ព្រះវិហារ៖នាព្រឹកថ្ងៃ ទី០៨ មករា ២០២៦ ឯកឧត្តម គីម រិទ្ធី អភិបាលខេត្តព្រះវិហារបានអញ្ជើញបើកការដ្ឋានគម្រោងស្ថាបនាផ្លូវជុំវិញបឹងស្រះឈូកនេះ នឹងក្លាយជាសមិទ្ធផលថ្មីមួយទៀតរបស់រដ្ឋបាលខេត្ត ដែលមានការគាំទ្រពីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ និងក្រសួងធនធានទឹក និងឧតុនិយមស្ថិតនៅសង្កាត់កំពង់ប្រណាក ក្រុងព្រះវិហារ ខេត្តព្រះវិហារ។
គម្រោងនេះមានគោលដៅប្រែក្លាយតំបន់នេះឱ្យទៅជាទីកន្លែងដែលមានសណ្តាប់ធ្នាប់ របៀបរៀបរយ និងសោភ័ណភាពស្រស់បំព្រង ដើម្បីបម្រើឱ្យវិស័យទេសចរណ៍ក្នុងក្រុង បន្ថែមពីនេះ វានឹងក្លាយជាកន្លែងសាធារណៈសម្រាប់បងប្អូនប្រជាពលរដ្ឋមកហាត់ប្រាណ ដើរកម្សាន្ត និងសម្រាកលំហែកាយស្រូបយកខ្យល់អាកាសបរិសុទ្ធ។
ក្នុងឱកាសនោះ ឯកឧត្តមអភិបាលខេត្ត បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ ឯកឧត្តម សាយ សំអាល់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ដែលបានគាំទ្រការផលិតប្លង់មេ(Master plan) និងគាំទ្រការអភិវឌ្ឍតំបន់នេះ និងសូមថ្លែងអំណរគុណចំពោះ ឯកឧត្តម ថោ ជេដ្ឋា រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម ដែលបានផ្តល់ការគាំទ្រដោយអនុញ្ញាតឱ្យខ្ចីប្រើប្រាស់គ្រឿងចក្រ (Excavator) ដើម្បីជួយសម្រួលដល់ដំណើរការសាងសង់ឱ្យកាន់តែឆាប់រហ័ស។
ឯកឧត្តម បានបញ្ជាក់បន្ថែមថា ការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធរូបវន្ត គឺជាអាទិភាពចម្បងដែលរាជរដ្ឋាភិបាល ក៏ដូចជារដ្ឋបាលខេត្ត តែងតែយកចិត្តទុកដាក់ខ្ពស់ ដើម្បីបម្រើផលប្រយោជន៍សាធារណៈ និងលើកកម្ពស់កម្រិតជីវភាពរបស់ប្រជាពលរដ្ឋជាមូលដ្ឋាន៕

