ព្រះវិហារព្រំដែន៖ លោក គឹម ចាន់បញ្ញា អភិបាលរងខេត្តព្រះវិហារ និងជាអ្នកនាំពាក្យរដ្ឋបាលខេត្ត បានបញ្ជាក់ថា ក្រោយបទឈប់បាញ់គ្នារវាងកម្ពុជា-ថៃ ចូលជាធរមាននៅវេលាម៉ោង ១២/០០នាទីថ្ងៃត្រង់ទី២៧ ខែធ្នូ ឆ្នាំ២០២៥ អាជ្ញាធរខេត្តព្រះវិហារ មិនទាន់អនុញ្ញាតឱ្យបងប្អូនប្រជាពលរដ្ឋភៀសសឹក វិលត្រឡប់ទៅលំនៅដ្ឋានវិញភ្លាមៗនោះទេ។
លោក គឹម ចាន់បញ្ញា បញ្ជាក់មូលហេតុថា «ដោយយើងនៅរង់ចាំតាមដានសភាពការណ៍សិន បើសិនក្នុងរយៈពេលនៃបទឈប់បាញ់ សភាពការណ៍ល្អប្រសើរ គឺបងប្អូនភៀសសឹកមួយចំនួនអាចវិលត្រឡប់ទៅលំនៅដ្ឋានវិញបាន ដោយឡែកបងប្អូនមួយចំនួនទៀត យើងមិនទាន់អនុញ្ញាតឱ្យទៅនោះទេ ដោយសារពួកគាត់មានផ្ទះជាប់នឹងបណ្តោយព្រំដែនក៏ដូចជាប់សមរភូមិប្រយុទ្ធ»។
បើតាមការមិនទាន់ឱ្យប្រជាពលរដ្ឋភៀសសឹកបានវិលត្រឡប់ទៅលំនៅដ្ឋានវិញ គឺរង់ចាំអាជ្ញាធរមូលដ្ឋានចុះពិនិត្យមើលសិន ថាតើតំបន់ណាដែលយើងអនុញ្ញាតឱ្យទៅ និងតំបន់ណាដែលមិនទាន់ អនុញ្ញាតឱ្យទៅ ដោយសារទាក់ទងនឹងយុទ្ធភណ្ឌមិនទាន់ផ្ទុះនៅតាមមូលដ្ឋានរបស់ពួកគាត់ ដូច្នេះការអនុញ្ញាត ឬមិនអនុញ្ញាតឱ្យទៅលំនៅដ្ឋានវិញ គឺអាស្រ័យលើការពិនិត្យរបស់អាជ្ញាធរសិន ពិសេសអង្គភាពស៊ីម៉ាក់៕

