ខេត្តស្វាយរៀង៖នៅថ្ងៃទី១៨ ខែមករា ឆ្នាំ២០២២នេះ លោកបណ្ឌិត ចិន សាធាន នាយករដ្ឋបាលសាលាខេត្តស្វាយរៀងតំណាងឯកឧត្ដម ម៉ែន វិបុល អភិបាល នៃគណៈអភិបាលខេត្តស្វាយរៀងបានដឹកនាំគណៈប្រតិភូខេត្តស្វាយរៀងអញ្ជើញជួបជាមួយមន្ទីរការបរទេសខេត្តតៃនិញតំណាងអោយគណកម្មការប្រជាជនខេត្តតៃនិញក៏ដូចជាកម្មាភិបាលនៃសាធារណរដ្ឋសង្គមនិយមវៀតណាមដើម្បីអបអរសាទរជូនពរបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិវៀតណាមដែលពិធីនេះធ្វើនៅច្រកទ្វារព្រំដែនបាវិតម៉ុកបាយ។
មានប្រសាសន៍ក្នុងឱកាសនោះលោកបណ្ឌិត ចិន សាធាន ផ្តាំសាកសួរសុខទុក្ខពីរដ្ឋបាលខេត្តស្វាយរៀងមន្ត្រីរាជការប្រជាពលរដ្ឋក្នុងខេត្តស្វាយរៀងជួនដល់មន្ត្រីរាជការនិងប្រជាជនវៀតណាមក្នុងឱកាសបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិវៀតណាមនិងជិតឈានចូលមកដល់នាពេលខាងមុច។
លោកបណ្ឌិតបានកត់សម្គាល់ពីការរីកចម្រើននៃកិច្ចសហប្រតិបត្តិការដែលកើតចេញពីការរួមចំណែករបស់អាជ្ញាធរ និងភាគីពាក់ព័ន្ធ នៃខេត្តស្វាយរៀង-តៃនិញ និងជឿជាក់ថា ឆ្នាំថ្មី ឆ្នាំ២០២២ខងមុខនេះ ទំនាក់ទំនង និងកិច្ចសហប្រតិបតិ្តការនេះ នឹងកាន់តែល្អប្រសើរទ្វេឡើង ដើម្បីភាពសុខសាន្ត និងការរីកចម្រើនទាំងផ្នែកជីវភាពរបស់ប្រជាជនទាំងពីរនិងផ្នែកសេដ្ឋកិច្ច ពាណិជ្ជកម្ម ព្រមទាំងជូនពរដល់ថ្នាក់ដឹកនាំ មន្ត្រីរាជការ កងកម្លាំង និងប្រជាជនខេត្តស្វាយរៀងនិងខេត្តតៃនិញក្នុងឱកាសឆ្នាំថ្មីនេះផងដែរ ។
លោកបណ្ឌិត ចិន សាធាន បានបន្ថែមទៀតថា៖បើស្ថិតនៅក្នុងបរិបទប្រឈមនឹងបញ្ហាកូវីដ-១៩ មិនទាន់ឃ្លាតចេញឆ្ងាយមនុស្សលើសកលលោកសូមបានអំពាវនាវឲ្យប្រជាជននៃប្រទេសទាំង២ ត្រូវបន្តអនុវត្តន៍ឱ្យបានទៀងទាត់តាមការណែនាំរបស់ក្រសួងសុខាភិបាល និងការណែនាំរបស់រាជរដ្ឋាភិបាលដើម្បីកុំឱ្យមានឆ្លងជំងឺកូវីដ-១៩ ទាំងទម្រង់ចាស់ និងថ្មី ចូលក្នុងសហគមន៍។
សូមជម្រាបជូនថា៖ពិធីជូនពរឆ្នាំថ្មីដែលប្រព្រឹត្តិទៅនៅថ្ងៃនេះតំណាងខេត្តស្វាយរៀងប្រទេសកម្ពុជានិងមន្ទីរការបរទេសខេត្តតៃនិញតំណាងអោយគណកម្មការប្រជាជនខេត្តតៃនិញក៏ដូចជាកម្មាភិបាលនៃសាធារណរដ្ឋសង្គមនិយមវៀតណាមដែលពិធីនេះភាគីនៃតំណាងខេត្តទាំង២ក៏បានផ្លាស់ប្ដូរវត្ថុអនុស្សាវរីយ៍គ្នាទៅវិញទៅមកក្នុងស្មារតីមិត្តភាព សាមគ្គីភាព និងស្និទ្ធស្នាលបំផុត ៕

