កំពង់ធំ÷ ដោយអនុវត្តតាមប្រសាសន៍ណែនាំរបស់ឯកឧត្ដម នាយឧត្ដមសេនីយ៍ ណឹម សុវត្ថិ ទីប្រឹក្សាពិសេសសម្ដេចពិជ័យសេនា ទៀ បាញ់ អគ្គនាយកនៃអគ្គនាយកដ្ឋាន នយោបាយ និងកិច្ចការបរទេស និងជាប្រធានក្រុមការងារសិក្សាសាងសង់វិមានឈ្នះឈ្នះ។ នៅព្រឹកថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២២ ឧត្តមសេនីយ៍ទោ សោម ស៊ុន បានដឹកនាំកិច្ចប្រជុំណែនាំនិងប្រគល់ភារកិច្ចជូនថ្នាក់ដឹកនាំ ស្ថាប័នពាក់ព័ន្ធ និងមេបញ្ជាការគ្រប់កងឯកភាពចំណុះនៃបញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងកំពង់ធំ ដើម្បីពង្រឹងតួនាទីក្នុងការអនុវត្តភារកិច្ចការងារប្រវត្តិសាស្រ្តយោធា ដែលថ្នាក់លើបានប្រគល់ជូន ដែលពិធីនេះប្រព្រឹត្តទៅនៅទីបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ ស្ថិតនៅភូមិថ្នល់បែក ឃុំត្រពាំងឬស្សី ស្រុកកំពង់ស្វាយ ខេត្ត កំពង់ធំ។
ឧត្តមសេនីយ៍ត្រី ង៉ាង ស មេបញ្ជាការរងទទួលបន្ទុកការងារអប់រំចិត្តសាស្ត្រ និងប្រវត្តិសាស្រ្តយោធា បានឡើងរាយការណ៍អំពីផែនការមួយចំនួន ដែលបានទទួលពីថ្នាក់លើ និងលទ្ធផលការងារសំខាន់ៗ ដែលក្រុមការងារប្រវត្តិសាស្ត្រយោធានៃបញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងកំពង់ធំ អនុវត្តបានកន្លងមក ។
ឧត្តមសេនីយ៍ទោ សោម ស៊ុន បានថ្លែងអំណរគុណ និងថ្លែងនូវការកោត សរសើរចំពោះក្រុមការងារប្រវត្តិសាស្ត្រយោធា និងមេបញ្ជាការគ្រប់កងឯកភាព ដែលបានអនុវត្តន៍ល្អក្នុងភារកិច្ចការងារប្រវត្តិសាស្ត្រយោធា ដោយបានចងក្រងទុកនូវបទពិសោធន៍ឆាកប្រយុទ្ធវាយលុក វាយការពារទីតាំង ព្រមទាំងប្រវត្តិស្នាដៃសំខាន់ៗក្នុងសម័យសង្គ្រាមកន្លងមក នៅខេត្តកំពង់ធំ ព្រោះទីតាំងខេត្តកំពង់ធំក្នុងសម័យសង្គ្រាមកន្លងមក ជាតំបន់ប្រយុទ្ធប្ដូរផ្ដាច់រវាងកងទ័ពរដ្ឋាភិបាលនិងកងទ័ពឧទ្ទាមក្រៅច្បាប់ ។
ឧត្ដមសេនីយ៍ ទោសោម ស៊ុន បាន ប្រគល់ ភារកិច្ច សំខាន់ៗ មួយ ចំនួន ដល់ក្រុម ការងារ ប្រវត្តិសាស្ត្រ យោធា និង មេប ញ្ជាការ គ្រប់ កងឯកភាព ត្រូវ អនុវត្តន៍ តាម ភារកិច្ច រៀងៗ ខ្លួន ឲ្យ ទទួល បាន ជោគជ័យ តាម ផែនការ ដែល ថ្នាក់ លើ បាន ប្រគល់ ជូន ។ នៅក្នុងឱកាសនេះផងដែរ មេបញ្ជាការ តំបន់ ប្រតិបត្តិការ សឹក រងកំពង់ធំ ក៏បានបញ្ជាក់ថា អង្គភាពតំបន់ប្រតិបត្តិការសឹករងកំពង់ធំ បានកសាងសារមន្ទីរប្រវត្តិ សាស្ត្រយោធាមួយខ្នងសម្រាប់តម្កល់ទុកឯកសារផ្សេងៗ និងសម្ភារៈ បរិក្ខារនានានៃប្រវត្តិសាស្រ្តយោធាក្នុងសម័យសង្គ្រាម និងបានរៀបចំកែលម្អសោភ័ណភាពវិមានរំលឹកគុណ និងផ្នូរសពយុទ្ធជនពលី ដើម្បីគោរពវិញ្ញាណក្ខ័ន្ធជាការដឹងគុណចំពោះវីរភាពកម្មាភិបាលយុទ្ធជន យុទ្ធនារី ដែលបានពលីជីវិត ដើម្បីជាតិនិងមាតុភូមិកម្ពុជា៕SKS

