ឯកឧត្ដម គីម រិទ្ធី អញ្ជើញសម្ពោធដាក់ឱ្យប្រើប្រាស់អគារសិក្សាថ្មី នៅអនុវិទ្យាល័យទួលព្រៃភ្ញៀវ ក្នុងស្រុកគូលែន ខេត្តព្រះវិហារ

ព្រះវិហារ៖ នាព្រឹកថ្ងៃទី២០ ខែមករា ឆ្នាំ២០២៦ ឯកឧត្ដម គីម រិទ្ធី អភិបាលនៃគណៈអភិបាលខេត្តព្រះវិហារ បានអញ្ជើញជាអធិបតីក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការនូវអគារសិក្សា ១ខ្នង មាន ៦បន្ទប់ នៅអនុវិទ្យាល័យទួលព្រៃភ្ញៀវ ស្ថិតក្នុងឃុំស្រយង់ ស្រុកគូលែន ព្រះវិហារ។  ​អគារសិក្សាថ្មីនេះឧបត្ថម្ភដោយ អង្គការសម្រេចសុបិនកុមារកម្ពុជា ដើម្បីជួយសម្រួលដល់ការសិក្សារបស់ក្មួយៗសិស្សានុសិស្សក្នុងមូលដ្ឋានឱ្យកាន់តែប្រសើរឡើង។

​ក្នុងពិធីនេះក៏មានការអញ្ជើញចូលរួមពីសំណាក់ ថ្នាក់ដឹកនាំមន្ទីរ-អង្គភាពជុំវិញខេត្ត អង្គការដៃគូអភិវឌ្ឍន៍ អាជ្ញាធរមូលដ្ឋាន លោកគ្រូអ្នកគ្រូ សិស្សានុសិស្ស និងបងប្អូនប្រជាពលរដ្ឋយ៉ាងច្រើនកុះករ។

ឯកឧត្តម គីម រិទ្ធី អភិបាលខេត្តព្រះវិហារ ថ្លែងថា អគារសិក្សាថ្មីនេះ គឺជាអំណោយដ៏ថ្លៃថ្លារបស់អង្គការសម្រេចសុបិនកុមារកម្ពុជា និងសប្បុរសជន ដែលបានរួមចំណែកយ៉ាងសកម្មក្នុងការលើកកម្ពស់វិស័យអប់រំនៅកម្ពុជា និងបានវាយតម្លៃខ្ពស់ចំពោះទឹកចិត្តសប្បុរសធម៌ និងកិច្ចសហការល្អរវាងអង្គការ និងរដ្ឋបាលខេត្ត ដែលតែងតែយកចិត្តទុកដាក់លើការបណ្តុះបណ្តាលធនធានមនុស្ស។

ឯកឧត្តមអភិបាលខេត្ត បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ អង្គការសម្រេចសុបិនកុមារកម្ពុជា ជាពិសេស លោក Marc Thomas Jenni និងលោក Roland Braendi  ដែលបានចំណាយធនធាន ដើម្បីជួយកសាងអនាគតដល់កុមារនៅតំបន់ដាច់ស្រយាល។

លោក Marc Thomas Jenni និងលោក Roland Braendi   ក៏បានសម្តែងនូវក្តីរំភើបសប្បាយរីករាយ ដែលបានឃើញស្នាមញញឹមរបស់កុមារៗ និងបានសន្យាថានឹងបន្តកិច្ចសហការជាមួយរដ្ឋបាលខេត្ត ដើម្បីជួយគាំទ្រដល់វិស័យអប់រំ និងការអភិវឌ្ឍសហគមន៍បន្ថែមទៀតនាពេលអនាគត៕

 

 

Leave a Reply

Your email address will not be published. Required fields are marked *