកូនប្រុសម្នាក់អាយុ១៤ឆ្នាំ ។

សមត្ថកិច្ចបន្តថា មួយរយៈចុងក្រោយនេះ ជីវិត២នាក់ប្តីប្រពន្ធចេះតែរកាំរកូសមិនចុះសម្រុងគ្នា ហើយបុរសជាប្តីបានដាក់ប្រព័ន្ធGPSតាមទូរសព្ទតាមដានប្រពន្ធ ក៏ឃើញលោតនៅចំណុចដីចម្ការស្វាយរបស់ឈ្មោះអ៊ុ ពន្លក ជារៀងរាល់លើក ។

លុះមកដល់ថ្ងៃទី១៦ខែមករាឆ្នាំ២០២២ វេលាម៉ោង១២និង៣០នាទី  ជនរងគ្រោះបានឃើញជនសង្ស័យជាប្រពន្ធកំពុងអង្គុយផឹកស្រាបៀរជាមួយឈ្មោះអ៊ុ ពន្លក នៅក្នុងដីចម្ការស្វាយស្ថិតនៅភូមិបត្តាជី សង្កាត់ព្រែកហូរ ក្រុងតាខ្មៅ  គាត់ក៏បានមកប្តឹងសមត្ថកិច្ចក្រុងតាខ្មៅឱ្យចុះទៅហៅអ្នកទាំង២មកសាកសួរតែម្តង ។

នៅចំពោះមុខសមត្ថកិច្ច, ជនសង្ស័យបានសារភាពថា «គាត់បានផិតប្តីហើយទៅស្រឡាញ់គ្នាជាមួយឈ្មោះអ៊ុ ពន្លក ចាប់តាំងពីក្នុងខែសីហាឆ្នាំ២០២១មកម្ល៉េះ ដោយស្គាល់គ្នានិង ទំនាក់ទំនងគ្នាតាមរយៈទូរសព្ទ ហើយធ្លាប់បានដេករួមភេទជាមួយគ្នា បានសម្រេចជាច្រើនដងនៅក្នុងផ្ទះចាំដីចម្ការស្វាយ»។

បច្ចុប្បន្នជនសង្ស័យទាំង២នាក់កំពុងឃាត់ខ្លួននៅអធិការដ្ឋានប៉ូលិសក្រុងតាខ្មៅ ដើម្បីសាកសួរ កសាងសំណុំរឿងចាត់ការបន្តតាមនីតិវិធី ៕

Leave a Reply

Your email address will not be published. Required fields are marked *